ថៃ​ព្រមព្រៀង​លើ​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ជាមួយ​ចិន

ប្រទេស​ថៃ ៖ គណៈរដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃ​អង្គារ បាន​អនុម័ត​លើ​សេចក្តី​ព្រាង​នៃ​គម្រោង​កិច្ច​សហប្រតិបត្តិការ​ផែន ការ​អភិវឌ្ឍន៍​ផ្លូវដែក​រវាង​ព្រះរាជា ណា​ចក្រ​ថៃ និង​ប្រទេស​ចិន ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក Sansern Kaewkamnerd បាន​មាន​ប្រសាសន៍​ថា ៖ «​គម្រោង​សេចក្តី​ព្រាង​បាន​គ្របដណ្តប់​លើ​ការ​សាងសង់​ផ្លូវដែក ដែល​មាន​កម្រិត​ស្តង់ដា​១,៤៣៥​ម៉ែត្រ​លើ​បណ្តាញ​ផ្លូវ​ចំនួន​២​ខ្សែ ក្នុង​នោះ​មាន​បណ្តាញ​ផ្លូវ Nong Khai-Nakhon  Ratchasima-Kaeng Khoi និង Bangkok-Kaeng Khoi –Map Ta Phut ។ ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ​នឹង​មាន​ប្រវែង​៨៦៧​គីឡូម៉ែត្រ ហើយ​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា​៣៥០​ប៊ី​លាន​បាត​» ។

ក្នុង​ការ​ដំណើរការ​គម្រោង​នេះ ត្រូវ​ពឹងផ្អែក​លើ​វិស្វកម្ម​ម៉ូ​ដែល​សំណង់​ពេញ​និយម​របស់​ថៃ​ជា​ម្ចាស់​គម្រោង ខណៈ​ចិន​ជា​អ្នក​រចនា​ម៉ូ​ដ​ផ្គត់ផ្គង់ លើ​ការ​សាងសង់​ប្រព័ន្ធ​ផ្លូវដែក និង​ផ្គត់ផ្គង់​លើ​សម្ភារ​បរិក្ខារ ជាដើម ។

ចិន​នឹង​ទទួលខុសត្រូវ​លើ​ការ​សាងសង់​ប្រកប​ទៅ​ដោយ​បច្ចេកវិទ្យា​ខ្ពស់​ដូច​ជា ផ្លូវ​រូង​ក្នុង​ដី ស្ពាន និង​កំណាត់​ដែក​សម្រាប់​ផ្លូវ​រថភ្លើង ។

រីឯ​ថៃ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ការ​ប៉ាន់​ប្រមាណ​នៃ​ផល​ប៉ះពាល់​ដល់​បរិស្ថាន ការងារ​ស៊ី​វិល ការ​ធ្វើ​អស្សាមិក​រណ៍​នៃ​ដីធ្លី ការ​ផ្គត់ផ្គង់​អគ្គិសនី និង​បរិក្ខារ​ដែល​ជួយ​គាំទ្រ​ដល់​ការ​សាងសង់ ។

ចំណែក​មូលនិធិ​នឹង​ត្រូវ​ប្រមូល​ពី​ប្រភព​មួយ​ចំនួន​ដូច​ជា ថវិកា​សារពើពន្ធ ឬ​ពន្ធ​អាករ កម្ចី​ពី​បណ្តា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុងស្រុក និង​ឥណទាន​បរទេស​ជាដើម ជា​ពិសេស ទទួល​បាន​ពី​ធនាគារ​អាហរ័ណ​-​នីហរ័ណ​ចិន ប៉ុន្តែ​ស្ថិត​នៅ​លើ​លក្ខខណ្ឌ​នៃ​អត្រា​ការ​ប្រាក់​កម្ចី ដែល​មិន​លើស​ពី​ការ​ប្រាក់​ក្នុងស្រុក​ឡើយ ។

ប្រតិបត្តិការ និង​ការងារ​ថែទាំ​ផ្លូវដែក​នេះ ត្រូវ​បែងចែក​ជា​៣​ដំណាក់កាល ហើយ​ចិន​ជា​អ្នក​ទទួលខុសត្រូវ​ទាំងស្រុង​ក្នុងអំឡុងពេល​៣​ឆ្នាំ​ដំបូង បន្ទាប់​ពី​ការ​បញ្ចប់​គម្រោង​។ លើស​ពី​នេះ​ទៀត ចិន​នឹង​ធ្វើការ​ហ្វឹកហ្វឺន​ដល់​មន្ត្រី​ប្រតិបត្តិ​របស់​ថៃ ។ គម្រោង​នេះ​មាន​រយៈពេល​៥​ឆ្នាំ ហើយ​ក៏​អាច​ពង្រីក​បន្ថែម​ទៀត​បាន ប្រសិនបើ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​មានការ​ព្រមព្រៀង​គ្នា ។

រដ្ឋមន្ត្រី​ផ្នែក​ដឹក​ជញ្ជូន​ថៃ លោក Arkhom Termpittayapaisith បាន​ប្រាប់​ទៅ​គណៈរដ្ឋមន្ត្រី​ថា ៖ «​គម្រោង​ក្នុង​កិច្ច​សហប្រតិបត្តិការ គឺជា​ជំហាន​ផ្សេង​ទៀត​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​នេះ​» ។

គេ​បាន​កំណត់​យក​ថ្ងៃ​ទី​១៩ ធ្នូ ខាង​មុខ​នេះ សម្រាប់​ចាត់​ពិធី​បញ្ចុះ​បឋមសិលា​ក្រាល​ថ្ម​សាងសង់​ការដ្ឋាន​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​ប្រតិបត្តិការ​នៅ​តំបន់ Tambon Chiang Rak Noi នៃ​ស្រុក Sam Khok ខេត្ត Pathum Thani ។

លោក Arkhom Termpittayapaisith បន្ត​ថា ៖ «​ប្រទេស​ទាំង​ពីរ​ត្រូវ​ចំណាយពេល​៦​ខែ​ដើម្បី​វិភាគ​លម្អិត​អំពី​គម្រោង​នេះ បន្ទាប់​មក​នឹង​វាយតម្លៃ​លើ​ការ​វិនិយោគ មុន​នឹង​ស្នើ​គម្រោង​ដល់​គណៈរដ្ឋមន្ត្រី​អនុម័ត រីឯ​ការ​សាងសង់​អាច​នឹង​ចាប់ផ្តើម​នៅ​ខែឧសភា ឆ្នាំ​២០១៦» ។

លោក​បញ្ជាក់​ថា ៖ «​ទោះជា​យ៉ាងណា ការ​ចាប់ផ្តើម​នៅ​ខែឧសភា​ឆ្នាំ​ក្រោយ​នោះ គឺ​អាស្រ័យ​លើ​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​ចិន និង​ថៃ លើ​គំរូ​វិនិយោគ​តម្លៃ​ទឹកប្រាក់​សាងសង់ និង​អត្រា​ការ​ប្រាក់​នៃ​កម្ចី​របស់​គម្រោង​នេះ ។ យើង​នឹង​ពិភាក្សា​ជា​ថ្មី​ម្តងទៀត​នៅ​ខែ​ក្រោយ​ដើម្បី​ជជែក​លម្អិត​លើ​កិច្ចការ​នេះ​បន្ថែម​ទៀត​» ៕