គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ស្វះស្វែង​ឲ្យ​អន្តរជាតិ​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​

​ក្នុងពេលដែល​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុងតែ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សជំទាស់​ធំជាងគេ​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​តាម​គ្រប់​រូបភាព​នោះ នៅថ្ងៃនេះ​គណបក្ស​សង្គ្រោះ​ជាតិ​បានបង្ហាញ​ជំហរ​ថា​នឹង​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ដោះស្រាយ​បញ្ហានយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា និង​ធានា​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ​។​

​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ក្នុង​ដំណើរ​ទៅដល់​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ជាទី​ដែល​សមាជិក​ប្រទេស​អង្គការ​អេ​ប៉ិច​កំពុង​ជួបប្រជុំ​នៅ​ទីនោះ បាន​បញ្ជាក់ថា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជួយ​ជាមួយ​មេដឹកនាំ​សំខាន់ៗ​មួយចំនួន​ដើម្បី​បង្ហាញ​ពី​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ឲ្យ​មាន​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ដូច​បច្ចុប្បន្ននេះ​។ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​សំណូមពរ​ឲ្យ​សហគមន៍​អន្ដរជាតិ​ជួយ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ធានា​ឲ្យ​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​កម្ពុជា វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ និង ដើម្បី​ជួយ​ធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខនេះ​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្ដិធម៌​។​

​ចំពោះមុខ​បញ្ហា​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ដែរថា ព្រឹត្តិការណ៍​ចុងក្រោយ​បំផុត​នៅ​ប្រទេស​កម្ពុជា ក្នុងនោះ​មាន​ទាំង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចំពោះ​រូបលោក​ផងដែរ ក្នុងឋានៈ​លោក​ជា​ប្រធាន​គណបក្សប្រឆាំង​តែមួយគត់​ក្នុង​រដ្ឋសភា  បង្ហាញ​ឲ្យ​ឃើញថា ជោគជ័យ​ដ៏​ត្រចះត្រចង់ និង​ជា​ប្រវត្តិសាស្ត្រ​របស់​ចលនា​ប្រជាធិបតេយ្យ​ប្រឆាំង​អំណាច​ផ្តាច់ការ ក្នុងការ​បោះឆ្នោត​ថ្មីៗ​នេះ​នៅ​ប្រទេស​ភូមា​បណ្តាល​ឲ្យ​មាន​ភាព​តក់ស្លុត និង​ស្លន់ស្លោ​ដល់​អ្នកដឹកនាំ​ផ្តាច់កា​រទាំង​ប៉ុន្មាន​ដែល​នៅ​សេសសល់​ក្នុង​តំបន់​ទ្វីបអាស៊ី​។​

ចំពោះមុខ​បញ្ហា​នេះ លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ម្សិលមិញ បាន​អំពាវនាវ​ដល់​ភាគី​នយោបាយ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ចៀស​ឲ្យ​បាន​ពី​ការប្រើ​អំពើហិង្សា ការគំរាមកំហែង និង​បៀតបៀន​។  ក្នុង​គោលដៅ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បាន​បន្ថែមថា ការចរចា​បែប​ប្រជាធិបតេយ្យ​ក្រោម​បរិយាកាស​ដែល​គ្មាន​ការគំរាមកំហែង គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សង្គម​៕

12246881_1232168163467147_3551653941752503821_n 12279201_994726870584046_4207137011479816556_n