​ឃាត់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ថ្មពួក​CNRP​ម្នាក់​បន្ទាប់ពី​ប្រើ​ហិង្សា​លើ​អ្នកលក់​លត​ឆា​

ខេត្តបន្ទាយមានជ័យ​៖​លោក អាត់ ខែម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​ថា កាលពី​យប់មិញ កម្លាំង​នគរបាល របស់លោក​បាន​ឃាត់ខ្លួន សមាជិក​ក្រុមប្រឹក្សា ស្រុក​ថ្មពួក មកពី​គណបក្ស សង្គ្រោះ​ជាតិ​ម្នាក់ ពាក់ព័ន្ធ​ការប្រើ​អំពើហិង្សា វាយ​អ្នកលក់​លត​ឆា នៅក្នុង​វត្ត ពោធិ​វាល​ថ្មពួក នៅ​ភូមិ​អ្នកតា ឃុំ​ថ្មពួក ស្រុក​ថ្មពួក​។ 

​    ​លោកស្នងការ​បានបញ្ជាក់​ថា ជនបង្ក​របួសស្នាម​រូបនេះ មានឈ្មោះ ហឿន ឡាំ អាយុ ៣៧​ឆ្នាំ រស់នៅ ភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក រីឯ​ជនរងគ្រោះ​វិញ មានឈ្មោះ គង់ សារិទ្ធ អាយុ ៥២​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ 

​    ​បើតាម លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ បាន​ដង្ហែ​អង្គ​កឋិនទាន ចេញពី​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត ឆ្ពោះទៅ​វត្ត​ពោធិ​វាល​ថ្មពួក ស្រុក​ថ្មពួក លុះ​នៅវេលា​ម៉ោង ប្រមាណ​៨​និង​៣០​នាទី ខណៈ​ជនរងគ្រោះ កំពុង​លក់​លត​ឆា នៅក្បែរ​វត្ត ស្រាប់តែ ជនសង្ស័យ បាន​បញ្ជា​ឲ្យ​ទៅ​លក់ នៅ​ខាង​ជើងវត្ត​វិញ តែ​ជនរងគ្រោះ​ឆ្លើយថា ហេតុអ្វី​មក​ដេញ​តែ​ខ្ញុំ ចុះ​អ្នកផ្សេង ទៀត ហេតុអ្វី មិន​ដេញ​ផង​។ ភ្លាមៗ​នោះ ជនសង្ស័យ​បាន​ស្ទុះ​មក​វាយ ជនរងគ្រោះ​ចំ​ផ្ទៃមុខ ហើយ​ជនរងគ្រោះ ក៏​តបត តែ​ត្រូវបាន​បក្ខពួក ជនបង្ក មកជួយ​ចាប់​ក្រៀក ជនរងគ្រោះ​ថែមទៀត ។​

​     ក្រោយពី​កើតហេតុ មានការ​ជួយ​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច ហើយ​ឈានទៅដល់​ការចាប់ខ្លួន​ជនបង្ក​តែម្តង​។ 

​     លោកស្នងការ បាន​បញ្ជាក់ថា បើទោះបី​ជនបង្ក​ជា​អ្នក​កាន់ គណបក្សនយោបាយ​ណាក៏ដោយ ប៉ុន្តែ ត្រូវ​ប្រឈមមុខ​ច្បាប់ ក្រោយ​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ ហើយ​នៅពេលនេះ លោក​បាន​សុំ​គោលការណ៍​ពី​តំណាង អយ្យការ ដើម្បី​តាម​ចាប់​បក្ខពួក ជនបង្ក ដែល​កំពុង​រត់គេចខ្លួន​ផងដែរ​៕

​ឃាត់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ថ្មពួក​CNRP​ម្នាក់​បន្ទាប់ពី​ប្រើ​ហិង្សា​លើ​អ្នកលក់​លត​ឆា​