លោក​ ហ៊ុន ម៉ា​ណែ​ត ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​ឆត្រយោង​ជំនាន់​ទី​១៩

រាជធានី​ភ្នំពេញ ​៖ នៅ​ព្រឹក​​ថ្ងៃ​ទី១៩ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នេះ ​លោ​កឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិកា​រ​ចម្រុះ​​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក បាន​ថ្លែង​ទៅ​កាន់នាយទាហាន នាយទាហានរង ពល​ទាហាន ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​ឆត្រយោង​ជំនាន់​ទី​១៩ និង​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆ្លាម​សមុទ្រ​ជំនាន់​ទី​៤ នៅ​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ​។

លោក​ ហ៊ុន ម៉ា​ណែ​ត ​បាន​មាន​ប្រសាសន៍​ថា ការ​ពង្រឹងសមត្ថភាព​កងទ័ព​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ ដើម្បី​ការពារ ​​​ថែរក្សា​សន្តិភាព​ និង​ការ​អប់រំ​បណ្តុះបណ្តាល​ចិត្ត​សាស្ត្រ​យោធិន​ឱ្យ​យល់​ច្បាស់​ពី​ផលប្រយោជន៍​ជាតិ ​គឺជា​កត្តាចាំបាច់​បំផុត ព្រោះ​យើង​ទាំងអស់​គ្នា​កំពុង​រស់នៅ​ក្នុង​សុខ​សន្តិភាព​សព្វថ្ងៃ​នេះ​ គឺ​បាន​មក​ពី​ការ​លះបង់​របស់​កងទ័ព ​។ ​លោក​​បាន​បន្ត​ថា ​​សំណាង​ណាស់​ដែល​ប្រទេស​កម្ពុជា​បាន​រួច​ផុត​ពី​សង្គ្រាម ​និង​ទប់ស្កាត់​បាន​រាល់​សកម្មភាព​អសន្តិសុខ​ផ្សេង​ៗ​​ ខណៈ​​​ដែល​ប្រទេស​មួយ​ចំនួន​បាន​​និង​​កំពុងជួប​ប្រទះ​នូវ​សង្គ្រាម ​និង​អសន្តិសុខ​សង្គម​ផ្សេង​ៗ​ ។

លោក​​ឧត្តម​សេនីយ៍​ឯក បា​នប​ព្ជា​ក់ថា ប្រមុខ​រាជរដ្ឋាភិបាល​​បាន​​និង​កំពុងគិតគូរ​ពី​សុខទុក្ខ​ និង​យកចិត្តទុកដាក់ចំពោះ​​កម្រិតជីវភាព​រស់​​នៅ​របស់​កងកម្លាំងប្រដាប់អាវុធ​តាម​រយៈ​ការ​​ដំឡើង​ប្រាក់បៀវត្ស ប្រាក់​របប​ផ្សេង​ៗ​នៅ​តាម​បណ្តា​អង្គភាព​នានា សំដៅ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​កងទ័ព​ ​​គ្រួសារ​កងទ័ព​ និង​ពង្រឹងសមត្ថភាព​កងទ័ព​ ក្នុង​បុព្វ​ហេ​ត្វ​ការពារ​បូរណភាព​ទឹកដី​ និង​ប្រជាពលរដ្ឋ​ ។

នា​ឱកាស​នេះ​ដែរ ​លោក ​ហ៊ុន ម៉ាណែត ​បាន​លើកទឹកចិត្ត​ឱ្យ​កងទ័ព​យក​ឱ្យ​អស់​ស្មារតី កម្លាំងកាយ​ចិត្ត​ខិតខំ​រៀន​សូត្រ​ក្រេប​យកចំណេះ​ដឹង ទ្រឹស្តី ​និង​ការ​អនុវត្ត ​ព្រមទាំង​ គោរព​វិន័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​ក្លាយ​ខ្លួន​ជា​នាយទាហាន​ដ៍​រឹង​មាំ មាន​សមត្ថភាព​​ក្នុង​​ការ​ទទួលខុសត្រូវ​ខ្ពស់​សម្រាប់​សង្គម​ជាតិ​និង​ប្រជា​ពលរដ្ឋ ។

បន្ទាប់​មក សិក្ខាកាម​ទាំងអស់​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ខិតខំ​សូត្រ​ក្រេប​យកចំណេះ​ដឹង ទ្រឹស្តី​ ​​ការ​អនុវត្ត​ឱ្យ​បាន​ជោគជ័យ ​​​គោរព​វិន័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ និង​រក្សា​បាន​ឯកភាព​ផ្ទៃក្នុង ​ដើម្បី​ទទួល​បាន​សមត្ថភាព​ជំនាញ​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​កងទ័ព ​៕​