យុវជន​ម្នាក់​ជិះ​ម៉ូតូ​ពេល​យប់​ធ្លាក់​ជង្ហុក​សន្លប់​ធំ

ខេត្ត​ព្រះ​សីហ​នុ ៖ បុគ្គលិក​សណ្ឋាគារ​ឆ្នេរ​ឯករាជ្យ​ម្នាក់​រង​របួស​សន្លប់​ធំ បន្ទាប់​ពី​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​លើ​ផ្លូវ​ថ្មី​កំពុង​ជួសជុល ដែល​ហេតុ​ការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៥ ត្រង់​ចំណុច​ផ្លូវ​ក្បែរ​សណ្ឋាគារ​សុខា​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​នាង ធា​រ៉ា អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​សណ្ឋាគារ​ឆ្នេរ​ឯករាជ្យ មាន​ទីលំនៅ​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

មុន​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​តាម​បណ្តោយ​ផ្លូវ​០២​ធ្នូ (​ស្រប​មាត់សមុទ្រ​ក្បែរ​សណ្ឋាគារ​សុខា​) ក្នុង​គោលបំណង​មក​លំនៅ​ឋាន ប៉ុន្តែ​មក​ដល់​ចំណុច​កើតហេតុ ដោយ​ស្ថានភាព​ងងឹត ហើយ​ផ្លូវ​មាន​លក្ខណៈ​កោង​ខ្លាំង រួម​ជាមួយ​ជង្ហុក​ជ្រៅ​ផង ទើប​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ជ្រុល​ធ្លាក់​ជង្ហុក​នោះ បោក​ខ្ទាត​ចម្ងាយ​ជិត​១០​ម៉ែត្រ​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​។

ក្រោយ​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ មាន​មតិ​រិះគន់​ថា អ្នកជំនាញ​ជូ​ស​ជុល​ផ្លូវ​ពុំគួរ​ណា​មានការ​ធ្វេសប្រហែស​សោះ ជុំវិញ​ការដ្ឋាន​ជួសជុល​នេះ​នៅ​តាម​ដងផ្លូវ​ចាស់​នេះ គេ​សង្កេត​ឃើញ​ក្រុម​វិស្វករ​ពុំ​បាន​ដាក់​អ្វី​ជា​សញ្ញា​សម្គាល់​នោះ​ទេ ហើយ​កាយ​អាចម៍​ដី​ម្តង​ទាំង​សងខាង ជា​ហេតុ​ធ្វើ​ឱ្យ​ផ្លូវ​រួម​នៅ​តូច​មានការ​ពិបាកធ្វើ​ដំណើរ​ជា​ខ្លាំង ។