​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៤ (​លម្អិត​)

​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៤ (​លម្អិត​)

​ការលូតលាស់​របស់​កូន​

​សប្តាហ៍​នេះ ជា​ពេលវេលា​ដែល​អំប្រ៊ីយ៉ុង ចាប់ផ្តើម​លូតលាស់​ហើយ​។ ពេលនេះ រហូត​ដល់​សប្តាហ៍​ទី ១០ សរីរាង្គ​ទាំងអស់​របស់​កូន នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍ ហើយ​មួយចំនួន នឹង​ចាប់ផ្តើម​បំពេញ​មុខងារ​របស់​ខ្លួន​ដែរ​។ សរុបមក វា​គឺជា​ពេលវេលា​ដែល​រូបគេ ងាយ​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ ដែល​អាច​រំខាន ដល់​ការលូតលាស់​នេះ​។

​ឥឡូវ កូន​របស់​អ្នក​គឺជា​អំប្រ៊ីយ៉ុង​មួយ ដែល​មាន​ទំហំ ប៉ុន​គ្រាប់​ផ្លែ​អាភៀន​ប៉ុណ្ណោះ ព្រមទាំង​មាន​ពីរ​ស្រទាប់​គឺ អេពី​ប្លាស (Epiblast) និង ហាយ​ប៉ូ​ប្លាស (Hypoblast) សម្រាប់​បង្កើត​ជា​សរីរាង្គ និង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ទាំងអស់​របស់​កូន​។

​ដំណាក់កាល​ដំបូង​របស់​សុក ក៏​ត្រូវបាន​បង្កើតឡើង ដោយ​ស្រទាប់​ទាំងពីរ​នេះ​ដែរ​។ កោសិកា​របស់​វា កំពុងតែ​ជីក​រូង ចូលទៅក្នុង​ភ្នាស​កម្រាល​របស់​ស្បូន ដើម្បី​បង្កើត​ចម្លោះ​លំហូ​រឈាម ដូច្នេះ ការលូតលាស់​របស់​សុ​ក អាច​ផ្តល់​ជា​សារធាតុចិញ្ចឹម និង​អុកស៊ីសែន ដល់​កូន​ដែល​កំពុង​តែ​លូតលាស់​ក្នុង​សប្តាហ៍​នេះ​។

​ថង់​ទឹកភ្លោះ ក៏​មាន​វត្តមាន​ដែរ ដែល​វា​ដើរតួនាទី​ជា​ផ្ទះ​របស់​ទារក និង​មាន​ទឹកភ្លោះ​ក្នុងនោះ សម្រាប់​ជួយ​ជា​ទ្រនាប់ ឬ​ខ្នើយ នៅពេល​ទារក​លូតលាស់ ចំណែកឯ​ពង​ស (Yolk Sac) មាន​នាទី​បង្កើត​គ្រាប់​ឈាមក្រហម​របស់​កូន និង​ជួយ​បញ្ជូន​សារធាតុចិញ្ចឹម រហូតដល់​សុក​លូតលាស់​រួច  និង​ត្រឹមត្រូវ ដើម្បី​បំពេញ​មុខងារ​របស់​វា​។

​ការផ្លាស់ប្តូរ​ជីវិតរ​បស់​អ្នក​
​នៅ​សប្តាហ៍​នេះ មានពេលខ្លះ អ្នក​ប្រហែលជា​អាច​ដឹង​ថា មាន​ផ្ទៃពោះ ឬក៏​អត់​ហើយ​។ ដើម្បី​ទទួលបាន​លទ្ធផល ដ៏​សុ​ក្រិត​បំផុត​នោះ គួរតែ​ធ្វើ​តេស្ត​រកមើល ការ​មាន​ផ្ទៃពោះ​នៅ​ចុង​សប្តាហ៍​នេះ​វិញ​។ (​ឥឡូវ អ្នក​ក៏​អាចធ្វើ​បាន​ដែរ បើសិនជា​ចង់ ប៉ុន្តែ វា​ទំនងជា​ទទួល​បាន​លទ្ធ​ផល​ត្រឹមត្រូវ ក្នុង​មួយ​សប្តាហ៍ មុន​នឹង​រំពឹងថា មក​រដូវ​)​។​

​បើសិន​ជា​លទ្ធផល​ឃើញ​វិជ្ជមាន ចូរ​ទាក់ទង​គ្រូពេទ្យ ដើម្បី​ធ្វើការ​ណាត់​ជួប​គ្នា ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ដំបូង​។ គ្រូពេទ្យ​ភាគច្រើន មិន​ពិនិត្យ​អ្នក​ទេ លុះត្រាតែ​គភ៌​អាយុ​បាន ៨ សប្តាហ៍​។ ប៉ុន្តែ បើសិន​ជា​អ្នក​មាន​ជំងឺ មាន​បញ្ហា​ច្រើន​កាល​ពី​ផ្ទៃពោះ​លើក​មុន ឬ​មាន​រោគសញ្ញា​ដែល​ត្រូវ​ការពិគ្រោះ​យោបល់ អ្នក​ក៏​គួរតែ​ទាក់ទង​គ្រូពេទ្យ​ដែរ​។

​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៤ (​លម្អិត​)

​បើសិន​ជា​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ (​តាម​វេជ្ជបញ្ជា ឬ​គ្មាន​វេជ្ជបញ្ជា​) ចូរ​សួរ​គ្រូពេទ្យ​វិញ​ថា តើ​វា​មាន​សុវត្ថិភាព ក្នុង​ការប្រើប្រាស់​ទៀត ឬក៏​អត់​។ ហើយ​ចូរ​ប្រាកដថា អ្នក​ប្រាប់​រាល់​បញ្ហា ដែល​បារម្ភ​ទាំងអស់ ឲ្យ​គ្រូពេទ្យ​ដឹង​ហើយ​។

​អ្នក​គួរតែ​ត្រៀម​ខ្លួន​រួចជាស្រេច ក្នុង​ការប្រើ​ថ្នាំ​វីតាមីន​ចម្រុះ ដែល​យ៉ាងហោចណាស់ ក៏​ត្រូវ​មាន​អាស៊ីតហ្វូលិ​ក (​វីតាមីន B9) ៤០០ ម៉ៃក្រូ​ក្រាមដែរ​។ នៅ​ពេល​អ្នក​មាន​ផ្ទៃពោះ អ្នក​នឹង​ត្រូវ​ការបន្ថែម​រហូតដល់ ៦០០ ម៉ៃក្រូ​ក្រាម​ក្នុង​មួយ​ថ្ងៃវិញ ដើម្បី​ប៉ូវ​មនុស្ស​ពីរ​នាក់​។

​នៅ ៦ សប្តាហ៍​ក្រោយ គឺជា​ពេលវេលា​លូតលាស់​ដ៏​សំខាន់​របស់​កូន​។ ភាព​មិន​ទាន់​រីកចម្រើន​ល្អ​របស់​សុក និង​ទងសុក ក្នុង​ការបញ្ជូន​សារធាតុ​ចិញ្ចឹម និង​អុកស៊ីសែន​ដល់​កូន កំពុងតែ​បំពេញ​មុខងារ​របស់​ខ្លួន​។ តាមរយៈ​សុក កូន​ត្រូវ​ប្រឈមមុខ នឹង​អ្វី​ដែល​អ្នក​ញ៉ាំ ចូលទៅ​ក្នុង​រាងកាយ ដូច្នេះ​ចូរ​ប្រាកដថា អ្វី​ដែល​អ្នក​ញ៉ាំ គឺ​ល្អ​ទាំង​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ​។

​បើសិនជា​ការ​ធ្វើ​តេស្ត រកមើល​ការ​មាន​ផ្ទៃពោះ នៅផ្ទះ​ដោយ​ខ្លួនឯង​ឃើញ​អវិជ្ជមាន ចូរ​ធ្វើតេស្ត​ម្តងទៀត​នៅ​សប្តាហ៍​ទី​ប្រាំ ប្រសិនបើ​នៅ​តែ​មិន​មក​រដូវ​ទៀត​។ នៅ​សប្តាហ៍​ទី​បួន ការ​ធ្វើ​តេស្ត​ទឹកនោម​ជាច្រើន មិន​មាន​លទ្ធផល​គ្រប់គ្រាន់ ក្នុង​ការតាមដាន​ការ​មាន​ផ្ទៃពោះ​ទេ​។

​បើសិន​ជា​អ្នក​កំពុងតែ ព្យាយាម​ឲ្យមាន​ផ្ទៃពោះ រយៈពេល​ច្រើន​ឆ្នាំ ដោយ​មិន​ជោគជ័យ (​ឬ​រយៈពេល​ប្រាំមួយ​ខែ បើ​អាយុ​ខ្ទង់ ៣៥ ឆ្នាំ​ហើយ​) ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ​អ្នក និង​ដៃគូ ក្រែង​មាន​បញ្ហា​នៃ​ការបន្ត​ពូជ កើតមាន​ចំពោះ​អ្នក​ទាំង​ពីរ​។ ខណៈពេល​លទ្ធផល​ចេញមក ធ្វើឲ្យ​ពិបាកចិត្ត​នោះ ចូរ​រកឲ្យឃើញ​ថា វា​បណ្តាល​មកពី​អ្វី ដើម្បី​ចាប់ផ្តើម​ព្យាបាល និង​សម្រេច​គោលបំណង នៃ​ការចង់​បានកូន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។