ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ រៀបចំ​ព្រឹត្តិការណ៍ សំដែង​សិល្បៈ​រាំ​បែប​ថ្មី​ទំនើប​

ភ្នំពេញ: ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ​និង​កំពុងដំណើរការ​កម្មវិធី “​ដើមឈើ​សុ​បិ​ន្ត​នៃ​វប្បធម៌​សំរាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ (Cultural Dream Tree In Developing Country)” នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី ២០ ខែវិច្ឆិកា  ឆ្នាំ​២០១៥​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃទី​១៩​ខែវិច្ឆិកា​នេះ បាន​ឲ្យ​ដឹងថា តាមរយៈ​កម្មវិធី​នេះ ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ សហការ​ជាមួយ​សកល​វិទ្យាល័យ​សិល្បៈ​កូរ៉េ (Korea National University of Arts) បានផ្តល់​ជំនួយ​ខាង​ផ្នែក​សិល្បៈ​ដល់​សិស្សានុសិស្ស​ជាច្រើន​ប្រទេស រួមទាំង​កម្ពុជា​ផងដែរ​។ នៅក្នុង​ឆ្នាំនេះ ក៏​ដូច​ឆ្នាំមុន​ដែរ សកល​វិទ្យាល័យ​សិល្បៈ​កូរ៉េ បានមក​បំពេញបេសកកម្ម​បណ្តុះបណ្តាល​រយៈពេល​ខ្លី​លើ​ផ្នែក​របាំ រាំ ជាមួយ​សិស្ស​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​របស់​កម្ពុជា​។​

​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង ១ រសៀល នឹងមាន​រៀបចំ​ព្រឹត្តិការណ៍ ”​សំដែង​សិល្បៈ​រាំ​បែប​ថ្មី​ទំនើប​” ដែល​ប្រារព្ធ​ធ្វើ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​៕​