ការ​ប្រគំតន្ត្រី​​ជួយ​​​ក្រុម​​គ្រួសារ​លោក ស៊ីន ស៊ីសាមុត ទទួល​បាន​ជាង​១០ម៉ឺន ដុល្លារ


ការ​ប្រគំតន្ត្រី​​ជួយ​​​ក្រុម​​គ្រួសារ​លោក ស៊ីន ស៊ីសាមុត ទទួល​បាន​ជាង​១០ម៉ឺន ដុល្លារ

ការ​ប្រគំតន្ត្រី “ពេលវេលា​ដែល​ត្រូវ​តប​ស្នង” ដើម្បី​ស្វែង​រក​ប្រាក់​ជួយ​ដល់​គ្រួសារ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត ក៏​ដូច​ជា​សមាគម​សិល្បករ​ខ្មែរ មន្ទីរ​ពេទ្យ​គន្ធបុប្ផា និង មន្ទីរ​ពេទ្យ​ព្រះអង្គឌួង ដែល​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥កន្លង​ទៅ នៅ​សាល​មហោស្រព​កោះពេជ្រ ទទួល​បាន​ទឹក​ប្រាក់​​​សរុប​​ចំនួន​១០៧,៣៥៥.៤៥ ដុល្លារ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​​​ក្រសួងពាណិជ្ជកម្ម ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​មិញ។
ការ​ប្រគំតន្ត្រី​​ជួយ​​​ក្រុម​​គ្រួសារ​លោក ស៊ីន ស៊ីសាមុត ទទួល​បាន​ជាង​១០ម៉ឺន ដុល្លារ

 

 

ទឹក​ប្រាក់​​​សរុប​ចំនួន​១០៧,៣៥៥.៤៥ ដុល្លារ​នេះ រដ្ឋមន្ត្រី​​​ក្រសួងពាណិជ្ជកម្ម បាន​ត្រូវ​បាន​បែង​ចែក​ដូច​ខាង​ក្រោម៖

 

 

១/ ក្រុម​គ្រួសារ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត ទទួល​បាន​៥០%​នៃ​ថវិកា​សរុប ស្មើ​និង ៥៣,៦៧៧.៥៣ ដុល្លារ។
២/ បរិច្ចាគ​ទៅ មន្ទីរពេទ្យ​គន្ធបុប្ផា ចំនួន ២១,៤៧១.០៩ ដុល្លារ
៣/ បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ​ព្រះអង្គឌួង ចំនួន១០,៧៣៥.៥៥ ដុល្លារ
៤/ ក្រុម​គ្រួសារ​ រាជិនី​សំឡេង​មាស រស សេរីសុទ្ធា ចំនួន ៥,៣៦៧.៧៧ ដុល្លារ
៥/ សមាគម​សិល្បករ​ខ្មែរ​ចំនួន ១៦,១០៣.៣២ ដុល្លារ។

៦/ តម្កល់​នៅ​​ក្រសួង​វប្បធម៌​​​​​និង​វិចិត្រ​សិល្បៈ សម្រាប់​ជួយ​ដល់ សិល្បករ​សិល្បៈ​ការិនី​ដែល​ខ្វះ​ខាត​ចំនួន ៨,០០៣ ដុល្លារ ។

 

រដ្ឋមន្ត្រី​​​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ទឹក​ប្រាក់​ទាំង​អស់​ខាង​​លើ ជា​ការ​​ជួយ​ឧបត្ថម្ភ​ពី​​បណ្ដា​ក្រុមហ៊ុន​នានា​ដែល​បាន​ចូល​រួម  ហើយ​ក៏​មាន​ការ​លក់​អាវ​យឺត CD និង ការ​បរិច្ចាគ ពី​​មន្ត្រី​ធំៗ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​​ជា​ច្រើន ព្រម​ទាំង​​សប្បុរសជន​មួយ​ចំនួន​ទៀត។
ក្រុមហ៊ុន​សវនកម្ម​ឯករាជ្យPrice Water house Coopers​ គឺ​ជា​អ្នក​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ចំណូល​ចំណាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​រៃអង្គាស​ថវិកា​សប្បុរសធម៌​នេះ។ ឯកឧត្ដម​បញ្ជាក់​ថា ថវិកា​​​ទាំង​អស់​មិន​បាត់​បង់ ឬ​ចាយ​​ខុស​ផ្ទង់​នោះ​ឡើយ ។
ការ​ប្រគំតន្ត្រី​​ជួយ​​​ក្រុម​​គ្រួសារ​លោក ស៊ីន ស៊ីសាមុត ទទួល​បាន​ជាង​១០ម៉ឺន ដុល្លារ

 

 

នេះ​ជា​លើក​ទី១ហើយ​ដែល  ក្រសួង​វប្បធម៌​​​​​ និង​វិចិត្រ​សិល្បៈ រួម​ជាមួយ​​ក្រសួងពាណិជ្ជកម្ម ​រៀបចំ​កម្មវិធី​នេះ​ឡើង។ ដោយ​ឡែក​សិល្បករ​-សិល្ប​ការិនី​​​ ដែល​បាន​ចូល​រួម​​សម្ដែង​ និង​​ច្រៀង​ក្នុង​កម្មវិធី​ខាង​លើមាន​ដូច​ជា លោក ស៊ីន សេដ្ឋកុល ចៅ​ប្រុស​របស់​លោក​ ស៊ីន ស៊ីសាមុត និង​ជា​សមាជិក​ក្រុម​តន្ត្រី​ដ្រាក្កា។ អ្នក​ស្រី ឌី សាវ៉េត, លោកតា​កោសល្យ​វោហារ គង់ ណៃ , អ្នក​ស្រី ហ៊ឹម ស៊ីវន, លោក អៀង ស៊ីធុល, អ្នក​នាង​ម៉េង កែវពេជ្ជតា, លោក​ សុះ ម៉ាច, ប្ដីប្រពន្ធ អ៊ុក ណារីម,  នាយ ប្លាកទីន, កញ្ញា ឡូរ៉ា ម៉ម , លោក រ័ត្ន មករា  និង​​ជយលាភី Cambodian Idol  នី រតនា ជា​ដើម។ សិល្បករ- ​សិល្ប​ការិនី​ទាំង​អស់​​ដែល​បាន​រៀប​ឈ្មោះ​ខាង​លើ ​ក៏​ទទួល​បាន​ថវិកា លើក​ទឹក​ចិត្ត​មួយ​ចំនួន​ពី​កម្មវិធី​នេះ​ផង​ដែរ៕
អត្ថបទ៖ ខុត សីហា