សម្តេច ហ៊ុន សែន​បញ្ជាក់​ជាថ្មី ក្រុម​អ្នកស្ម័គ្រចិត្ត​ទាំងឡាយ ចង់​រៀបចំ​អុំទូក តែ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​

ភ្នំពេញ: ​សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្រិត​ទឹកទន្លេ​ពេលនេះ​ក៏​កំពុង​ស្រក​ចុះ​យ៉ាងខ្លាំង ដែល​គ្មាន​សុវត្ថិភាព​ក្នុងការ​ប្រណាំងទូក​ជា​ផ្លូវការ​។ ប៉ុន្តែ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ ឬ​ក្រុម​អ្នកស្ម័គ្រចិត្ត​ទាំងឡាយណា​ដែលមាន​លទ្ធភាព​ចង់​រៀបចំ​អុំទូក ក៏​ពុំមាន​ការហាមឃាត់​ដែរ តែ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព​ដោយ​ខ្លួនឯង​ឱ្យបាន​ល្អ​បំផុត​។

​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅថ្ងៃនេះ សម្តេច បញ្ជាក់​ជាថ្មី​ពី​ហេតុផល​នៃ​ការផ្អាក​អុំទូក គឺ​ដោយសារតែ កម្រិត​ទឹកទន្លេ​ពេលនេះ​ក៏​កំពុង​ស្រក​ចុះ​យ៉ាងខ្លាំង ដែល​គ្មាន​សុវត្ថិភាព​ក្នុងការ​ប្រណាំងទូក​ជា​ផ្លូវការ​។ ប៉ុន្តែ​សម្តេច បញ្ជាក់​ដដែល​ទៀតថា រាជរដ្ឋាភិបាល នឹង​រៀបចំ​ការប្រគំ​តន្ត្រី​អបអរសាទរ​ពិធី​នេះ នៅ​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃបុណ្យ​អុំទូក និង​មានការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ដែរ​។​

​សម្តេច​រៀបរាប់ថា សុវត្ថិភាព និង សុខសន្តិភាព គឺជា​សេចក្តីត្រូវការ​ចាំបាច់​បំផុត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ម្យ៉ាងវិញទៀត កម្ពុជា​ដែលមាន​ឱកាស​ចូលរួម​ប្រកួតប្រជែង​លើ​វិស័យ​កីឡា​ទាំង​នៅក្នុង​ប្រទេស និង​នៅលើ​ឆាក​អន្តរជាតិ​បាន គឺ​អាស្រ័យ​ដោយ​ប្រទេស​យើង​មាន​សន្តិភាព​ពេញលេញ​។​
​នៅក្នុង​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ រាជរដ្ឋាភិបាល​នឹង​ចាត់ចែង​ឲ្យ​មានការ​ប្រគុំ​តន្ត្រី​អបអរសាទរ​ជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ នៅតាម​ទីកន្លែង​មួយចំនួន​ដូចជា រមណីយដ្ឋាន​វត្តភ្នំ សួនច្បារ​វត្ត​បទុម​វ​តី និង កោះ​ពេជ្រ ព្រមទាំង​មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ និង​មាន​បាញ់​កាំជ្រួច​អបរ​អរ​ពិធីបុណ្យ​ទៀតផង​។​
​កម្រិត​ទឹកទន្លេ​ពេលនេះ​ក៏​កំពុង​ស្រក​ចុះ​យ៉ាងខ្លាំង ដែល​គ្មាន​សុវត្ថិភាព​ក្នុងការ​ប្រណាំងទូក​ជា​ផ្លូវការ​។ ប៉ុន្តែ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ ឬ​ក្រុម​អ្នកស្ម័គ្រចិត្ត​ទាំងឡាយណា​ដែលមាន​លទ្ធភាព​ចង់​រៀបចំ​អុំទូក ក៏​ពុំមាន​ការហាមឃាត់​ដែរ តែ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព​ដោយ​ខ្លួនឯង​ឱ្យបាន​ល្អ​បំផុត​។ យើង​សង្ឃឹមថា​ប្រជាពលរដ្ឋ​នឹង​យោគយល់​ចំពោះ​បញ្ហា​សុវត្ថិ​ភាពជា​ចម្បង ដែល​រាជរដ្ឋាភិបាល​បានសម្រេច​ការផ្អាក​ពិធីបុណ្យ​អុំទូក​ជា​ផ្លូវការ​ឆ្នាំនេះ​៕

សម្តេច ហ៊ុន សែន​បញ្ជាក់​ជាថ្មី ក្រុម​អ្នកស្ម័គ្រចិត្ត​ទាំងឡាយ ចង់​រៀបចំ​អុំទូក តែ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​