កង្វះខាត​នៃ​ស្លាក​សញ្ញា​ត្រឹមត្រូវ​នៅលើ​កញ្ចប់​បារី​ធ្វើឱ្យ​អ្នកពិសាបារី​រង​ហានិភ័យ​

: ដើម្បី​ប្រឆាំងនឹង​ការរត់ពន្ធ ក៏ដូចជា​ផ្តល់​ពត៌មាន​ដល់​អតិថិជន​អំពី​ផលប៉ះពាល់​ពី​ការជក់បារី​រាជរដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​រាល់​កញ្ចប់​បារី ដែល​ចែកចាយ​និង​លក់ដូរ នៅក្នុង​ប្រទេស​កម្ពុជា បិទ​ពន្ធ​តែមប្រិ៍​អាករ​និង​បោះពុម្ព​សារ​ព្រមាន​សុខភាព​ត្រឹម​ត្រូវជា​ភាសា​ខ្មែរ​។​

​កាលពីពេល​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្តីជូនដំណឹង​ទៅកាន់​ក្រុមហ៊ុន​ផលិត​-​នាំចូល និង​ចែកចាយ​បារី ក៏ដូចជា​អ្នកលក់​ដុំ លក់រាយ​បារី ក្នុងប្រទេស​កម្ពុជា ដើម្បី​ក្រើន​រំ​ឮ​ក​ពួកគាត់​អំពី​កាតព្វកិច្ច​តម្រូវ ដែល​ទាមទារ​ឲ្យ​បិទ​ពន្ធ​តែមប្រិ៍​អាករ​ឲ្យ​បាន​ត្រឹមត្រូវ​លើ​គ្រប់​កញ្ចប់​ផលិតផល​ថ្នាំជក់​របស់ខ្លួន​។ ពន្ធ​តែមប្រិ៍​អាករ នេះ​ជា​ភស្ដុតាង​ដែល​បង្ហាញថា ផលិតផល​ថ្នាំជក់​ក្នុងស្រុក​ឬ​នាំចូល​នោះ បាន​បង់ពន្ធ​ត្រឹមត្រូវ​ជូន​រដ្ឋ​។​

​ប្រភេទ​ពន្ធ​តែមប្រិ៍​អាករ​សម្រាប់​បិទ​លើ​កញ្ចប់​បារី​នាំចូល​ឧទាហរណ៍​បារី​555 បារី​KENT​និង​ផលិតផល​បារី​ផលិត​ក្នុងស្រុក​ឧទាហរណ៍​បារី​FINE បារី​រំដោះ បារី​ជាតិ​

កង្វះខាត​នៃ​ស្លាក​សញ្ញា​ត្រឹមត្រូវ​នៅលើ​កញ្ចប់​បារី​ធ្វើឱ្យ​អ្នកពិសាបារី​រង​ហានិភ័យ​

 
​មួយរយៈ​មុន​ការចេញផ្សាយ​សេចក្តីជូនដំណឹង​នេះ នគរបាល​មាន​សមត្ថកិច្ច​នៅក្នុង​ខណ្ឌចំការមន​បាន​ចុះ​ចាប់​ផ្ទះ​ចែកចាយ​បារី​មួយកន្លែង និង​រកឃើញ​បារី ៥៥៥​ចំនួន ២៦៨​សុង ដែល​នាំចូល​ដោយ​ខុសច្បាប់​។ បារី​ទាំងនេះ​មិនមាន​បិទ​ពន្ធ​តែមប្រិ៍​អាករ និង​មិនមាន​សារ​ព្រមាន​សុខ​ភាពជា​ភាសា​ខ្មែរ​នោះទេ​។ អាជ្ញាធរ​បានដាក់​កំណត់ថា​បារី​ទាំងនេះ​ជា​បារី​ដែល​មិនបាន​បង់ពន្ធ​តាមច្បាប់​តម្រូវ ព្រោះ​តម្លៃ​លក់ គឺ​ថោក​ជាង​តម្លៃ​បារី​ដែលមាន​បិទ​ពន្ធ​តែមប្រិ៍​អាករ និង​មាន​សារ​ព្រមាន​សុខ​ភាពជា​ភាសា​ខ្មែរ​ដែល​លក់​ក្នុង​ទីផ្សារ​។​

​ទន្ទឹមនឹងនេះ កាលពីដើម​ខែវិច្ឆិកា សមត្ថកិច្ច​ខេត្តស្វាយរៀង​បាន រឹបអូស​បារី ៥៥៥ គេចពន្ធ​នេះ​រហូតដល់​ទៅ​ជាង ២២០០ សុង​។

​ម៉ាក​យីហោ​បារី​មួយចំនួន ដូចជា​បារី​៥៥៥ ជាដើម​គឺជា​ជម្រើស​ដ៏​ពេញនិយម​សម្រាប់​អ្នករត់ពន្ធ​និង​អ្នក​ផលិត​ក្លែងក្លាយ ព្រោះ​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​។

​កញ្ចប់​បារី ដែល​មិនមាន​បិទ​ពន្ធ​តែមប្រិ៍​អាករ មានន័យថា អ្នក​ផលិត​ឬ​អ្នក​នាំចូល​មិនបាន​បង់ពន្ធ​ចូល​រដ្ឋ​ទេ ដែលជា​លទ្ធផល ធ្វើ​ឲ្យ​កម្ពុជា​បាត់​ចំណូល​ពន្ធ​។ ដូច្នេះ​ការលក់​រាយ​ឬ​ការប្រើប្រាស់​ផលិតផល​បារី ដែល​គ្មាន​បិទ​ពន្ធ​តែមប្រិ៍​អាករ ឬ​មិនមាន​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ គឺជា​ការ​ល្មើសច្បាប់ ដ៏​ដូចជា​ការគាំទ្រ​ដល់​សកម្មភាព​គេចពន្ធ​ខុសច្បាប់​ផងដែរ​។ ដើម្បី​ធានាថា គ្មាន​ការលក់ដូរ​ផលិតផល​ក្លែងក្លាយ​ឬ​ផលិតផល​គេចពន្ធ ទាំង​អតិថិជន​និង​អ្នក​លក់រាយ​ត្រូវ​ពិនិត្យមើល ជ្រើស​យកតែ​កញ្ចប់​បារី ដែលមាន​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ​និង​មាន​បិទ​ពន្ធ​តែមប្រិ៍​អាករ​ត្រឹមត្រូវ​។​

​ទោះបីជា​ក្រុមហ៊ុន​ផលិត​និង​នាំចូល ដែលមាន​ទំនួល​ខុសត្រូវ​ខ្ពស់​ភាគច្រើន បាន​ប្រតិបត្តិ​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល​ក្តី តែ​ក៏​នៅមាន​ករណី​បំពាន​ច្បាប់​ជាច្រើន​ជាពិសេស​ម៉ាក​បារី​មាន​តម្លៃថោក ដែល​ផ្តោតទៅលើ​ទីផ្សារ​អ្នក​ជក់​ដែលមាន​ប្រាក់ចំណូល​ទាប​។​

​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បានកំណត់​ឃើញ ម៉ាក​បារី​ជាង ៨០ ម៉ាក ដូចជា​បារី​Jet, Hero និង ESSE ជាដើម​ដែល​បាន​បំពាន​ច្បាប់​ដោយ​មិនមាន​បិទ​ពន្ធ​តែមប្រិ៍​អាករ និង​មិនមាន​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ​នៅលើ​កញ្ចប់​ជាដើម កំពុង​ចរាចរ​លក់​ដោយ​សេរី​នៅលើ​ទីផ្សារ​កម្ពុជា​។

​រាជរដ្ឋាភិបាល​ជឿថា​ ការរីក​សាយភាយ​នៃ​បារី​ខុសច្បាប់​តម្លៃថោក ក៏​បង្កើន​ចំនួន​អ្នក​ជក់បារី​ថ្មីៗ ផងដែរ ដូច្នេះ​រដ្ឋាភិបាល គួរផ្តោត​កិច្ចខិតខំ​ប្រឹងប្រែង​ពង្រឹង​ការអនុវត្ត​ច្បាប់​ថ្នាំជក់​ដែលមាន​ស្រាប់​ដើម្បី​លុបបំបាត់​ផលិតផល​ខុសច្បាប់​ទាំងនោះ ជាជាង​ចេញ​បទ​ប្បញ្ញត្តិ​ថ្មី​បន្ថែមទៀត ដែល​ដាក់បន្ទុក​កាន់តែច្រើន​លើ​ក្រុមហ៊ុន​បារី​ស្របច្បាប់​ត្រឹមត្រូវ​។​

​លោក សេម ស៊ូ អគ្គនាយក ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អាមេរិកាំង កម្ពុជា (British American Tobacco (Cambodia) Limited)​បាន​ប្រាប់​អ្នក​សារពត៌មាន​យើងខ្ញុំ​ថា​៖ “​បារី​ម៉ាក ៥៥៥ ដែល​មិនមាន​បិទ​ពន្ធ​តែមប្រិ៍​អាករ និង​មិនមាន​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសារ​ខ្មែរ​គឺ មិនមែនជា​ផលិតផល​របស់​ក្រុមហ៊ុន​យើងខ្ញុំ​នោះទេ បារី​របស់​ក្រុមហ៊ុន​យើងខ្ញុំ​គ្រប់​ម៉ាក​យីហោ​ទាំងអស់ គឺមាន​បិទ​ពន្ធ​តែមប្រិ៍​អាករ និង​មាន​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសារ​ខ្មែរ​ដូច្នេះ​បារី​មិនមាន​បិទ​ពន្ធ​តែមប្រិ៍​អាករ និង​មិនមាន​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសារ​ខ្មែរ​ទាំងអស់នោះ​ហើយ​ដែល​ធ្វើអោយ​រដ្ឋាភិបាល​បាត់បង់​នូវ​ចំណូល​ពន្ធ​។​”

​ក្រៅពី​បញ្ហា មិន​បិទ​ពន្ធ​តែមប្រិ៍​អាករ និង​សារ​ព្រមាន​សុខភាព​ក៏មាន​ករណី​ជាច្រើន​រាប់មិនអស់ ដែល​អ្នក​ផលិត​អ្នក​នាំចូល​អ្នក​ចែកចាយ​អ្នក​លក់ដុំ​និង​លក់រាយ​ផលិតផល​បារី មិនបាន​គោរព​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​ថ្នាំជក់​ដូចជា​ការផ្សព្វផ្សាយ​ជំរុញ​ការលក់​ដល់​អតិថិជន​ជាដើម​ដោយ​ផ្តល់​ជា​រង្វាន់​ជា​វត្ថុ​ផ្សេងៗ ជា​ទឹកប្រាក់​ដល់​អតិថិជន​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឯកឧត្តម ម៉ម ប៊ុនហេង ធ្លាប់បាន​មានប្រសាសន៍ថា ទោះបី​មានទោស​ទណ្ឌ​ធ្ងន់ធ្ងរ​សម្រាប់​ការបំពានច្បាប់​ដូចនេះ​ក៏ដោយ តែ​តាម​ការជាក់ស្ដែង ចំណាត់ការ​អនុវត្ត​ច្បាប់ គឺ​បានត្រឹមតែ​ស្នើ​សុំឱ្យ​ក្រុមហ៊ុន​មានការ​ទទួលខុសត្រូវ និង​កែប្រែ​ការអនុវត្ត​របស់ខ្លួន​តែប៉ុណ្ណោះ​។​

​ឯកឧត្តម ម៉ម ប៊ុនហេង ​បាន​មានប្រសាសន៍ថា​៖ “​យើង​តែងតែ​រំលឹក​។ យើង​មិនទាន់មាន​ដាក់ទោស​ទ័​ណ្ឌ ឬក៏​ផាកពិន័យ​អី​ទេ ប៉ុន្តែ យើង​បាន​រំលឹក​ដល់​ក្រុមហ៊ុន ដល់​អ្នក​ដែល​ចែកចាយ លក់ដូរ ។​”

​គេ​សង្កេតឃើញថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល ការពង្រឹង​ការអនុវត្ត​ច្បាប់​និង​សកម្មភាព​ក្រុមហ៊ុន​ថ្នាំជក់​ដែលមាន​ការទទួលខុសត្រូវ មិនទាន់​អាច​បញ្ឈប់​ក្រុមហ៊ុន​ផលិត នាំចូល និង​ចែកចាយ​បារី ក៏ដូចជា​អ្នកលក់​ដុំ លក់រាយ​បារី​មួយចំនួន ដែល​ល្មើសច្បាប់​នោះទេ ។ ដើម្បី​បញ្ឈប់​ក្រុមហ៊ុន​ទាំងនោះ​មិន​ឲ្យ​បង្ក​ហានិភ័យ​ដល់​អតិថិជន និង​មិន​ព្រម​បោះពុម្ព​សារ​ព្រមាន​សុខភាព​ត្រឹមត្រូវ​រាជរដ្ឋាភិបាល​គួរតែ​បន្ត​ជំរុញឱ្យមាន​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ថែមទៀត​ដើម្បី​បង្ហាញ​ឲ្យ​ក្រុមហ៊ុន​ខិលខូច​ទាំង​នោះបាន​ឃើញថា គ្រប់គ្នា​ត្រូវតែ​គោរព​ច្បាប់ ។​

​ឯកឧត្តម ម៉ម​ប៊ុនហេង​ បាន​ថ្លែងថា​៖ “​យើង​សំណូមពរ​តែមួយ​មុខ​ទេ គឺថា ឲ្យ​ប្រជាពលរដ្ឋ​យើង​រួមគ្នា​ប្រតិបត្តិ ច្បាប់​ហ្នឹង​.....​ក្រុមហ៊ុន​ក៏ត្រូវ​តែ​ធ្វើ​ទាំងអស់​ដែរ ក្រុមហ៊ុន​ក៏ត្រូវ​យល់ ប្រតិបត្តិ​ច្បាប់​នេះដែរ​” ។​

កង្វះខាត​នៃ​ស្លាក​សញ្ញា​ត្រឹមត្រូវ​នៅលើ​កញ្ចប់​បារី​ធ្វើឱ្យ​អ្នកពិសាបារី​រង​ហានិភ័យ​