ឃាត់ខ្លួន​យុវជន​២​នាក់ឈរ​កាន់​ដាវ ​និង​កាំបិត​​ចាំ​កាប់​​គូ​ទំនាស់​​ចេញពី​ក្លឹ​បឌី​ស្កូ​ស្ប៉ា​យ​ឌ័​រ

រាជ​ធានី​ភ្នំពេញ ៖ កម្លាំង​ប៉ូ​លិស​ប៉ុស្តិ៍​ចោម​ចៅ បាន​​​ឃាត់ខ្លួន​យុវជន​២​នាក់​ដែល​​​ប្រដាប់​ដោយ​ដាវ និង​កាំបិត​ប៉័ង​តោ រង់ចាំ​កាប់សំលាប់​គូទំនាស់​ដែល​ចេញពី​លេង​នៅ​ក្លឹ​ប​ឌី​ស្កូ​មួយ​កន្លែង ដើម្បី​រំសាយកំហឹង​ នៅ​ក្នុង​ចិត្ត​ ប៉ុន្តែ​មិន​ទាន់​បាន​ជួប​គូ​បក្ខ​ដិ​បក្ខ​ផង ស្រាប់តែ​ត្រូវ​​​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​​​បាន​រាយការណ៍ប្រាប់​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ​ឲ្យ​ចុះ​ទៅឃាត់​​ខ្លួនយក​ទៅ​​សាកសួរ ​និង​កសាងសំ​ណុ​រឿង​ចាត់ការ​តាម​ផ្លូវច្បាប់​​។

ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១ ​និង​១០​នាទី​យប់ ​ថ្ងៃ​ទី១៨ វិ​ច្ឆិកា ២០១៥ នៅ​ចំណុច​មុខ​ក្លឹ​ប​ឌី​ស្កូស្ប៉ា​យ​ឌ័​រ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយផ្លូវ​ចោម​ចៅ​ហៅ​ផ្លូវ​វេង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ​។

យុវជន​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ លន់ ច​ន្ថា អាយុ​២៨​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ មានស្រុក​កំណើត​នៅ​ស្រុក​រលា​ប្អៀ ខេត្តកំពង់ឆ្នាំង និង​ម្នាក់​ទៀត ឈ្មោះ សម រ​ដ្ឋា អាយុ​២០​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ថ្លាន់ ឃុំ​ឧទ​ម្ភ​សុរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា កន្លង​មក​យុវជន​២​នាក់​នោះ ធ្លាប់​មាន​ទំនាស់​គ្នា​ជាមួយ​​មនុស្ស​១​ក្រុមដែល​ធ្លាប់​ចេញ-ចូល​ទៅ​លេង​ក្លឹ​ប​ឌី​ស្កូ​ខាងលើ ។ ​នៅ​មុន​ពេល​កើតហេតុពួក​គេ​បាន​នាំ​គ្នា​ដាក់​ដាវ​ និងកាំបិត​បុ័ងតោ​ម្នាក់​១​តាម​ខ្លួន ​ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មុខ​ក្លឹ​ប​នោះ ក្នុង​បំណង​រង់ចាំ​កាប់​ប្រហារ​ទៅ​លើ​គូទំនាស់​របស់​ខ្លួន ខណៈនោះ​ត្រូវ​បានប្រជាពលរដ្ឋប្រទះ​ឃើញ​ក៏​បាន​រាយ​ការ​ណ៍ប្រាប់​ប៉ូ​លិសដែល​ប្រចាំការ​នៅ​គោលដៅ​ក្បែរក្លឹ​ប​ស្បាយ​ឌ័​រ​នោះ​។​

បន្ទាប់​ពីទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ​ក៏​បាន​ចុះ​ទៅ​កាន់​ទីនោះ​ឃាត់ខ្លួន​បានជន​​ទាំង២​នាក់ និង​ដកហូត​យក​កាំបិត​ និង​ដាវ​រួច​បាន​នាំ​ខ្លួន​ទៅ​ធ្វើការ​សាកសួរ ​៕​​