​​បើករថយន្ត​បុក​រនាំង​ដែក​ពុះ​ចែកទ្រូង​រួច​រត់​ចោលរថយន្ត​ទាំង​ស្រវឹង

​រាជ​ធានី​ភ្នំពេញ ៖ រនាំង​ដែក​ចំនួន​៦​ផ្ទាំង ​ត្រូវ​បាន​បាក់​វៀចខុស​ជួរ​បន្ទាប់​ពី​រថយន្ត​មួយ​គ្រឿង ​អ្នកបើកបរ​ស្រវឹង​បើក​ទៅ​បុក​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ទៀប​ភ្លឺ​​ថ្ងៃ​ទី​១៩ ​វិច្ឆិកា តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុ​ស្ស៊ី នៅ​​ចំណុច​មុខ​ក្រសួងការពារជាតិ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

រថយន្ត​បង្ក​ម៉ាក ATOZ ពណ៌​ក្រហម ពាក់​ស្លាក​លេខភ្នំពេញ 2AE-3828 ជិះ​គ្នា​៤​នាក់ ស្រី​៣​នាក់​ និង​ប្រុស​ម្នាក់​ជា​អ្នក​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹងស្រា  ។
សាក្សីនៅកន្លែង​កើតហេតុ​ បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​លឿន ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​​ចំណុច​កើតហេតុ​ក៏​​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៦​ផ្ទាំង​ធ្វើ​ឲ្យ​រថយន្ត​ខ្ទេច​មួយកំណាត់​ខាង​មុខ​ បែក​កង់ ​និង​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​ បើក​ទៅ​មុខ​លែង​រួច តែ​មិន​មានអ្នក​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​ នារី​ដែល​​នៅ​​ក្នុង​រថយន្ត​ទាំង​៣​នាក់​បាន​ឡើង​ជិះ​ម៉ូតូឌុប​ចេញ​ទៅ​បាត់​អស់ ចំណែក​បុរស​ជា​អ្នក​បើករថយន្ត​ដើរ​ទ្រេតទ្រោត​ចេញ​ទៅ​បាត់​ដែរ​ រីឯ​រថយន្ត​បង្ក​ត្រូវ​បាន​​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក ​ដើម្បី​រង់ចាំ​ម្ចាស់​ថ​យន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕