​អាមេរិក​និយាយ​ពី​ថាមពល​ស្អាតស្អំ តែ​រុស្ស៊ី​និយាយពីការលក់​ប្រេង​និង​ឧស្ម័ន​ក្នុង​​តម្លៃ​ថោក

​អាមេរិក​និយាយ​ពី​ថាមពល​ស្អាតស្អំ តែ​រុស្ស៊ី​និយាយពីការលក់​ប្រេង​និង​ឧស្ម័ន​ក្នុង​​តម្លៃ​ថោក

រូបថតឯកសារ៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (ស្តាំ) និយាយ​ជាមួយ​ប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅ​មុន​កិច្ច​ប្រជុំ​ក្រុម​ប្រទេស G-20 ក្នុង​ប្រទេស​តួកគី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ក្នុង​​កិច្ចប្រជុំ​ APEC ​​​ប្រធានាធិបតី​​អាមេរិក​ បារ៉ាក់ អូបាម៉ា ​បាន​​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​ថាមពល​ស្អាតស្អំ​ ខណៈ​ពេល​ដែល​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ Dmitry Medvedev ​និយាយពីការ​លក់​ប្រេង​និង​ឧស្ម័ន​ក្នុង​​តម្លៃ​ថោក។ ម៉ានីល—

ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ ​APEC​ លោក​ប្រធានាធិបតី ​អូបាម៉ា ​បាន​យកផល​ប្រយោជន៍​សេដ្ឋកិច្ច​ដើម្បីអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្នុង​តំបន់​គាំទ្រ​ដល់​កិច្ច​ព្រមព្រៀង​យ៉ាង​រឹងមាំ​ជា​សកល​ នា​ពេល​ខាង​មុខ​ ក្នុង​សន្និសីទ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ប៉ារីស​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ប្រេង​ឥន្ធនៈ​កាបូន​ ដែល​បាន​រួម​ចំណែក​ដល់​ការ​ឡើង​កម្ដៅ​ជា​សកល​។

លោក​អូបាម៉ា​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​យើង​អាច​ទទួល​បាន​កិច្ច​ព្រមព្រៀង​មួយ​ វា​អាច​ជំរុញ​មាន​ការងារ​ថ្មី​និង​ឱកាស​ និង​ការ​វិនិយោគ​នៅ​ក្នុង​សេដ្ឋកិច្ច​សកល​ដែល​ត្រូវ​ការការ​កើនឡើង​នាពេល​ឥឡូវ​នេះ»។

ប្រធានាធិបតី​អាមេរិក​បាន​កត់​សម្គាល់​ថា​ ការប្រែប្រួល​អាកាសធាតុ​បាន​គំរាម​កំហែង​ដល់សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​២១​របស់ ​APEC ​ដែល​ស្មើ​នឹង​៦០​ភាគរយ​នៃ​ទិន្នផល​សកល​និង​ជាង​ពាក់​កណ្ដាល​នៃ​ពាណិជ្ជកម្ម​ពិភពលោក​។

កោះ​ទាបៗ​នៅ​ក្នុង​មហា​ប៉ាស៊ីហ្វិក​កាន់​តែ​ងាយ​រងគ្រោះ​ ដោយ​សារការ​លិចលង់ ​ដោយ​ទឹក​ជំនន់​និង​ការ​បាត់បង់​ដី ​ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​កម្រិត​ទឹក​សមុទ្រ ​ហើយប្រទេស​ជា​ម្ចាស់ផ្ទះ​របស់ ​APEC ​គឺ​ប្រទេស​ហ្វីលីពីន​បាន​បាត់បង់​ជីវិតមនុស្ស​រាប់​ពាន់​នាក់​ និង​បាន​ចំណាយ​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ជួសជុល​ការខូចខាត​ បន្ទាប់​ពី​ប្រទេស​នេះ​ត្រូវ​បាន​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​ កាល​ពី​ពីរ​ឆ្នាំ​មុន។

លោក​អូបាម៉ា​បាន​ថ្លែង​ថា៖ ​«យើង​ដឹង​ថា បើ​មាន​ព្រឹត្តិការណ៍​អាកាសធាតុ​តែមួយ​លើក ​មិន​ប្រាកដ​បណ្ដាល​មក​ពី​ការ​ផ្លាស់​ប្ដូរ​អាកាសធាតុ​នោះ​ទេ។ ប៉ុន្តែ​លំនាំ​ដែល​កើត​ឡើង​និង​វិទ្យាសាស្ត្រ​មិន​កុហក​ឡើយ សីតុណ្ហភាព​និង​កម្រិត​ទឹក​សមុទ្រ​បាន​កើន​ឡើង​ ទឹកកក​បាន​រលាយ​ ព្យុះ​មាន​កម្លាំង​កាន់​តែ​ខ្លាំង»។

នៅ​សហរដ្ឋ​អាមេរិក​ ការ​គាំទ្រ​ដ៏​យូរ​អង្វែង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ​អូបាម៉ា​ សម្រាប់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បៃតង​ដើម្បីកំណើនសេដ្ឋកិច្ច​លូតលាស់​ បាន​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​ពី​អ្នក​រិះគន់ខាង​គណបក្ស​សាធារណរដ្ឋ។​ បទបញ្ជា​តឹង​តែង​ដែល​បាន​ដាក់​ដោយ​រដ្ឋបាល​លោក​អូបាម៉ា ត្រូវ​បានពួកគេ​តវ៉ា​ថា​ ​នឹង​បង្កើន​ចំណាយ​លើ​ការ​ផលិត​និង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អាមេរិកមិន​អាចប្រកួត​ប្រជែង​បាន។

ផ្ទុយ​ទៅ​នឹង​ការ​អំពាវនាវ​របស់​លោក​អូបាម៉ា​សម្រាប់​ការ​បង្កើន​ការ​វិនិយោគ​ក្នុង​វិស័យ​ថាមពល​ស្អាត​ នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​លោក Dmitry Medvedev បាន​ថ្លែង​ត្រង់ៗ ក្នុង​សុន្ទរកថា​របស់​លោក​លើ​ការ​លក់​ប្រេង​និង​ឧស្ម័ន​ជា​ច្រើន​ទៀត​ដល់​តំបន់​នេះ។

លោក Medvedev បាន​ឱ្យ​ដឹង​ថា៖ « ប្រទេស​រុស្ស៊ី​មាន​ធនធាន​យ៉ាង​ច្រើន ​ហើយ​វា​ជា​ទីតាំង​ភូមិសាស្រ្ត​ជិត​មួយ ។ នេះ​ជា​មូលហេតុ​ដែល​យើង​អាច​ផ្ដល់​ការ​ចែក​ចាយ​ក្នុង​រយៈ​ពេល​យូរ​ ក្នុង​តម្លៃ​ប្រកួត​ប្រជែង​បាន»។

នាយករដ្ឋមន្ត្រី​របស់​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា​ ប្រទេស​ជា​សមាជិក​ APEC អាច​ទាញ​យក​ប្រយោជន៍​ពី​តម្លៃ​ប្រេង​និង​ឧស្ម័នទាប​នៅ​ទូទាំង​ពិភពលោកក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ដោយ​សារ​តែ​សេដ្ឋកិច្ច​ពិភពលោក​នៅ​មិន​ទាន់​ជឿនលឿននិង​តម្លៃ​រូបិយប័ណ្ណ​រុស្ស៊ី​ធ្លាក់​ចុះ​ បាន​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ផលិត​ភ្លាម។

លោក Medvedev បាន​និយាយ​ថា​ ​នៅ​ពេល​ដែល​តម្លៃ​រូបិយប័ណ្ណ​រុស្ស៊ី​ចុះ​ថោក​ វា​នឹង​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ក្នុង​តម្លៃ​ថោក​របស់​ប្រទេស​រុស្ស៊ី។លោក​ថា​ ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​របស់​ប្រទេស​រុស្ស៊ី​នឹង​កើន​ឡើង​ដល់៣៥​ទៅ​៤០ លាន​តោន​ នៅ​ត្រឹម​ឆ្នាំ២០២០។

លោកប្រធានាធិបតី​ចិន ​Xi Jinping​ បាន​លើកឡើង​អំពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ចិន ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​ឯ​ការប្រជុំ APEC។​ ប៉ុន្តែ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​លោក​ប្រមុខ​ Xi ​បាន​គាំទ្រ​ការ​ធ្វើ​កំណែ​ទម្រង់ ​និង​ការ​បង្កើន​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុង​តំបន់​ ព្រមទាំង​ការ​កសាងទំនាក់ទំនង​ជិតស្និទ្ធ​រួម​ទាំង​ការ​អភិវឌ្ឍតំបន់​ពាណិជ្ជកម្ម​សេរី​របស់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (FTAAP) ​និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពហុភាគី​មួយ​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ជាកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដឹកនាំ​ដោយ​ប្រទេស​ចិន​ ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្មឆ្លង​មហា​ប៉ាស៊ីហ្វិក​ (TPP) ដែលដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក៕

ប្រែសម្រួល​ដោយ មាន​ ឥស្សរាយស