Chelsea ត្រៀម​២៩​លាន​ផោន​ទិញយក Cavani ពី PSG

កីឡា​៖​ក្លិប​តោ​ខៀវ Chelsea ដែល​កំពុង​លេង​ធ្លាក់​ជើង​យ៉ាងខ្លាំង​នៅក្នុង​ក្របខ័ណ្ឌ Premier Leaque នា​រដូវ​ការ​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​ត្រៀម​ទឹកប្រាក់​២៩​លាន​ផោន​ដើម្បី​ទិញយក​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រុយ​ហ្គា​យ​របស់ Paris St-Germain កីឡាករ Edinson Cavani​។​

​បើតាម​ប្រភពព័ត៌មាន​ពី Daily Star ឲ្យដឹងថា ខ្សែប្រយុទ្ធ អន្តរជាតិ​អ៊ុយ​រុយ​ហ្គា​យ​វ័យ​២៨​ឆ្នាំ​រូបនេះ​អាច​នឹង​ផ្ទេរ​ទៅ Stamford Bridge នាពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ខែមករា​ខាងមុខនេះ បន្ទាប់ពី​គេ​មានការ​ភ័យខ្លាច​លែង​ចង់​ប្រកប​អាជីព​នៅ​ក្លិប Paris St-Germain ក្រោយ​កើតហេតុ​ការណ៍​ភេរវកម្ម​។​

​ប្រភពពី Don Balon បាន​ឲ្យ​ដឹងថា​កីឡាករ​វ័យ​២៨​ឆ្នាំ កំពុង​ត្រូវ​បានលោក Jose Mourinho ចាប់អារម្មណ៍ ហើយ​អាច​នឹង​ទិញ​ក្នុងតម្លៃ​២៩​លាន​ផោន​។ ទោះជា​យ៉ាងណា​ចំនួន​នេះ​គឺ​ឃ្លាត​គ្នា​ឆ្ងាយ​បើ​ធៀប​នឹង​ថ្លៃ​ដែល PSG ទិញ​កាលពី​ឆ្នាំ​២០១៣​ក្នុងតម្លៃ​៥៥​លាន​ផោន​។​

Cavani បង្ហាញ​ទម្រង់​លេង​ល្អ​គួរសម​នៅ​រដូវ​កាល​ថ្មី ក្រោយ​ស៊ុត​បាន​៧​គ្រាប់​នៅ Ligue 1 ដែល​សរុប​ទាំង​អស់គេ​ស៊ុត​បាន​៦៥​គ្រាប់​ហើយ ក្នុងចំណោម​ការលេង​១១៣​ប្រកួត​ឲ្យ​ក្រុម​ជើងឯក​ចាស់​ក្របខ័ណ្ឌ​កំពូល​របស់​បារាំង​។​

​គួរ​បញ្ជាក់ថា តោ​ខៀវ Chelsea គ្រោង​នឹងធ្វើ​ការរុះរើ​ក្រុម​ទ្រង់ទ្រាយ​ធំ​មួយ​បន្ទាប់ពី​ចាប់ផ្តើម រដូវ​កាល​យ៉ាង​ត្រដាបត្រដួស ក្នុងនោះ​ក្លិប​ចង់​លក់ Oscar ឲ្យ​ទៅ Juventus ក្នុងតម្លៃ​២៨​លាន​ផោន​ដើម្បី​ស្តារ​ស្ថានភាព​ហិរញ្ញវត្ថុ​ខ្លះ​មកវិញ ហើយ​កីឡាករ ៣​រូប​ផ្សេងទៀត​មាន Pedro, Falcao និង​Diego Costa ក៏​អាច​នឹង​ចេញ នៅ​ខែម​ករានេះ​ផងដែរ​៕

Chelsea ត្រៀម​២៩​លាន​ផោន​ទិញយក Cavani ពី PSG
Chelsea ត្រៀម​២៩​លាន​ផោន​ទិញយក Cavani ពី PSG