​ឃាត់ខ្លួន សមាជិក​ក្រុមប្រឹក្សា គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ វាយ​អ្នកលក់​លត​ឆា​រងរបួស​

បន្ទាយមានជ័យ:  ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​ថា កាលពី​យប់មិញ កម្លាំង​នគរបាល​របស់លោក បាន​ឃាត់ខ្លួន សមាជិក​ក្រុមប្រឹក្សា ស្រុក​ថ្មពួក​ម្នាក់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​ការប្រើ​អំពើហិង្សា វាយ​អ្នកលក់​លត​ឆា នៅក្នុង​វត្ត ពោធិ​វាល​ថ្មពួក នៅ​ភូមិ​អ្នកតា ឃុំ​ថ្មពួក ស្រុក​ថ្មពួក ។​

​លោកស្នងការ បាន​ឲ្យ​ដឹងថា ជនបង្ក​របួសស្នាម ឈ្មោះ ហឿន ឡាំ អាយុ​៣៧​ឆ្នាំ រស់នៅ ភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក សមាជិក​ក្រុមប្រឹក្សា ស្រុក​ថ្មពួក មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។ រីឯ​ជនរងគ្រោះ​ឈ្មោះ គង់ សារិទ្ធ អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​សូមបញ្ជាក់ថា ថា​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ បាន​ដង្ហែ​អង្គ​កឋិនទាន ចេញពី​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត ឆ្ពោះទៅ​វត្ត​ពោធិ​វាល​ថ្មពួក ស្រុក​ថ្មពួក​។ លុះ​នៅវេលា​ម៉ោង ប្រមាណ​៨​និង​៣០​នាទី ខណ​:​ជនរងគ្រោះ កំពុង​លក់​លត​ឆា នៅក្បែរ​វត្ត ស្រាប់តែ ជនសង្ស័យ បាន​បញ្ជា​ឲ្យ​ទៅ​លក់ នៅ​ខាង​ជើងវត្ត​វិញ​។ តែ​ជនរងគ្រោះ ឆ្លើយថា ហេតុ​អី​មក​ដេញ​តែ​ខ្ញុំ ចុះ​អ្នក​ផ្សេងទៀត ហេតុ​អី មិន​ដេញ​ផង​។ ភ្លាមៗ​នោះ ជនសង្ស័យ បាន​ស្ទុះ​មក​វាយ ជនរងគ្រោះ​ចំ​ផ្ទៃមុខ ហើយ​ជនរងគ្រោះ ក៏​តបត តែ​ត្រូវបាន​បក្ខពួក ជនបង្ក មកជួយ​ចាប់​ក្រៀក ជនរងគ្រោះ​ថែមទៀត ។​

​បើទោះបី​ជនបង្ក​ជា​អ្នក​កាន់ គណបក្សនយោបាយ ណាក៏ដោយ ប៉ុន្តែ ត្រូវ​ប្រឈមមុខ​ច្បាប់ ក្រោយ​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ ហើយ​នៅពេលនេះ លោក​បាន​សុំ​គោលការណ៍ ពី​តំណាង​អយ្យការ ដើម្បី​តាម​ចាប់​បក្ខពួក​ជនបង្ក ដែល​កំ​ពុង​រត់គេចខ្លួន យកមក​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕V​

​ឃាត់ខ្លួន សមាជិក​ក្រុមប្រឹក្សា គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ វាយ​អ្នកលក់​លត​ឆា​រងរបួស​