តារា​កំប្លែង​ជើង​ចាស់​តា​មឿ​ក ទទួល​អំណោយ​មនុស្សធម៌​ពី​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧

រាជធានី​ភ្នំពេញ ​៖ លោក ផ្លុ​ង មឿ​ក ហៅ​តា​មឿ​ក តារា​កំប្លែង​ជើង​ចាស់ វ័យ​៨៣​ឆ្នាំ កំពុង​តែ​ញាំញី​ដោយ​ជំងឺ​ប្រចាំ​កាយ​ រួម​ទាំង​វ័យ​ជរា ​និង​ជីវភាព​ខ្វះខាត​ផង​នោះ កាល​ពីថ្ងៃ​ទី​១៨ វិច្ឆិកា ​២០១៥​នេះ បាន​ទទួល​អំណោយ​មនុស្សធម៌​មួយ​ចំនួន និង​ថវិកា​៤​លាន​រៀល​ពី​ចលនា​យុវជន​កម្ពុជាក្រុម​១៥៧ តាម​រយៈ​លោក ម៉ឹង ពន្លក ក្រោយ​ពី​ទទួល​បាន​នូវ​ការ​ផ្តាំផ្ញើ​របស់​កូនស្រី​តា​មឿ​ក​នៅ​សហរដ្ឋអាមេរិក​។

លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវ​ជ​នកម្ពុជា ក្រុម​១៥៧ បាន​ឲ្យ​ដឹង​ថា ខណៈ​លោក និង​ក្រុម​យុវជនបាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក កាលពីដើម​ខែវិច្ឆិកា​នោះ កូនស្រី​លោកតា​មឿ​ក ដែល​រស់នៅ​ក្រុង​ឡុ​ង​ប៊ិ​ច រដ្ឋ​កាលី​ហ្វ័រនីញ៉ា បាន​ផ្តាំផ្ញើ​ និង​ពឹងពាក់​ឲ្យ​ជួយ​មើល​ឳ​ពុក​គាត់ គឺ​លោកតា ផ្លុ​ង មឿ​ក ដែល​កំពុង​រស់នៅ​ស្រុក​ខ្មែរ មាន​ជីវភាព​ខ្វះខាត​។

លោក ម៉ឹង ពន្លក បាន​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បានការ​ផ្តាំផ្ញើ​ពី​កូនស្រី​របស់​តា​មឿ​ក លោក​ក៏​បាន​ចាត់ចែង​ឲ្យ​សមាជិក​ក្រុម​១៥៧ ស្វែងរក​កន្លែង​ស្នាក់​នៅ​របស់​តា​មឿ​ក និង​បាន​រៃ​អង្គាសប្រាក់​គ្នា​ម្នាក់​បន្តិច​ៗ សរុប​ចំនួន​១.០០០​ដុល្លារ ដើម្បី​ផ្តល់​ជូន​លោកតា​មឿ​ក ដល់​គេហដ្ឋាន​តែ​ម្តង​។

លោក ម៉ឹង ពន្លក បាន​មាន​ប្រា​សាសន៍​បន្ថែម​ទៀត​ថា ក្រៅពី​ថវិកា​ចំនួន​៤​លាន​រៀល របស់​សមាជិក​ស​ជិ​ការ​ក្រុម​១៥៧នៅមាន​អំណោយ​មនុស្សធម៌​មួយ​ចំនួន​ទៀត​ដែល​ផ្តល់​ជូន​តា​មឿ​ក ក្នុង​នោះ​រួម​មាន រទេះរុញ​ចំនួន​ពីរ​គ្រឿង​ដែល​ជា​អំណោយ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ផ្តល់​ជូន​តា​មឿ​ក និង​ប្រពន្ធ ដែល​ជរា និង​មាន​ជំងឺ​មិន​អាច​ធ្វើ​ដំណើរ​ដោយ​ខ្លួនឯង​បាន ​និងទឹកដោះគោ ១​កេស​ធំ​, ទូ​រស​ទ្សន៍១​គ្រឿង ទឹកត្រី​១​យួរ ទឹក​ស៊ី​អី​វ​១​យួរ រួម​ទាំង​អង្ករ​២៥០​គីឡូក្រាម​។

សូម​បញ្ជាក់​ថា លោក ផ្លុ​ង មឿ​ក តារា​កំប្លែង​ជើង​ចាស់ បច្ចុប្បន្ន​នេះ​មាន​វ័យ​៨៣​ឆ្នាំ និង​ប្រពន្ធឈ្មោះ ពិ រា វ័យ​៧៩​ឆ្នាំ ដែល​មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន រស់នៅ​ជាមួយ​កូនស្រី​ទី​៤ ក្នុងផ្ទះ​ជួល​លេខ​GB17 ម្តុំ​ប៊ូ​ឌី​ង ស​ង្លា​ត់​ទន្លេបាសាក់​ ខណ្ឌចំការមន​៕