អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​រឹបអូស​និង​កម្ទេច​កាប៊ីន​ឡាន​នាំ​ចូល​​​ខុស​ច្បាប់

មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ បាន​រឹបអូស និង​កម្ទេច​ចោល​នូវ​ក្បាល​រថយន្ត ឬ​កាប៊ីន​ឡាន​ប្រើ​រួច​ជាង ៥០​គ្រឿង ដែល​ក្រុមហ៊ុន​ខិលខូច​មួយ​ចំនួន​នាំ​ចូល​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា តាម​ច្រក​កំពង់ផែ​អន្តរជាតិ ស្ទឹងហាវ ក្នុង​ឆ្នាំ​២០១៥។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​មិន​ទាន់​មាន​ជំនឿ​ទៅ​លើ​យុទ្ធនាការ​ទប់ស្កាត់​ការ​នាំ​ចូល​កាប៊ីន​រថយន្ត​ចាស់ៗ របស់​មន្ត្រី​ស្ថាប័ន​គយ​ខេត្ត​ព្រះសីហនុ ថា​អាច​អនុវត្ត​មាន​ប្រសិទ្ធភាព​បាន​យូរ​អង្វែង​នោះ​ទេ។

ពិធី​កម្ទេច​ក្បាល​រថយន្ត ឬ​កាប៊ីន​ឡាន​ចាស់ៗ ដែល​មន្ត្រី​ស្ថាប័ន​សាខា​គយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ និង​មន្ត្រី​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ ចាប់​បាន​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន ៥២​គ្រឿង ហើយ​បាន​វាយកម្ទេច​បំផ្លាញ​ចោល​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែ​វិច្ឆិកា នា​បរិវេណ​កំពង់ផែ​អន្តរជាតិ​ស្ទឹងហាវ។

ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ស្ទឹងហាវ នៃ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ លោក លាង អួក បាន​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​នោះ​ថា ការ​ចាប់​កាប៊ីន​ឡាន ឬ​ក្បាល​រថយន្ត​ប្រើ​រួច​គ្រប់​ប្រភេទ​របស់​ស្ថាប័ន​គយ បាន​អនុវត្ត​តាម​ការ​ចង្អុល​បង្ហាញ ឬ​លិខិត​ណែនាំ​របស់​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចុះ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ស្ដី​អំពី​ការ​ផ្អាក​នាំចូល​ជា​បណ្ដោះអាសន្ន​នូវ​ក្បាល​រថយន្ត ឬ​កាប៊ីន​ប្រើ​រួច​គ្រប់​ប្រភេទ​ពី​ក្រៅ​ប្រទេស​ចូល​មក​កម្ពុជា។

លោក លាង អួក៖ «ការ​ចាប់​ក្បាល​ឡាន ឬ​កាប៊ីន​ប្រើ​រួច​នេះ គឺ​បាន​ចាប់​ផ្ដើម​តាំង​ពី​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ស្ទឹងហាវ មិន​ទាន់​ផ្លាស់​ចេញ​មក​ម្ល៉េះ។ ប៉ុន្តែ​ដល់​ពេល​ខ្ញុំ​បាន​មក​ដឹកនាំ​ទី​នេះ​ម្ដង ខ្ញុំ​ក៏​បាន​អនុវត្ត​ការងារ​នេះ​បន្ត និង​មិន​អនុញ្ញាត​ឲ្យ​ទំនិញ​ទាំង​នេះ​ចូល​មក​តាម​ច្រក​នេះ​ទៀត​ទេ ព្រោះ​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន»

ពិធី​កម្ទេច​ក្បាល​រថយន្ត​ប្រើ​រួច នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ក៏​មាន​ការ​ចូលរួម​ពី​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ មន្ត្រី​កាំកុងត្រូល តំណាង​កំពង់ផែ​អន្តរជាតិ​ស្ទឹងហាវ និង​តំណាង​ក្រុមហ៊ុន​ចំនួន ៤ ដែល​ជាប់​ពាក់ព័ន្ធ​ការ​នាំ​ចូល​កាប៊ីន​រថយន្ត​ចាស់ៗ​តាម​ច្រក​កំពង់ផែ​អន្តរជាតិ​ស្ទឹងហាវ កន្លង​មក។

ក្នុង​ឱកាស​នោះ លោក លាង អួក ដែល​ជា​អ្នកដឹកនាំ​ពិធី​កម្ទេច​កាប៊ីន​រថយន្ត បាន​ប្ដេជ្ញា​ថា នឹង​អនុវត្ត​តាម​សេចក្ដី​ជូន​ដំណឹង​ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចូល​ក្បាល​រថយន្ត​ប្រើ​រួច​គ្រប់​ប្រភេទ បន្ត​នាំចូល​តាម​ច្រក​កំពង់ផែ​អន្តរជាតិ​ស្ទឹងហាវ ទៀត​ទេ នៅ​ពេល​ខាង​មុខ។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​មិន​ទាន់​មាន​ជំនឿ ១០០​ភាគរយ​ថា ស្ថាប័ន​គយ និង​រដ្ឋាករ ប្រចាំការ​នៅ​តាម​កំពង់ផែ​ទាំង​រដ្ឋ និង​ឯកជន នា​ខេត្ត​ព្រះសីហនុ អាច​អនុវត្ត​មាន​ប្រសិទ្ធភាព​បាន​យូរ​អង្វែង​នោះ​ទេ។ បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជួយ​តាមដាន​សកម្មភាព​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ឲ្យ​បានជា​ប្រចាំ។

យ៉ាង​ណា​ក៏ដោយ​ចុះ​លិខិត​ចុះ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ មាន​ចុះ​ហត្ថលេខា និង​បោះត្រា លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន និង​រដ្ឋាករ​កម្ពុជា បាន​ជម្រាប​ដល់​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​សាខា ការិយាល័យ​គយ និង​រដ្ឋាករ​ទាំង​អស់ ស្ដីពី​ការ​ផ្អាក​នាំ​ចូល​ជា​បណ្ដោះអាសន្ន​នូវ​ក្បាល​រថយន្ត​ប្រើ​រួច​គ្រប់​ប្រភេទ ហើយ​ត្រូវ​សហការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។

​លិខិត​ដដែល​បាន​កត់សម្គាល់​ថា កន្លង​មក​មាន​ការ​នាំ​ចូល​នូវ​គ្រឿង​បន្លាស់​រថយន្ត​ប្រើ​រួច​គ្រប់​ប្រភេទ អាច​យក​មក​ផ្សារ​ដំឡើង​វិញ​ក្នុង​ស្រុក​មាន​ដូចជា ប្រភេទ​រថយន្ត​ទេសចរណ៍ រថយន្ត​ដឹក​អ្នក​ដំណើរ ជាពិសេស​រថយន្ត​ដឹក​ទំនិញ ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព និង​សុវត្ថិភាព​របស់​អ្នក​ធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ ឬ​ធ្វើ​ឲ្យ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ជាដើម។ ដូច្នេះ​ដើម្បី​រួម​ចំណែក​ទប់ស្កាត់​បច្ច័យ​អាក្រក់​នានា ដែល​អាច​នឹង​កើត​មាន​ឡើង អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​សម្រេច​ផ្អាក​ការ​នាំ​ចូល​ជា​បណ្ដោះអាសន្ន​នូវ​ក្បាល​រថយន្ត​ប្រើ​រួច​គ្រប់​ប្រភេទ ដើម្បី​ចៀសវាង​ការ​យក​មក​កាត់​ត​ដំឡើង​ខុស​បច្ចេកទេស ជាពិសេស​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

​ត្រង់​ចំណុច​នេះ លោក​បណ្ឌិត គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​តម្រូវ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ទាំង​អស់​ត្រូវ​រួម​សហការ​គ្នា​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់​ពី​ខែ​មីនា ឆ្នាំ​២០១៥ ត​ទៅ រហូត​ដល់​មាន​ការ​សម្រេច​ជា​ថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។