ពលរដ្ឋ​ក្រីក្រ​៣០៥​គ្រួសារ​ក្នុង​ស្រុក​​ពេជ្រាដា ទទួល​អំណោយ​ពី​​លោក វង សូត

ខេត្ត​មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ក្រីក្រ​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ចំនួន៣០៥​គ្រួសារ មក​ពី​ឃុំ​ស្រែ​អំ​ពូ​ម និង​ឃុំ​ក្រង​តេះ ក្នុងស្រុក​ពេជ្រាដា កាល​ពី​​ព្រឹក​ថ្ងៃ​ទី១៨ វិច្ឆិកា​ បាន​ទទួល​អំណោ​យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ លោក​ វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ​អតីត​យុទ្ធ​ជន និង​យុវ​នី​តិ​សម្បទា​ ។

​ក្នុង​ពិធី​សំណេះ​សំណាល​នេះ​ដែរ ​លោក​រដ្ឋមន្ត្រី ​វង សូត បាន​​​ថ្លែងថា ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន និង​នីតិសម្បទា គឺជា​ស្ថាប័ន​មួយ​របស់​រាជរដ្ឋាភិបាល​ សម្រាប់​បំពេញ​​តួនាទី​របស់​ខ្លួន បម្រើ​ផលប្រយោជន៍​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​​មាន​ការ​ខ្វះខាត ជាក់ស្តែង​នា​ថ្ងៃ​ទី​១៨ វិច្ឆិកា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​អាជ្ញាធរ​ខេត្ត និង​លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច​ អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​ខេត្ត​ ​ពី​ស្ថានភាព​គ្រោះ​មហន្តរាយ​ដោយសារ​គ្រោះ​ធម្មជាតិ​ជាយថាហេតុ​ផ្សេង​ៗ ។​

​​លោក​រដ្ឋមន្ត្រី​​ បាន​បន្ត​ថា ​​អំណោយ​​​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​យក​​មក​ប្រគល់​ជូន​ដល់​​ពល​រដ្ឋ​​រង​គ្រោះ និង​ងាយ​រង​គ្រោះ ក៏​ដូច​ជា​ជន​ក្រីក្រ​នៅ​តាម​សហគមន៍ ជន​ចាស់ជរា​គ្មាន​ទីពឹង ជន​អនា​ថា ជន​ពិការ កុមារ​កំព្រា​នៃ​គ្រួសារ​ក្រីក្រ និង​កុមារ​កំព្រា​រង​គ្រោះ នា​ពេលនេះ​ ​ទោះបី​​មិន​បាន​ច្រើន​តាម​សេចក្តី​ត្រូវការ​ក៏​ពិតមែន តែ​​​បាន​ចូល​រួម​ចំណែក ជួយ​សម្រួល​​ដល់​ការ​ដោះស្រាយ​បាន​មួយ​រយៈ​ពេល​ផង​ដែរ ។​

លោក ខឹ​ម ចាន់​ផល ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​  បាន​ឲ្យ​ដឹង​ថា ​អំណោយ​ដែល​​ត្រូវ​ចែក​ជូន​​​​ពលរដ្ឋ​​ទាំង​៣០៥​គ្រួសារ នា​ពេលនេះ ​​ក្នុង​មួយ​គ្រួសារទទួល​បាន​​ ភូ​យ​១ កន្ទេល​​១ ទឹកត្រី​​៦​ដប អង្ករ​​២៥​គីឡូក្រាម និង​ប្រាក់​ចំនួន​២​ម៉ឺន​រៀល​ផង​ដែរ ៕​​