ច្រករបៀង​គ្រប់គ្រងដោយ​វរ​ការពារ​ព្រំដែន​លេខ​៩១១ កើតមាន​បទល្មើស​យ៉ាង​ពេញបន្ទុក​

បើទោះបី​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដាក់ចេញ​នូវ​បទបញ្ជា​ឲ្យ​នគរបាល​វរ​ការពារ​ព្រំដែន​ក្នុង​ខេត្ត​នេះ យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​តាម​ព្រំដែន និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​យ៉ាងណាក៏ដោយ ក៏​បទល្មើស​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា​ច្រករបៀង​ដែល​គ្រប់គ្រង​ដោយ​វរ​ការពារ​ព្រំដែន​លេខ​៩១១ ដឹកនាំ​ដោយ​លោក សូ ចាន់ណា​រី កំពុង​កើតមាន​បទល្មើស​យ៉ាង​ពេញបន្ទុក​ដូចជា ការនាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​បើក​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​សៀម​ផងដែរ​។

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ច្រករបៀង​ដែល​គ្រប់គ្រង​ដោយ​វរ​ការពារ​ព្រំដែន​លេខ​៩១១ ក្រោម​ការដឹកនាំ​របស់​លោក សូ ចាន់ណា​រី មិន​ត្រឹមតែ​បើកដៃ​ឲ្យ​ឈ្មួញ​ខិលខូច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ចំណីអាហារ​ខូចគុណភាព​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​មានការ​នាំចេញ​ខោអាវ​ជជុះ​គីប និង​នាំចេញ​ឈើ​ជាដើម​។ បញ្ហា​នេះ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​សមត្ថកិច្ច​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ផ្ទុយទៅវិញ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ច្រករបៀង​ដែល​គ្រប់គ្រង​ដោយ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ បើក​ឲ្យ​ឈ្មួញ​ខិលខូច​នាំចូល​ទំនិញគេចពន្ធ​ដូចជា ម៉ូតូ ទូរទស្សន៍ និង​បើកដៃ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​សៀម​ក្នុង​មួយថ្ងៃៗ​រាប់រយ​នាក់​ជា​ថ្នូ​ល​នឹង​លុយកាក់​។

សូម​បញ្ជាក់ដែរថា ថ្មីៗ​នេះ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានដាក់​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨៩១ លេខ​៨១៥ លេខ​៨០៧ និង​លេខ​៩១១ ចំ​ណុំ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​តាម​ព្រំដែន និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​។ ប៉ុន្តែ​ជាក់ស្តែង​លោក សូ ចាន់ណា​រី មេបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​លេខ​៩១១ មិន​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក អាត់ ខែម នោះទេ ហើយ​ច្រករបៀង​ជាច្រើន​កន្លែង​ក្រោម​ការគ្រប់គ្រង​របស់​វ​រ​ការពារ​ព្រំដែន​លេខ​៩១១ នៅតែ​បើក​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ យ៉ាង​ពេញបន្ទុក​ដដែល​។ ជាងនេះទៅទៀត​គឺមាន​ការនាំ​ចូល​មាន់​រស់ ជ្រូក​ក្រហម សាច់មាន់ ឆ្អឹង​មាន់ ប្រហិត​ខូចគុណភាព និង​គ្រឿងឧបភោគ​បរិភោក​មាន​ផ្ទុក​សារធាតុ​គីមី ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក អាត់ ខែម គួរពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់ ព្រោះ​បទបញ្ជា​ដែល​ដាក់ចេញ​ជា​បន្តបន្ទាប់​របស់លោក កំពុង​ក្លាយទៅជា​រឿង​លេងសើច​ឥតប្រយោជន៍​៕

Lay-066លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ aលោក សូ ចាន់ណារី មេនគរបាលវរការពារព្រំដែនលេខ៩១១