តវ៉ា​ច្រើន​លើក​មិន​បាន​លទ្ធផល ​លើក​នេះ​លី​ មឈូស​មក​តាំង​ តវ៉ា​​ជា​ថ្មី​មុខ​សាលាក្រុង

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​រឿង​ផល​ប៉ះពាល់​ដី​ចំណី​ផ្លូវ​រថភ្លើង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​ជា​បញ្ហា​ចោទ​ដដែល​ដោយសារ​ការ​តវ៉ា​ជា​ច្រើន​លើក​មិន​បាន​លទ្ធផល​មក​ដល់​ថ្ងៃនេះ​(19,11,2015) ពលរដ្ឋបាន​លីម​ឈូស​មក​តវ៉ា​ហើយ​ប្រាប់​ថា ​នេះ​ជា​លើក​ទី​10ហើយ ​ព្រោះ​គ្មាន​ដំណោះស្រាយ​។

អ្នក​តវ៉ា​ទាំងអស់​ខាងលើ​មក​ពី​សង្កាត់​ប៉ោយ​ប៉ែ​ត ​និង​សង្កាត់​ផ្សារ​កណ្តាល​ប្រហែល​ជាង​50​គ្រួសារ​ហើយ​សុទ្ធតែ​ជា​អ្នកមាន​ផល​ប៉ះពាល់​ជាមួយ​​ដី​ចំណី​រថភ្លើង​ និង​ថា​មិន​ទាន់​ទទួល​បាន​គោលនយោបាយ​ដោះស្រាយ​ពី​អន្តរក្រសួង​ត្រឹមត្រូវ​នៅ​ឡើយ។

ការ​តវ៉ា​លើក​នេះ​​ គេ​កត់​សម្គាល់ថា​ ខុស​ពី​ការ​តវ៉ា​លើក​មុន​ៗ ​ព្រោះ​មាន​ទាំង​កុមារ​តូច​ៗ​មួយ​ចំនួន​ផង​ដែរ​ដែល​ឪពុក​ម្តាយ​របស់​ពួក​គេ​ស្រែ​កថា​ មក​ពី​អាជ្ញាធរ​មិន​ដែល​រក​ដំណោះស្រាយ​ឲ្យ​ទើប​លើក​នេះ​នាំ​យក​ទាំង​កូន​មក​ជាមួយ​ ព្រោះ​ថាបើ​ពួក​គាត់​មិន​ទទួល​បាន​ដី​ កូនប្រុស​ស្រី​របស់​ពួក​គាត់​ក៏​មិន​បាន​ដី​ដូច​គ្នា​នា​ពេល​អនាគត។

ពិសេស​លើស​នេះ​ទៅ​ទៀត​នោះ​ ការ​តវ៉ា​លើក​នេះ​ក្រុម​អ្នក​តវ៉ា​បាន​ធ្វើ​ជាម​ឈូស​មួយ​ដោយ​ជញ្ជាំង​មឈូស​នោះ​មាន​ស​សេរ​អក្សរ​វាយប្រហា​លើ​អាជ្ញាធរ​ចោទ​ថា ​មាន​ពាក់ព័ន្ធ​នឹង​អំពើ​រពុក​រលួយ​ធ្វើ​ឲ្យ​បាត់បង់​ដី​របស់​ពួក​គាត់​។

ឈ្មោះ​ឆេ​ង ​ប៊ុ​ន​ហាក់​ ភេទ​ប្រុស​ អាយុ​37​ឆ្នាំ​ រស់នៅ​ភូមិ​ និង​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ការ​តវ៉ា​លើក​នេះ​នៅ​ជា​រូបភាព​កំប៉ិកកំប៉ុក​នៅឡើយ​ ហើយ​បញ្ជាក់​ថា បើ​អាជ្ញាធរ​នៅ​តែ​មិន​ព្រម​រក​ដំណោះស្រាយ ​និង​បន្ត​ធ្វើ​បាតុកម្ម​ជា​រៀង​រហូត​ និង​ក្រោម​រូបភាព​ខ្លាំងក្លា​ជាង​នេះ​។

តំណាង​ខាងលើ​លើក​ឡើង​ថា​ ការ​តវ៉ា​ថ្ងៃនេះ​មាន​២​ចំណុច ​​១-​ចង់​ដឹង​ថា​តើ​ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​កោះហៅ​ពួក​គាត់​ជា​តំណាង៤នាក់​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​អធិការ​នគរបាល​ក្រុង​ ព្រោះ​កំហុស​អ្វី? និង​២-សុំ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​គោរព​គោលនយោបាយ​របស់​ADB ឲ្យ​បាន​ត្រឹមត្រូវ​,​ គោរព​សិទ្ធិ​មនុស្ស​ និង​ដោះស្រាយ​គោលនយោបាយ​ដីធ្លី​ប៉ះពាល់​របស់​ពួក​គាត់​ជា​សំណង​ឲ្យ​ស្រប​តាម​តម្លៃ​ទីផ្សារ​ដី​នា​ពេល​បច្ចុប្បន្ន​។

ឈ្មោះ​ឆេ​ង ​ប៊ុ​ន​ហាក់ ​លើក​ឡើង​ថា​ ការ​តវ៉ា​ថ្ងៃនេះ​មាន​មឈូស​គឺ​ចង់​បញ្ជាក់​អត្ថន័យ​ថា​ មឈូស​នេះ​សម្រាប់​ដាក់​មន្ត្រី​ខិលខូច​,​ មន្ត្រី​រំលោភ​បំពាន​ដី​ពលរដ្ឋ​ និង​មន្ត្រី​ពុក​រលួយ​។ បើ​ទោះជា​ក្រុម​អ្នក​តវ៉ា​លើក​ឡើង​ថា​នេះ​ជា​លើក​ទី​10​ក៏​ដោយ​ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​មិន​អើពើ​​ចំពោះ​ការ​តវ៉ា​ ឬ​ចេញ​មក​បកស្រាយ​អ្វី​ឡើយ​ចំពោះ​មុខ​ពលរដ្ឋ​ គឺ​ឃើញ​មាន​តែ​សមត្ថកិច្ច​នគរបាល​៥ទៅ៦នាក់​តាម​អង្វរ​សុំ​ក្រុម​អ្នក​តវ៉ា​ឲ្យ​បញ្ឈប់​សកម្មភាព​ និង​យក​មឈូស​នោះ​ចេញពី​មុខ​សាលាក្រុង ​ព្រោះ​វា​ពិបាក​ភ្នែក​មើល​។

ថ្វី​ត្បិត​តែ​ក្រុម​អ្នក​តវ៉ា​ស្តាប់​តាម​ការ​ស្នើ​សុំ​ពី​សមត្ថកិច្ច​នាំ​គ្នា​លី​មឈូស​ត្រឡប់ ​តែ​លើក​ឡើង​ថា ​ពួក​គេ​នឹង​បន្ត​បាតុកម្ម​ឲ្យ​កាន់តែ​ខ្លាំង ​ប្រសិនបើ​អាជ្ញាធរ​ក្រុង​ ពិសេស​រាជរដ្ឋាភិបាល​នៅ​តែ​មិន​អើពើ​​រក​ដំណោះស្រាយ​គោលនយោបាយ​ដីធ្លី​ឲ្យ​ពួក​គាត់​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ​៕ ​