របាយការណ៍​បង្ហាញ​ពី​កំណើន​យ៉ាងច្រើន នៃ​ចំនួន​និស្សិត​កម្ពុជា ដែល​សិក្សា​នៅ​សហរដ្ឋអាមេរិក​

: ​របាយការណ៍​ប្រចាំ​ឆ្នាំឈ្មោះ Open Doors ស្តីពី ការផ្លាស់ប្តូរ​ជា​អន្តរជាតិ​ផ្នែក​ការសិក្សាអប់រំ ដែល​បានចេញ​ថ្មីៗ​នេះ បង្ហាញថា ចំនួន​និស្សិត​អន្តរជាតិ ដែល​សិក្សា​នៅ​ស្ថាប័ន​ឧ​ត្ត​មសិ​ក្សា នៅក្នុង​សហរដ្ឋអាមេរិក បាន​កើនឡើង​ចំនួន ១០% ដល់​ចំនួន​ដែល​មិន​ដែលមាន​ពីមុនមក​គឺ​ចំនួន ៩៧៤.៩២៦ នាក់ នៅក្នុង​ឆ្នាំ​សិក្សា ២០១៤/២០១៥​។​

​របាយការណ៍​នេះ បង្ហាញ​ផងដែរ​ថា ចំនួន​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅក្នុង​សហរដ្ឋអាមេរិក មាន​កំណើន​ពី ៤៣២ នាក់ នៅ​ឆ្នាំ ២០១៣-២០១៤ ដល់ ៤៩២ នាក់ នៅ​ឆ្នាំ ២០១៤ - ២០១៥ ដែលជា​កំណើន​រហូតដល់ ១៤%​។​

​លោក Jay Raman មន្ត្រី​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក នៅ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា “​ការអង្កេត​ថ្មី​បំផុត​របស់​របាយការណ៍ Open Doors បង្ហាញអោយឃើញថា​និស្សិត​កម្ពុជា​ដែលមាន​លក្ខណៈសម្បត្តិ​ក្នុងការ​សិក្សា​ហើយ​ចេះ​និយាយ​ភាសា​អង់គ្លេស​ពិតជា​អាច​សំរេច​គោលដៅ​របស់គេ​បាន​នៅក្នុង​ការសិក្សា​នៅតាម​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ ក្នុង​សហរដ្ឋអាមេរិក​។ ស្ថានទូត​អាមេរិក​និង​មជ្ឈមណ្ឌល Education USA ដែលជា​ដៃគូ​របស់​យើង​ចាំ​ជួយ​ក្នុង​គ្រប់​ដំណាក់កាល​រាប់​ពី​ពេល​ជ្រើសរើស​មហាវិទ្យាល័យ​ដល់ពេល​ដាក់​ពា្យ​សុំ​អាហារូបករណ៍ និង​សុំ​ជំនួយ​ថវិកា​”​។​

​មជ្ឈមណ្ឌល EducationUSA គឺជា​បណ្តាញ​នៃ​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ចំនួន​ជាង ៤០០ របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​នៅតាម​ប្រទេស​ចំនួន​ជាង ១៧០ ដែល​ផ្តល់​ប្រឹក្សា​ដល់​និស្សិត​អន្តរជាតិ ។      
​មជ្ឈមណ្ឌល​ទាំងនេះ​ផ្តល់ព័ត៌មាន​ស្តីពី​ស្ថាប័ន​អប់រំ​នៅ​សហរដ្ឋអាមេរិក​និង​ការណែនាំ​ដល់​អ្នក​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុងការ​ដាក់ពាក្យ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​។

​មាន​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ចំនួន​ពីរ នៅ​រាជធានី​ភ្នំពេញ ដោយ​មួយ​ស្ថិតនៅក្នុង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​នៃ​កម្ពុជា និង​មួយទៀត ស្ថិតនៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ កន្លែង​ផ្តល់ព័ត៌មាន​មួយទៀត ដែល​ស្ថានទូត​អាមេរិក មាន​សំរាប់​ប្រជាជន​កម្ពុជា ដែលមាន​ការចាប់អារម្មណ៍ ចង់ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក គឺ​បណ្ណាល័យ​ស្ថានទូត​អាមេរិក​។

​ដោយមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប បាត់ដំបង និ​ងេ​ខត្ត​កំពង់​ចា បណ្ណាល័យ​ស្ថានទូត​អាមេរិក​និ​មួយៗ មាន​សៀវភៅ និង​ព័ត៌មាន​នានា​ជាច្រើន ជា​ភាសា​អង់គ្លេស ឯកសារ​ណែនាំ​ដល់​សិស្ស និង​អាសយដ្ឋាន​នៃ​គេហទំព័រ ស្តីពី សាកលវិទ្យាល័យ និង​អាហារូបករណ៍ ឯកសារ​ត្រៀម​រៀបចំ​សំរាប់​ការធ្វើ​តេស្ត និង ព័ត៌មាន ស្តីពី ទិដ្ឋាកា​សំរាប់​សិស្ស​។​

​ការកើនឡើង​ចំនួន ១០% ក្នុង​ចំនួន​និស្សិត​អន្តរជាតិ នៅក្នុង​សហរដ្ឋអាមេរិក គឺជា​អត្រាកំណើន​ខ្ពស់បំផុត​នៅក្នុង​រយៈពេល ៣៥ ឆ្នាំ​មកនេះ​។ ការកើនឡើង​នេះ ត្រូវបាន​រាយការណ៍​មក​ថា​មាននៅ​តាម​រដ្ឋ​ចំនួន ៤៤​។ ការចំណាយ​របស់​និស្សិត​បរទេស នៅក្នុង​រដ្ឋ​ទាំង ៥០ បានរួម​ចំណែក​ប្រាក់​ចំនួន​ជាង ៣០ ពាន់​លាន​ដុល្លា​អាមេរិក ដល់​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​២០១៤ ដោយមាន​កំណើន​ជាង ៣ ពាន់​លាន​ដុល្លារ​អាមេរិក គិតពី​ឆ្នាំ ២០១៣ មក​។

​និស្សិត​ក្នុង​សហរដ្ឋអាមេរិក​ដែល​មកពី​តំបន់​អាមេរិក​ឡាទីន​និង​តំបន់​កា​រ៉ា​អ៊ី​ប​មាន​អត្រា​កើនឡើង​លឿន​ជាងគេ​តែ​កំណើន​ដ៏​ច្រើន​ក៏ត្រូវ​បានឃើញ​ផងដែរ​មកពី​តំបន់​អា​ស៊ីម​ជ្ឈឹ​ម​បូព៌ា​អាហ្វ្រិក​ខាងជើង​និង​តំបន់​សាហា​រ៉ា​ខាងក្រោម​នៃ​ទ្វីបអាហ្វ្រិក​។​

​ការចេញ​របាយការណ៍ Open Doors ត្រូវបានធ្វើ​នៅក្នុង​សប្តាហ៍​នៃ​ការអប់រំ​អន្តរជាតិ ដែល​អបអរ​និង​ជំរុញ​ការផ្លាស់ប្តូរ​គ្នា​និង​ការអប់រំ​អន្តរជាតិ​នៅ​ទូទាំង​ពិភពលោក​។ សប្តាហ៍​នេះ ត្រូវបាន​រួមគ្នា​រៀបចំ​ដោយ​ក្រសួងការបរទេស និង​ក្រសួង​អប់រំ​នៃ​សហរដ្ឋអាមេរិក​៕​