ពុល​ក្លិនថ្នាំ​បាញ់​ស្រូវ​បណ្តាល​ឲ្យ​កម្ម​ការី​នី​រោងចក្រ​កាត់ដេរ​ជិត​៤០​នាក់​ដួលសន្លប់​

កណ្តាល: កម្ម​ការី​នី ដែល​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​កាត់ដេរ PPNT ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​7NG ប្រមាណ​ជិត​៤០​នាក់​មាន​អកា​រៈ​ទន់ដៃទន់ជើង​ដួលសន្លប់​ជាបន្តបន្ទាប់​។ ហេតុការណ៍​ដួលសន្លប់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០នាទី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុងភូមិ​ព្រៃ​ចាស់ ឃុំ​វិហា​សួគ៌​មាន  ស្រុក​ខ្សាច់កណ្តាល ក្រោយពី​កើតហេតុ ហើយ​ត្រូវបាន​រថយន្ត​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​ខ្សាច់កណ្តាល​។​

​កម្ម​ការី​នី​ដែល​ដួលសន្លប់​ខាងលើនេះ ត្រូវគេ​សង្ស័យថា បាន​ពុល​ក្លិនថ្នាំ​បាញ់សម្លាប់សត្វល្អិត​ដែល​ប្រជាកសិករ​បាន​បាញ់​កា​ពារ​ដំណាំ​ស្រូវ​របស់​ពួកគាត់ស្ថិតនៅ​ក្បែរ​ទីតាំង​រោងចក្រ​ខាងលើនេះ​។ ប្រជាកសិករ​ដែល​បាញ់​ថ្នាំសម្លាប់សត្វ​ល្អិត​នោះ​មានឈ្មោះ អឿន អ៊​ន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មា​ទីលំនៅ​ក្នុង​​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហា​សួគ៌ ស្រុក​ខ្សាច់កណ្តាល​។​

​មន្ត្រីនគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹងថា រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់យីហោ PPNT មាន​ទីតាំង​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG ហើយតំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ស្ថិតក្នុង​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហា​សួគ៌ ស្រុកខ្សាច់កណ្ដាល​។ រោងចក្រ​នេះ មាន​កម្មករ​ចំនួន ២២៦​នាក់ កម្ម​ការី​នី​ដែល​មា​អការៈទ​ន់​ដៃ​ទន់​ជើង​ដួលសន្លប់​នោះ មាន​ចំនួន​៣០​នាក់ រហូតមកដល់​ថ្ងៃត្រង់​ថ្ងៃដដែល​នេះ មាន​អាកា​រៈ​ជាសះស្បើយ​វិញ​ហើយ​បន្ទាប់ពី​គ្រូពេទ្យ​ព្យួរ​ស៊ី​រ៉ូម​ម្នា​ក់មួយប្លោក​រួចមក និង​បាន​ត្រឡប់ទៅផ្ទះ​ជាធម្មតា​។

​ដោយឡែក​កម្មករ​-​កម្ម​ការី​នី ដែល​មិនបាន​ពុល​ដួលសន្លប់​ក៏​ត្រូវបាន​រដ្ឋបាល​រោងចក្របញ្ជា​ឲ្យ​ឈប់សម្រាក​រយៈពេល​មួយថ្ងៃ​ផងដែរ ៕​