វង្ស ណយ និង ឡៅ ស៊ីណាត អាច​ដល់ ៥​ទឹក​ពេញ​ទេ​លើក​នេះ?

វង្ស ណយ និង ឡៅ ស៊ីណាត អាច​ដល់ ៥​ទឹក​ពេញ​ទេ​លើក​នេះ?

អ្នក​ប្រដាល់​លេង​កែង វង្ស ណយ និង​ខ្លា​ចាស់ ឡៅ ស៊ីណាត ត្រូវ​ជួប​ប្រកួត​​គ្នា​លើ​សង្វៀន​​ជា​លើក​ទី៦ នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ពាន​រង្វាន់​គូប៊ូតា​ទឹក​ប្រាក់ ៤​ពាន់​ដុល្លារ​លើ​សង្វៀន​បាយ័ន​បឹងស្នោ។ ជំនួប ៥​​​ដង​កាល​ពី​ពេល​កន្លង​ទៅ ជើង​ខ្លាំង​ទាំង​២ មិន​ធ្លាប់​វាយ​ផុត ៥​ទឹក​ឡើយ ចុះ​ថ្ងៃ​អាទិត្យ​នេះ?

 

វង្ស ណយ និង ឡៅ ស៊ីណាត អាច​ដល់ ៥​ទឹក​ពេញ​ទេ​លើក​នេះ?

 

ឡៅ ស៊ីណាត ទើប​ប្រកួត​ចាញ់​កីឡាករ បឺត ខាំ ទាំង​មិន​អស់​ចិត្ត​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​​កម្មវិធី​​​ដណ្ដើម​ខ្សែ​ក្រវាត់​ជើង​ឯក​ខារ៉ាបាវ​រដូវ​កាល​ទី​២​។ កីឡាករ​មក​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ កំពុង​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ឡើង​វិញ ដើម្បី​ដណ្ដើម​ទឹក​ប្រាក់ ៤​ពាន់​ដុល្លារ​ជា​ថ្មី បន្ទាប់​ពី បឺត ខាំ​ ដណ្ដើម​យក​ទឹក​ប្រាក់ ៥​ពាន់​ដុល្លារ​បាត់​កាល​ពី​ថ្ងៃ​ទី០៨។

 

ឡៅ ស៊ីណាត ជំនាញ​ប្រើ​ជង្គង់ និង​ការ​ទាត់​​បំបាក់​ជើង​ក្រោម​របស់​ដៃ​គូ​ប្រកួត។ កីឡាករ​ជើង​ចាស់​រូប​នេះ បាន​បង្ហាញ​ភាព​ខ្លាំង​ដោយ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​មិន​លើស​ពី​ទឹក​ទី៣ ចំនួន ៦​ប្រកួត​ជាប់​គ្នា កាល​ពី​ចុង​ឆ្នាំ២០១៤ និង​ដើម​ឆ្នាំ​២០១៥។ ចំពោះ​ការ​ប្រកួត​លើក​​នេះ ឡៅ ស៊ីណាត បាន​ប្រាប់ Sabay ថា៖ «ខ្ញុំ​សង្ឃឹម​ច្រើន​អាច​យក​ឈ្នះ ប៉ុន្តែ​រឿង​សន្លប់​នោះ​មិន​អាច​ថា​បាន​ទេ ចាំ​មើល​ចប់​ប្រកួត​សិន»។

 

វង្ស ណយ និង ឡៅ ស៊ីណាត អាច​ដល់ ៥​ទឹក​ពេញ​ទេ​លើក​នេះ?

កីឡាករ ឡៅ ស៊ីណាត

 

ចំណែក វង្ស ណយ វិញ ល្បី​ថា​ជំនាញ​ប្រើ​កែង ដែល​អាច​ធ្វើ​ឲ្យ​ដៃ​គូ​ភាគ​ច្រើន​បែក​ឈាម​ក្រោយ​ចប់​ការ​ប្រកួត។ ទោះ​បែប​នេះ​ក្ដី កីឡាករ​មក​ពី​ខេត្ត​ប៉ៃលិន​រូប​នេះ​បាន​បញ្ជាក់​ថា​គ្មាន​សង្ឃឹម​ច្រើន​ឡើយ ព្រោះ​ហាត់​មិន​បាន​ដិត​ដល់ ដោយសារ​កត្តា​ជីវភាព​ប្រចាំ​ថ្ងៃ។ វង្ស ណយ បាន​និយាយ​ថា៖ «ខ្ញុំ​ហាត់​មិន​បាន​ច្រើន​ទេ ព្រោះ​ជីវភាព​មិន​អំណោយ​ផល ណា​មួយ​មាន​ជំងឺ​ជាប់​ខ្លួន​ផង មិន​អាច​យក​ពេល​ទៅ​ហាត់​ស្លាប់ រស់ បាន​ដូច​គេ​ទេ ខ្លាច​ដាច់​បាយ… ប្រកួត​នេះ ខ្ញុំ​សង្ឃឹម​តែ ៥០​% អី​ហ្នឹង»។

 

វង្ស ណយ និង ឡៅ ស៊ីណាត អាច​ដល់ ៥​ទឹក​ពេញ​ទេ​លើក​នេះ?
កីឡាករ​ វង្ស ណយ

 

ឡៅ ស៊ីណាត និង វង្ស ណយ ធ្លាប់​ប៉ះ​គ្នា ៥​លើក​ហើយ ប៉ុន្តែ​មិន​ដែល​ប្រកួត​ពេញ​ដល់ ៥​ទឹក​ទេ។ កីឡាករ វង្ស ណយ ធ្លាប់​ផ្ដួល ឡៅ ស៊ីណាត ២​ដង ឯ ឡៅ ស៊ីណាត ផ្ដួល វង្ស ណយ ៣​ដង។ ចាំ​មើល​ជំនួប​ថ្ងៃ​អាទិត្យ​នេះ កីឡាករ​ទាំង​ពីរ​អាច​ឆ្លង​ផុត ៥​ទឹក​ទេ?

 

អត្ថបទ៖ គង់ វិសាល