លោក ខាត់ សារ៉ាត់ មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​បាវិត ខំប្រឹង​ស្រង់ដើម​យ៉ាង​គឃ្លើន​

ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា​ដើម្បី​ទទួលបាន​តំណែង​ជា​មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​បាវិត លោក ខាត់ សារ៉ាត់ ប្រហែល​ចំណាយ​ប្រាក់​មិនតិច​នោះទេ​។ ហេតុនេះហើយ​ទើប​បច្ចុប្បន្ន​លោក ខាត់ សារ៉ាត់ កំពុង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ស្រង់ដើម​វិញ​តាម​គ្រប់​រូបភាព ដោយមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ផងដែរ​។ សូម្បីតែ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​ឆ្លងកាត់​ច្រក​អន្តរជាតិ​បាវិត សុទ្ធតែ​ត្រូវ​លោក ខាត់ សារ៉ាត់ និង​បក្ខពួក​កំណត់​ឲ្យ​បង់លុយ​ទៅតាម​ល្បិចកល​អាក្រក់​របស់​ពួកគេ​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​លោក ខាត់ សារ៉ាត់ និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​តាម​អំពើ​ចិត្ត​របស់ខ្លួន ហើយ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ឆ្លងកាត់​ច្រក​អន្តរជាតិ​បាវិត ក៏​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ខាត់ សារ៉ាត់ និង​បក្ខពួក​ដែរ​។ ឥឡូវនេះ​ករណី​លោក ខាត់ សារ៉ាត់ ជំរិត​យកលុយ​ពី​ភ្ញៀវទេសចរ​និង​អ្នកជំងឺ​ឆ្លងដែន​ទៅ​ប្រទេស​យួន កំពុង​ទទួលរង​នូវ​ការរិះគន់​យ៉ាងខ្លាំង ហើយ​រឿងអាស្រូវ​ទាំងឡាយ​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។ ក្នុងនោះ​ការ​កោសរូស​ឲ្យ​ភ្ញៀវទេសចរ​បង់ថ្លៃ​បាយ និង​ការកំណត់​ឲ្យ​ឈ្មួញ​បង់លុយ​ក្បាល​រថយន្ត​ដឹកជញ្ជូន​ទំនិញ គឺជា​អំពើពុករលួយ​ដ៏​ធំ​របស់លោក ខាត់ សារ៉ាត់ ដែល​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​នោះទេ​។

​ថ្មីៗ​នេះ​ភ្ញៀវទេសចរ​ឆ្លងកាត់​ច្រក​អន្តរជាតិ​បាវិត​-​ម៉ុក​បាយ បាន​សម្តែង​នូវ​ការ​អាក់អន់ចិត្ត​យ៉ាងខ្លាំង​ដោយសារ​នគរបាល​អន្តោ​ប្រវេសន៍​ក្រោម​ការគ្រប់គ្រង​របស់លោក ខាត់ សារ៉ាត់ បង្ក​ឲ្យ​ការលំបាក​សព្វបែបយ៉ាង​ដល់​ពួកគេ​។ ផ្ទុយទៅវិញ​នគរបាល​អន្តោប្រវេសន៍​ច្រក​បាវិត បែរជា​ធូររលុង​ក្នុងការ​បើកដៃ​ឲ្យ​ជនជាតិ​យួន​ឆ្លងដែន​ចូលមក​ធ្វើការ​ក្នុង​កាស៊ីណូ​លើ​ទឹកដី​ខ្មែរ និង​សម្រួល​ដល់​ឈ្មួញ​ទុច្ចរិត​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ​តាម​រថយន្តក្រុង​ឆ្លងកាត់​ច្រកព្រំដែន ដើម្បី​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ រឿងអាស្រូវ​ពុករលួយ​របស់លោក ខាត់ សារ៉ាត់ មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​បាវិត នៅមាន​ជាច្រើន​រូបភាព​ទៀត​ដែល​យើង​នឹង​លើក​យកមក​ចុះផ្សាយ​ជូន​ប្រិយមិត្ត​អ្នកអាន​ជា​បន្តបន្ទាប់​៕

khatsarat_w1លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិបាវិត31