សាលា​រាជធានី​ភ្នំពេញ ជូនដំណឹង​ពី​ការរៀបចំ​កម្មវិធី​កំសាន្ត ដើម្បី​អបអរ​បុណ្យ​អ៊ុំ​ទូក​

ភ្នំពេញ​: បើទោះបីជា​ឆ្នាំនេះ ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក មិនបាន​ប្រារព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ក៏ដោយ ក៏​ខាង​សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ស្តីពី​ការរៀបចំ​កម្មវិធី​កំសាន្ត​សប្បាយ ដើម្បី​អបអរសាទរ ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប  និង​សំពះ​ព្រះ​ខែ អកអំបុក​។​

​នៅក្នុង​សេចក្តីជូនដំណឹង​នោះ លើកឡើងថា ពិធីបុណ្យ​រយៈពេល​បី​ថ្ងៃ គឺ​ថ្ងៃទី​២៤.២៥.២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ សាលា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​កម្មវិធី​កំសាន្ត​សប្បាយ ជូន​បងប្អូន​ប្រជាពលរដ្ឋ គឺ​ការសម្តែង​សិ​ល្បះ ការប្រគំ​តន្ត្រី ការដាក់​តាំងពិព័រណ៍​ផលិតផល ព្រម​តាំង​ការ​បណ្តែត​គោម នៅ ៤ កន្លែង រួមមាន​៖ នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ទីធ្លា​សួនច្បារ​មុខ​វត្ត​បទុម​វ​តី នៅ​កោះ​ពេជ្រ និង​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​។​

​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា កម្មវិធី​ជួបជុំ​សម្តែង​សិ​ល្បះ ការប្រគំ​តន្ត្រី និង​ការតាំងពិព័រណ៍​ផលិតផល​ទាំងនោះ នឹងធ្វើ​ការផ្សាយ​បន្ត​ផ្ទាល់​ពី​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​ផងដែរ​៕​

សាលា​រាជធានី​ភ្នំពេញ ជូនដំណឹង​ពី​ការរៀបចំ​កម្មវិធី​កំសាន្ត ដើម្បី​អបអរ​បុណ្យ​អ៊ុំ​ទូក​