ក្រុម​រដ្ឋ​អិុ​ស្លា​ម​ប្រហារជីវិត​ចំណាប់ខ្មាំង​ជនជាតិ​ចិន​ម្នាក់ និង​ន័​រ​វែ​សម្នាក់

ក្រុម​រដ្ឋ​អិុ​ស្លា​ម​ប្រកាស​កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ពី​ការ​ប្រហារជីវិត​ចំណាប់ខ្មាំង​២​នាក់ គឺ​ជនជាតិ​ចិន​ម្នាក់ និង​ន័​រ​វែ​សម្នាក់ ខណៈ​ទីតាំង​របស់​ខ្លួន​នៅ​ស៊ី​រី​គឺ​ក្រុង​រ៉ា​កា ជា​គោល​ដៅ​នៃ​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​របស់​រុ​ស្ស៊ី និង​បារាំង ដែល​សម្លាប់​យុទ្ធ​ជន​ក្រុម​គេ​៣៣​នាក់ រយៈពេល​៧២​ម៉ោង​ចុង​ក្រោយ​នេះ ។

ដោយ​បង្កើន​ការ​គាបសង្កត់​លើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម កង​យន្តហោះ​រុ​ស្ស៊ី​ទទួលបញ្ជា​ឱ្យ​បាញ់​លើ​បណ្តា​រថយន្ត​ស៊ីទែន​ដឹក​ផលិតផល​ប្រេងកាត​ក្នុង​បណ្តា​តំបន់​ដែល​ក្រុម​ជី​ហា​ដ​ត្រួតត្រា ។

ចំណែក​ប្រទេស​បារាំង​ប្រកាស​ថា នាវា​ផ្ទុក​យន្តហោះ CHARLES DE GAULLE នា​ចុង​ស​ប្តា​ហ៍​នេះ​នឹង​ទៅ​ដល់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត ត្រៀម​បញ្ជូន​យន្តហោះ​ទៅ​វាយប្រហារ​នៅ​ស៊ី​រី ។

កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ក្រុម​រដ្ឋ​អិុ​ស្លា​មរ​វាង​រុ​ស្ស៊ី និង​បារាំង​ដែល​ពុំ​គ្រោងទុក គឺ​មក​ពី​ផលវិបាក​នៃ​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​បង្ហូរឈាម​នៅ​ក្រុងប៉ារីស និង​ការ​ធ្លាក់​យន្តហោះ​រុ​ស្ស៊ី​នៅ​តំបន់​ស៊ី​ណៃ​អីុ​អេ​ហ្ស៊ី​ប​ដោយសារ​ស្នាដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ក្នុង​ការ​ប្រកាស​ថ្មី ក្រុម​រដ្ឋ​អិុ​ស្លា​ម​អះអាង​ក្នុង​ទស្សនាវដ្តី DABIQ របស់​ខ្លួន​ថា បាន​ប្រហារជីវិត​ចំណាប់ខ្មាំង​២​នាក់​គឺ​ជនជាតិ​ចិន​ម្នាក់ និង​ន័​រ​វែ​សម្នាក់ ព្រោះតែ​ពុំ​មានការ​ប្រាក់​លោះ​ពួក​គេ​។ ក្រុម​រដ្ឋ​អិុ​ស្លា​ម​ពុំ​បាន​បញ្ជាក់​ថា តើ​តាំងពី​ពេល​ណា និង​កន្លែង​ណា ដែល​អ្នក​ទាំង​២​ត្រូវ​ចាប់ពង្រត់​ឡើយ ។

DABIQ បាន​ផ្សាយ​រូបថត​របស់​មនុស្ស​ទាំង​២​នាក់ ដែល​មាន​ក្រណាត់​ចង​បិទ​ភ្នែក ហើយ​ក្បាលមាន​ឈាម​ប្រឡាក់ ប្រហែលជា​អ្នក​ទាំង​២​ត្រូវ​បាញ់​ស្លាប់ ។ DABIQ សរសេរ​ថា អ្នក​ទាំង​២​ត្រូវ​ប្រហារជីវិត ព្រោះ​បណ្តា​ប្រជាជាតិ និង​អង្គការ​ជា​មារ​បោះបង់​ពួក​គេ​ចោល ។

ប្រទេស​ន័​រ​វែ​ស​អះអាង​ថា ជនជាតិ​របស់​ខ្លួន​លោក OLE JOHAN GRIMSGAARD OFSTAD អាយុ​៤៨​ឆ្នាំ ត្រូវ​ចាប់ពង្រត់​ក្រោយ​ពេល​លោក​ទៅ​ដល់​ស៊ី​រី​បន្តិច​កាលពី​ចុង​ខែមករា ឆ្នាំ​២០១៥ ។

ចំណែក​ប្រទេស​ចិន​វិញ​និយាយ​ថា មានការ​ក្តុកក្តួល​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​ពី​ការ​ប្រហារជីវិត​ជនជាតិ​ខ្លួន ដោយ​អះអាង​ថា ព័ត៌មាន​នេះ​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ថែម​ទៀត ។ ក្រុម​រដ្ឋ​អិុ​ស្លា​ម​ប្រកាស​ឈ្មោះ​ចំណាប់ខ្មាំង​ជនជាតិ​ចិន​ថា ឈ្មោះ FAN JINGHUI ជា​អ្នក​ពិគ្រោះ​យោបល់​អាយុ​៥០​ឆ្នាំ ៕