អតីត​កីឡាការិនី​គុន​ដាវ​អេហ្សីប ទទួល​បាន​ជ័យលាភី «ស្ដ្រីនិង​កីឡា​អូឡាំពិក​២០១៥»


អតីត​កីឡាការិនី​គុន​ដាវ​អេហ្សីប ទទួល​បាន​ជ័យលាភី «ស្ដ្រីនិង​កីឡា​អូឡាំពិក​២០១៥»

​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកាកន្លងទៅ ​គណៈ​កម្មាធិការ​អូឡាំពិក​អន្ដរជាតិ​បាន​ប្រគល់​ពាន​រង្វាន់​ជ័យ​លាភី​ «ស្រ្តី​និង​កីឡា​ឆ្នាំ២០១៥» ដល់​កីឡាការិនី​ជា​ច្រើន​រូប ដែល​ក្នុង​ចំណោម​​នោះ​ក៏​បាន​ប្រគល់​ជូន​អ្នក​ស្រី Mervat Hassan ជន​ជាតិ​អេហ្សីប ដែល​មាន​បទ​ពិសោធ​ក្នុង​កីឡា​គុនដាវ​អស់​រយៈពេល​៤០​ឆ្នាំ​មក​ហើយ ។
 
អតីត​កីឡាការិនី​គុន​ដាវ​អេហ្សីប ទទួល​បាន​ជ័យលាភី «ស្ដ្រីនិង​កីឡា​អូឡាំពិក​២០១៥»
 
រៀង​រាល់​ឆ្នាំ ពាន​រង្វាន់​ជ័យ​លាភី​ស្រ្តី​និង​កីឡា​ត្រូវ​បាន​ប្រគល់​ជូន​ដល់​អ្នក​កីឡា​តំណាង​មក​ពី​ទ្វីប​ទាំង​៥ និង​១​រូប​តំណាង​អន្ដរជាតិ។ ដោយ​ឡែក​ឆ្នាំ​នេះ អ្នក​ទទួល​បាន​ពាន​រង្វាន់​នេះ មាន​ដូច​ខាង​ក្រោម៖
 
ប្រទេសដែលឈ្នះពានពិភពលោក៖  បាន​ទៅ​លើ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​ណូវែល​ហ្សេ​ឡង់ ដោយ​ប្រទេស​បាន​ធ្វើការ​ផ្លាស់​ប្ដូរ និង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​គេ​ក្នុង​ការ​ធានា​ឲ្យស្ដ្រី​ដើរ​តួនាទី​សំខាន់​ក្នុង​វិស័យ​កីឡា ទាំង​ការ​ចូល​ប្រកួត​ជា​អត្ត​ពលិក ក៏​ដូច​ជា​មន្រ្តី​ទ្រទ្រង់​ការងារ​ក្នុង​វិស័យ​នេះ ។ ជា​ពិសេស​បាន​បង្កើន​ចំនួន​ស្ដ្រី​ធ្វើ​ជា​តំណាង​ឲ្យ​ប្រទេស​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ការ​ផ្តល់​អំណាច​សម្រេច​ចិត្ត និង​បាន​ផ្តល់​ឱកាស​ឲ្យ​ស្ត្រី​ដឹកនាំ​ស្ថាប័ន មិន​ត្រឹម​តែ​តំណែង​ក្នុង​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​ណូវែលហ្សេឡង់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ឲ្យ​ដឹកនាំ​ស្ថាប័ន​កីឡា​នានា​ក្នុង​ប្រទេស​ថែម​ទៀត​ផង។
 
ជ័យ​លាភី​សម្រាប់​ទ្វីប​អាហ្វ្រិក៖  បាន​ទៅ​អ្នក​ស្រី Mervat Hassan ជន​ជាតិ​អេហ្ស៉ីប មាន​បទ​ពិសោធ​៤០​ឆ្នាំ​ក្នុង​វិស័យ​កីឡា​គុន​ដាវ និង​ជា​សមាជិក​គណៈ​កម្មការ​ជាន់​ខ្ពស់​ដើម្បី​ជំរុញ​សកម្មភាព​ស្រ្ដី​ក្នុង​វិស័យ​កីឡា ​នៃ​ប្រទេស​អេហ្ស៉ីប ហើយ​ក៏​មាន​តួនាទី​មួយ​ទៀត ជា​អ្នក​រាយការណ៍​ព័ត៌មាន នៃ​សហព័ន្ធ​ទូរទស្សន៍ និង​វិទ្យុ​អេហ្ស៉ីប និង​ទូរទស្សន៍​ប្រព័ន្ធ​ផ្កាយ​រណប ។
 
អតីត​កីឡាការិនី​គុន​ដាវ​អេហ្សីប ទទួល​បាន​ជ័យលាភី «ស្ដ្រីនិង​កីឡា​អូឡាំពិក​២០១៥»
 
ជ័យ​លាភី​សម្រាប់​ទ្វីប​អាមេរិក៖ បាន​ទៅ​អ្នក​ស្រី Sara Rosario ជន​ជាតិ​ព័រតូរីកូ ប្រធាន​ប្រតិភូ​ដឹកនាំ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក ចំនួន​៥​ដង និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​ព័រតូរីកូ ។
 
ជ័យ​លាភី​សម្រាប់​ទ្វីប​អាស៊ី៖  បាន​ទៅ​អ្នកស្រី Shaika Hayat Bint Abdulaziz ជន​ជាតិ​បារ៉ែន ដែល​ជា​កីឡាការិនី​វាយ​កូន​ឃ្លី​លើ​តុ និង​កីឡា​បាស់​ទះ ហើយ​ជា​អនុ​ប្រធាន​កីឡា​វាយ​កូន​ឃ្លី​លើ​តុរ​បស់​សម្ព័ន្ធ​អារ៉ាប់ ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​បារ៉ែន និង​ជា​សមាជិក​ប្រតិបត្តិ​របស់​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​បារ៉ែន ។
 
ជ័យលាភីសម្រាប់ទ្វីបអឺរ៉ុប៖  បាន​ទៅ​អ្នក​ស្រី Stavroula Kozompoli ជនជាតិក្រិច​ម្ចាស់​មេដាយ​ប្រាក់​ទីក្រុង​អាតែន ២០០៤ ក្នុង​ប្រភេទ​កីឡា​ប៊ូលឡូ​លើ​ទឹក និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​រដូវ​រងារ​ក្រិច។
 
ជ័យ​លាភី​សម្រាប់​ទ្វីប​អូសេអានី៖ បាន​ទៅ​អ្នក​ស្រី Cathy Freeman ជន​ជាតិ​អូស្រ្ដាលី៑ ​ម្ចាស់​មេដាយ​ប្រាក់​អូឡាំពិក​ឆ្នាំ​១៩៩៦ និង២០០០ ក្នុង​វិញ្ញាសា​៤០០​ម៉ែត្រ និង​ស្ថាបនិក​មូល​និធិ Cathy Freeman (CFF)៕
 
ប្រភព៖ www.fie.org
បក​ប្រែ​ដោយ៖ សុខ អាង