ឆេះ​ផ្ទះ​លក់​ចាប់​ហួយ​មួយ​ខ្នងនៅ​ស្រុក​កោះ​ធំ​ ស្លាប់​ស្ត្រី​ម្ចាស់​ផ្ទះ​​នៅ​ក្នុង​បន្ទប់​ទឹក​

ខេត្ត​កណ្តាល​ ៖​ ​ផ្ទះ​លក់​ចាប់​ហួយ​មួយ​ខ្នងធ្វើ​ពីថ្ម​ ដំបូល​ឈើ​ប្រក់​ហ្វី​ប្រូ​ស៊ី​ម៉ង់ត៍ ទំហំ​៤គុណ​៦​ម៉ែត្រ​ ​ស្ថិត​នៅ​ភូមិ​ចាមក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះ​ធំ​ ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​អស់​​ទាំង​ស្រុង​ និង​បណ្តាល​ឱ្យ​​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អាធ័ម​នៅ​ក្នុង​បន្ទប់​ទឹក​ កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៥។

មន្ត្រី​នគរ​បាល​ស្រុក​កោះ​ធំ​បាន​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​ស្លាប់​មាន​ឈ្មោះ​សាន់ ម៉ា​ទី​តោះ អាយុ​២២​ឆ្នាំ ជា​ជន​ជាតិ​ខ្មែរ​អ៊ិ​ស្លាម​ រស់​នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ស្ត្រី​រង​គ្រោះ​ក្រោយ​ពី​លក់​គ្រឿង​ចាប់​ហួយ​ឱ្យ​គេ​ហើយ​បាន​ទៅ​បត់​ជើង​ក្នុង​បន្ទប់​ទឹក​ក្នុង​ផ្ទះ​របស់​នាង​​ ចំណែក​ប្តី​នារី​រង​គ្រោះ​នៅ​កើប​អាចម៍​គោ​ខាង​ក្រោ​យផ្ទះ​ ពេល​នោះ​ស្រាប់​តែ​មាន​អណ្តាត​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ​ពី​ក្នុង​ផ្ទះ​យ៉ាង​លឿន​។

ប្រភព​បន្ត​ថា គ្រា​នោះ​បុរស​ជា​ប្តី​មិន​ឃើញ​ប្រពន្ធ​នៅ​ក្រៅ​ផ្ទះ​ សង្ស័យ​ថា​នៅ​ជាប់​ក្នុង​ផ្ទះ​ចេញ​មិន​រួច​ក៏​បាន​ស្រែក​ឆោ​ឡោ​ឡើង​ហៅ​អ្នក​ជិត​ខាង​ឱ្យ​មក​ជួយ​ពន្លត់​ តែ​ទោះ​ខំ​ពន្លត់យ៉ាង​ណា​ក៏​មិន​រលត់​ដែរ​ ដោយ​សារ​​តែ​ក្នុង​ផ្ទះ​នោះ​មាន​ប្រេង​សាំង២​ប៊ី​ដុង​ និង​ប្រេង​ម៉ាស៊ូត​មួយ​ប៊ី​ដុង​ទៀត​បាន​ផ្ទុះ​ឡើង​យ៉ាង​សន្ធោ​សន្ធៅ​ ។

ក្រោយ​ពី​ភ្លើង​រលត់​ គេ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​បាន​រក​ឃើញ​ស្ត្រីរង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ​​នៅ​ក្នុង​បន្ទប់​ទឹក​។ មន្ត្រី​នគរ​បាល​បាន​ឱ្យ​ដឹង​ទៀត​ថា មូល​ហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​អគ្គិ​ភ័យ​នេះ គេ​សន្និ​ដ្ឋាន​ថា មក​ពី​ទុស្សេ​ចរន្ត​អគ្គិ​សនី​នៅ​ក្នុង​ផ្ទះ​៕