ពលរដ្ឋ​៣០០​​គ្រួសារ​នៅ​បាត់ដំបង​ទាមទារ​សំណង​ពី​ការ​​រុះរើ​​និង​ដុត​ផ្ទះ

ប្រជាពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង ស្នើ​ឲ្យ​​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ផ្ដល់​សំណង​ខូចខាត​ដែល​មន្ត្រី​​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​រុះរើ ដុត​កម្ទេច​ផ្ទះ​សម្បែង​ និង​រោង​ស្នាក់​នៅ​របស់​ពួកគាត់​អស់​ជាង ៤០​ខ្នង កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា កន្លង​ទៅ។ អ្នក​ភូមិ​បញ្ជាក់​ថា​ វិធានការ​របស់​សមត្ថកិច្ច​ជំនាញ​ដែល​បាន​រុះរើ​ផ្ទះ​របស់​ពួកគាត់​នោះ ពុំ​មែន​​ជា​វិធី​ដោះស្រាយ​សមស្រប​ជូន​​​ប្រជាពលរដ្ឋ​នោះ​ទេ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​រុក្ខគិរី ប្រតិកម្ម​ភ្លាមៗ​​នឹង​ទង្វើ​របស់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ​ ដែល​បាន​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​ចុះ​រុះរើ​ផ្ទះ​របស់​ពួកគាត់​នោះ​ ថា​ជា​កាយ​វិការ​មួយ​​បង្ក​ការ​លំបាក​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ទី​ជនបទ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោក ជ្រុន ពុធ រស់​នៅ​ឃុំ​ស្តុកប្រវឹក ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង ថ្លែង​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ថា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាត់ដំបង បាន​​នាំ​កម្លាំង​កង​ប្រដាប់​អាវុធ​ប្រមាណ ២០​នាក់ ចុះ​ដុត​​ផ្ទះសម្បែង​​របស់​ប្រជាពលរដ្ឋ​ឆេះ​អស់​ចំនួន ១០​ខ្នង និង​អារ​ផ្ដួល​រោង​ស្នាក់​នៅ​​អស់​ជាង ៣០​ខ្នង​ នៅ​តំបន់​ព្រៃ​សហគមន៍​នៃ​ឃុំ​ព្រៃត្រឡាច ស្រុក​រុក្ខគិរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា កន្លង​ទៅ។

លោក​បញ្ជាក់​ថា អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ផ្ទះសម្បែង​​របស់​​ពួកគាត់​នេះ​ឲ្យ​បាន​ឆាប់​រហ័ស ពីព្រោះ​​ផ្ទះ​ដែល​ខូច​ខាត​នោះ​ជា​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​សង់​នៅ​លើ​ដី​នោះ​ប្រមាណ ៥​ឆ្នាំ​មក​ហើយ៖ «សមត្ថកិច្ច​រើ​កម្ទេច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចោល​អស់​ទៅ​ហើយ សូម្បី​តែ​ក្រណាត់​កៅស៊ូ​ក៏​មួយ​ដុំ​ ដើម្បី​ធ្វើ​រោង​ជ្រក​បណ្ដោះអាសន្ន​ក៏​គ្មាន​ដែរ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាត់ដំបង គឺ​លោក លី ជូបៀន ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា។

ទោះ​យ៉ាង​នេះ​ក្ដី អភិបាល​ស្រុក​រុក្ខគិរី លោក​ ពេជ្រ ម៉ាឡៃ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ការ​ដុត​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​អះអាង​ថា សមត្ថកិច្ច​ដែល​ចុះ​អនុវត្ត​​ការងារ​នោះ មាន​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត និង​មន្ត្រី​កងរាជអាវុធហត្ថ​​ខេត្ត​បាត់ដំបង៖ «បញ្ហា​នេះ​ នៅ​ក្នុង​របាយការណ៍​ គឺ​លោក​អភិបាល​ខេត្ត​បាត់ដំបង បាន​ឲ្យ​ខាង​រដ្ឋបាល​ព្រៃឈើ​ចុះ​ទៅ​មើល​ព្រៃ​សហគមន៍​នោះ។ ប៉ុន្តែ​សកម្មភាព​នេះ​ ខាង​ស្រុក​ក៏​មិន​អាច​ទទួល​យក​បាន​ដែរ ហើយ​ខ្ញុំ​កំពុង​តែ​ធ្វើ​របាយការណ៍​ដាក់​បញ្ជូន​ទៅ​ថ្នាក់​ខេត្ត​ទៀត»

​​​​​​​​​​​​​​​​​​​ទាក់ទង​នឹង​បញ្ហា​នេះ​​​ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ជំនាញ​ចុះ​អនុវត្ត​ការងារ​នៅ​តំបន់​សហគមន៍​​ព្រៃឈើ​ឃុំ​ព្រៃត្រឡាច នោះ ធ្វើ​ឡើង​បែប​​ឆក់កណ្ដៀត ដោយ​ពុំ​បាន​ជូន​ដំណឹង​ទៅ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដឹង​ជា​មុន​នោះ​ទេ។

លោក យិន ម៉ែងលី បញ្ជាក់​​ថា សកម្មភាព​របស់​សមត្ថកិច្ច​ជំនាញ​នេះ​ពុំ​មែន​ជា​វិធី​ដោះស្រាយ​ផ្ដល់​យុត្តិធម៌​ ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឡើយ៖ «ដើម្បី​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចូល​ទៅ​កន្លែង​កើត​ហេតុ​នោះ​បាន ត្រូវ​មាន​ការ​ជួប​ពិភាក្សា​មួយ​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ ជជែក​គ្នា​ឲ្យ​បាន​ច្បាស់»។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ប្រជាពលរដ្ឋ​នៅ​ស្រុក​រុក្ខគិរី ប្រមាណ ២០០​នាក់​ បាន​តវ៉ា និង​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង ដោះស្រាយ​ឲ្យ​បញ្ឈប់​ការ​​ទន្ទ្រាន​ព្រៃ​សហគមន៍​ព្រៃត្រឡាច ដែល​មាន​ផ្ទៃដី ១.៣៣២​ហិកតារ ដែល​មន្ត្រី​​មាន​អំណាច​មួយ​ចំនួន​បាន​រុករាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ រួម​មាន​មន្ត្រី​ទាហាន ប៉ូលិស​ និង​ប្រឹក្សា​ស្រុក​រុក្ខគិរី ជា​ដើម។

ប្រជាពលរដ្ឋ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​បែង​ចែក​ដី​នោះ​ មួយ​ចំនួន​ដើម្បី​យក​ទៅ​ដាំដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា មន្ត្រី​ជំនាញ​ខេត្ត​បាត់ដំបង បាន​ដឹក​នាំ​កម្លាំង​ចុះ​បំផ្លាញ​ផ្ទះសម្បែង និង​រោង​ស្នាក់​អាស្រ័យ​ទាំង​របស់​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ដែល​បាន​សាងសង់​នៅ​តំបន់​ព្រៃ​សហគមន៍​នោះ​តែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។