នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​យក​លេខ​ទូរស័ព្ទ​នៅ​ស្រុក​ស្វាយ​ទាប ធ្វើ​ឱ្យ​អ្នកស្រុក​ភ័យ​ខ្លាច

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ភូមិ​ទន្លៀ​ង​ព្រួយបារម្ភ​ថា សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រមាំង​ថ្កោល ស្រង់​ឈ្មោះ និង​កត់​លេខ​ទូរស័ព្ទ​ពេល​ទៅ​យក​អត្តសញ្ញាណ​បណ្ណ កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៥ និង​និយាយ​គំរាម​ថា បើ​មិន​ឱ្យ​លេខ​ទូរស័ព្ទ និង​ឱ្យ​ក្រុម​ហ៊ុន​​បិទ​លេខ​ទូរស័ព្ទ​ចោល ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មានការ​ភ័យ​ខ្លាច និង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ។ តាម​ការ​ពិត គឺ​ជា​​ការ​យល់​ច្រឡំ ពុំ​មានការ​គំរាមកំហែង​ឡើយ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ ស្ត្រី​ម្នាក់​ឈ្មោះ​ឯក ម៉ៅ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទន្លៀ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប បាន​ឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា លោក​អនុប្រធាន​ភូមិ​ទន្លៀ​ង បាន​យក​អត្តសញ្ញាណ​បណ្ណ​ថ្មី​ចែក​ឱ្យ​អ្នក​ភូមិ​ទន្លៀ​ង ហើយ​បាន​សុំ​ឱ្យ​អ្នក​មក​យក​អត្តសញ្ញាណ​បណ្ណ​ទាំងអស់ ដែល​មាន​កាន់​ប្រើ​ទូរស័ព្ទ​ដៃ ត្រូវ​កត់​លេខ​ទូរស័ព្ទ​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រមាំង​ថ្កោល​យក​ទៅ​ពិនិត្យ​ស៊ី​ម​បើ​ទិញ​ស៊ី​ម ហើយ​មិន​ទាន់​បាន​ហ្វូ​តូ​អត្តសញ្ញាណ​បណ្ណ​ឱ្យ​ក្រុមហ៊ុន ត្រូវ​យក​អត្តសញ្ញាណ​បណ្ណ​ទៅ​ក្រុមហ៊ុន ។

បើ​មិន​យក​អត្តសញ្ញាណ​បណ្ណ​ទៅ​ក្រុមហ៊ុន​ទេ ក្រុមហ៊ុន​នឹង​បិទ​ស៊ី​ម​ចោល ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ស្តាប់​ច្រឡំ បែរជា​នាំ​គ្នា​ភ័យ​ខ្លាច​សមត្ថកិច្ច​ដកហូត​ទូរស័ព្ទ ។ អ្នកខ្លះ​និយាយ​ថា សមត្ថកិច្ច​ដកហូត​ស៊ី​ម អ្នកខ្លះ​និយាយ​ថា សមត្ថកិច្ច​រឹត​បន្តឹង​ការ​ប្រើ​ទូរ​ស័ព្ទ​ដៃ គឺ​សុទ្ធតែ​យល់​ច្រឡំ​ទាំងអស់ ។

ទាក់ទិន​ករណី​នេះ​ដែរ លោក​ឯក ស៊ី​ថា អនុប្រធាន​ភូមិ​ទន្លៀ​ង​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា លោក​បាន​ទទួល​អត្តសញ្ញាណ​បណ្ណ​គំរូ​ថ្មី​ចំនួន​១០០​បណ្ណ ពី​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រមាំង​ថ្កោល យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​១០០​នាក់ នៅ​ភូមិ​ទន្លៀ​ង​ហើយ​​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​រមាំង​ថ្កោល បាន​យក​អត្តសញ្ញាណ​បណ្ណ​នោះ​ទៅ​ហ្វូ​តូ​កូ​ពី (​ថតចម្លង​) ដាក់​លើ​ក្រដាស ហើយ​​បាន​សួរ​យក​លេខ​ទូរស័ព្ទ​ដៃ​ពី​អ្នក​ទៅ​យក​អត្តសញ្ញាណ​បណ្ណ​នោះ រួច​កត់​ដាក់​ពីក្រោម​ឈ្មោះ​អត្តសញ្ញាណ​បណ្ណ​គោល​បំណង​គ្រប់គ្រង និង​ដឹង​ថា អ្នក​ណា​បាន​ទទួល​អត្តសញ្ញាណ​បណ្ណ អ្នក​ណា​មិន​ទាន់​បាន​ទទួល និង​ងាយស្រួល​ទំនាក់ទំនង​។

ហើយ​បាន​ផ្សព្វផ្សាយ​ថា បើ​អ្នក​ណា​ទិញ​ស៊ី​ម​ទូរស័ព្ទ​ក្រុមហ៊ុន​ហើយ​មិន​ទាន់​បាន​ហ្វូ​តូ​អត្តសញ្ញាណ​បណ្ណ​ឱ្យ​ក្រុមហ៊ុន សូម​យក​អត្ត​សញ្ញាណ​បណ្ណ​ទៅ​ចុះ​ឈ្មោះ​នៅ​ក្រុមហ៊ុន ប្រសិនបើ​មិន​យក​ទៅ​ទេ ឆ្នាំ​២០១៦​ក្រុមហ៊ុន​គេ​បិទ​លេខ​ក្នុង​ស៊ី​ម​ទូរស័ព្ទ​ចោល​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព