​មេទាហាន​ការពារ​ព្រំដែន​គោក​៣០១ អេង ឃាង ត្រូវ​កូនចៅ​ប្ដឹង​ពីបទ​ពុករលួយ​

​ប្រភពព័ត៌មាន​ពី​យោធា​ការពារ​ព្រំដែន​គោក​លេខ​៣០១ បាន​រាយការណ៍​មក​ថា លោក​វរសេនីយ៍ឯក អេង ឃាង អត្ដ​លេខ​០២៩២២១ ជា​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣០១ នៅ​ខេត្តតាកែវ បាន​ប្រ​ព្រឹ​ត្ដ​អំពើ ពុករលួយ អសកម្ម​ក្នុងការ​បំពេញការងារ ហើយ​បង្ក​សតិអារម្មណ៍​មិនល្អ​ដល់​ជួរ​កងទ័ព​ក្នុង​អង្គភាព​របស់ខ្លួន ។ បើទោះជា​លោក អេង ឃាង មិនបាន​ឆ្លើយបំភ្លឺ​ចំពោះ​ការចោទប្រកាន់​ខាងលើនេះ​ក្តី​ក៏​ទាហាន​បម្រើ​ការងារ​នៅ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣០១​បញ្ជាក់ថា​ពួកគាត់​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់លោក អេង ឃាង ឡើយ​។​

​បើតាម​សេចក្ដីរាយការណ៍​បានឱ្យដឹងថា ថវិកា​អន្ដរាគមន៍​៣០​លាន​រៀល ថវិកា​កងទ័ព​យួន​ផ្ដល់ឱ្យ​អង្គភាព និង​រថយន្ដ​មួយគ្រឿង​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ជា​អំណោយ​របស់​ឧកញ៉ា លី យ៉ុង​ផាត់ ត្រូវបាន​លោក អេង ឃាង និង​បក្ខពួក​យកទៅ​ចាយវាយ​ព្រមទាំង​ប្រើប្រាស់​ក្នុង​លក្ខណៈ ឯកជន​យ៉ាង​អនាធិបតេយ្យ​បង្ក​ការក្តៅក្រហាយ​ដល់​ទាហាន​ក្នុង​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣០១ ។ ប្រភព​ដែល​បាន​បញ្ជាក់ថា ក្នុងការ​ដឹកនាំ​ការងារ​របស់ លោក អេង ឃាង មិនបាន​ចាត់ទុក​ការងារ​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ឱ្យ​ជា​ស្នូល​នោះទេ គឺ​បែរជា​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ​គាបសង្កត់​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​ជាពិសេស​បង្ខំ​ឱ្យ​កូនចៅ​ក្រោម​ឱវាទ​រកប្រាក់​ឱ្យ​ខ្លួន ។​

​ចំពោះមុខ​បញ្ហា​នេះ នាយទាហាន នាយទាហានរង និង​ពលទាហាន​នៅ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣០១ បានស្នើ​ឱ្យ​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ពិនិត្យ​រឿងនេះ​ឡើងវិញ​។ គួរ​បញ្ជាក់ថា​មេទាហាន​ការពារ​ព្រំដែន​គោក​៣០១ ឈរជើង​នៅលើ​ទឹកដី​ខេត្តតាកែវ លោក អេង ឃាង មិន​ត្រឹមតែ​ត្រូវ​កូនចៅ​ប្ដឹង​ពីបទ​ពុករលួយ តែ​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ប​ន្ទា​យ​រិះគន់ថា​លោក អេង ឃាង និង​មន្ត្រីក្រោមឱវាទ​មិនសូវ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ចូលរួម​ជាមួយ​សមត្ថកិច្ច​ជំនាញ​ក្នុង​ការចូលរួម​ទប់ស្កាត់​បទល្មើស​នានា និង​អំពើ​អសកម្ម​នានា​ដែល​បាន​កើតឡើង​ក្នុង​មូលដ្ឋាន​នោះឡើយ​៕

12226317_571685042983203_1859358217_n-187x300