គ្រូ​យុវជន​ស្វាយ​រៀង ​រៀប​រាប់​បទ​ពិសោធន៍​ដឹក​នាំ​ក្រុម​ទៅ​ហាត់​នៅ​អង់គ្លេស​២​សប្ដាហ៍


គ្រូ​យុវជន​ស្វាយ​រៀង ​រៀប​រាប់​បទ​ពិសោធន៍​ដឹក​នាំ​ក្រុម​ទៅ​ហាត់​នៅ​អង់គ្លេស​២​សប្ដាហ៍

លោក សុខ វាសនា ​គ្រូ​របស់​ក្រុម​យុវជន​ U19 ​ស្វាយ​រៀង​ចំនួន​៨​នាក់​ដែល​ធ្វើ​ដំណើរ​ទៅ​ដក​ស្រង់​បទពិសោធន៍​២​សប្ដាហ៍​នៅ​អង់គ្លេស ​បាន​រៀបរាប់​អ្វី​ដែល​លោក​ទទួល​បាន​ថា​ពិត​ជា​ច្រើន និង​មាន​ប្រយោជន៍​ខ្លាំង​ដែល​អាច​យក​មក​អនុវត្តន៍​ពង្រឹង​សមត្ថភាព​យុវជន​ខ្មែរ​បាន​មួយ​ចំនួន​ធំ។

 

គ្រូ​យុវជន​ស្វាយ​រៀង ​រៀប​រាប់​បទ​ពិសោធន៍​ដឹក​នាំ​ក្រុម​ទៅ​ហាត់​នៅ​អង់គ្លេស​២​សប្ដាហ៍ក្រុម​យុវជន​ស្វាយ​រៀង​ពេល​ប្រកួត​សាកកម្លាំង

 

ក្រុម​យុវជន​ស្វាយ​រៀង​៨​នាក់ ដែល​ទៅ​ហាត់​នៅ​អង់គ្លេស​២​សប្ដាហ៍ បាន​ត្រលប់​មក​ដល់​កម្ពុជា​វិញ​តាំង​ពី​ថ្ងៃ​ទី​១៦​ម៉្លេះ ដោយ​បាន​នាំ​យក​មក​វិញ​នៅ​ផល​ប្រយោជន៍​ក្នុង​ការ​ហ្វឹកហាត់​និង​បច្ចេកទេស​ជា​ច្រើន។ លោក សុខ វាសនា ​បាន​រៀប​រាប់​ថា៖ “ Brook house college ​ជា​​សាលា​តូច​មួយ​នៅ​អង់គ្លេស ប៉ុន្តែ​ក្បួន​ហ្វឹកហាត់​របស់​គេ​មាន​ស្ដង់ដា។ ក្នុង​មួយ​សប្ដាហ៍​គេ​ហាត់​តែ​៥​ពេល​ប៉ុណ្ណោះ ដោយ​ធ្វើ​កម្លាំង​ជាមួយ​បាល់​ឬ​អត់​បាល់​២​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ (គេ​អត់​ហាត់​នៅ Gym ​ដូច​ខ្មែរ​យើង​ទេ) ។ មាន​ការ​ប្រកួត​១​ប្រកួត​រៀងរាល់​សប្ដាហ៍ ដើម្បី​សាក​កម្លាំង​គ្នា​ ហើយ​បន្ទាប់​ពី​ហាត់​ចប់ ពួកគេ​ចូល​រៀនយុទ្ធសាស្ត្របន្ថែម”។

 

​គ្រូ​បង្វឹក​ខាង​លើ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ខាង​សាលា​គេ​បាន​បង្ហាត់​ក្បួន​ច្រើន​ដល់​ខាង​កម្ពុជា ជា​ពិសេស​កីឡាករ​ក្មេង​ៗ​របស់​ស្វាយ​រៀង​តែ​ម្ដង ដែល​លោក​មិន​អាច​រៀបរាប់​អស់។ អ្វី​ដែល​លោក​ទទួល​បាន​គឺ​ច្រើន ប៉ុន្តែ​ប្រហែល​ជា​មិន​អាច​យក​មក​អនុវត្តន៍​នៅ​កម្ពុជា​បាន​ទាំង​អស់​នោះ​ទេ ដោយសារ​តែ​យុវជន​របស់​កម្ពុជា​ភាគ​ច្រើន​រៀន​តាម​សាលា​រដ្ឋ ផ្ទះ​នៅ​ឆ្ងាយ​ពី​កន្លែង​ហាត់​បាល់ មិន​អាច​មក​ហាត់​ទៀងទាត់​បាន​គ្រប់​ពេល​នោះ​ទេ ។ ខុស​ពី​សាលា​ស្រុក​គេ មាន​កន្លែង​ហ្វឹកហាត់​ស្រាប់​​ក្នុង​សាលា​រៀន​តែ​ម្ដង៕

 

​អត្ថបទ៖ មុន្នី រម្យ