វាយប្រហារ​ភេរវកម្ម​នៅ​បារាំង​ក្រុម​ជី​ហា​ដ​ថ្មី​មួយ​ត្រូវ​កម្ទេច

ប៉ូលិស​បារាំង​កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា បាន​កម្ទេច​ក្រុម​ជី​ហា​ដ​ថ្មី​នៅ​ក្នុងផ្ទះ​មួយ​នៃ​ទីក្រុង SAINT-DENTS ក្បែរ​ក្រុងប៉ារីស ក៏​ប៉ុន្តែ​វាសនា​របស់​ជន​ឈ្មោះ ABDELHAMID ABAAOUD ជា​មេគំនិត​នៃ​ការ​វាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា នៅ​ពុំ​ទាន់​ដឹង ខណៈ​ជនសង្ស័យ​ដែល​ត្រូវ​សម្លាប់​ក្នុង​ប្រតិបត្តិការ​មួយ​ក៏​នៅ​ពុំ​ទាន់​កំណត់​អត្តសញ្ញាណ​ដែរ ។

មនុស្ស​៨​នាក់​ត្រូវ​ចាប់ខ្លួន​ឃុំឃាំង​ក្នុង​ការ​វាយលុក​មួយ​សំដៅលើ​ជន​ជី​ហា​ដ​បែ​ល​ហ្ស៊ិ​ក ដែល​បាញ់ប្រហារ​យ៉ាង​ខ្លាំង ។

រដ្ឋ​អាជ្ញា​ក្រុងប៉ារីស លោក FRANCE MOLINS ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​និយាយ​ថា ក្រុម​ភេរវ​ករ​ថ្មី​មួយ​ត្រូវ​បាន​កម្ទេច​មុន​ពេល​ក្រុម​កុំម៉ង់ដូ​នេះ​ចេញ​ធ្វើ​សកម្មភាព ។ ការ​ពិនិត្យ​កំពុង​ធ្វើ ដើម្បី​ឱ្យ​ដឹង​ថា តើ ABDELHAMID ABAAOUD និង SALAH ABDESLAM ជនសង្ស័យ​គន្លឹះ​ដែល​ប៉ូលិស​តាម​ប្រមាញ់​ត្រូវ​ស្លាប់​ក្នុង​ការ​វាយលុក ឬ​យ៉ាងណា ។

ក្នុង​ប្រតិបត្តិការ​របស់​ប៉ូលិស​ពិសេស​ដែល​មាន​រយៈពេល​៧​ម៉ោង​ភាគ​កណ្តាល​ក្រុង SAINT DENIS ត្រូវ​ឡោម​ព័ទ្ធ ។ លោក FRANQOIS MOLINS គូសបញ្ជាក់​ថា ការ​វាយលុក​ជួប​ការ​លំបាក​ខ្លាំង​បំផុត​ជាមួយ​ការ​បាញ់​តតាំង​គ្នា​យ៉ាង​ខ្លាំងក្លា​រយៈពេល​១​ម៉ោង ដោយ​ប៉ូលិស​បាញ់​អស់​ជាង​៥.០០០​គ្រាប់ ។ ប៉ូលិស​៥​នាក់​ត្រូវ​របួសស្រាល ។ ក្នុង​ពេល​វាយលុក​នារី​អត្តឃាត​ម្នាក់​បាន​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ​ស្លាប់ ហើយ​សាកសព​បុរស​ម្នាក់​ត្រូវ​គ្រាប់​សុស ក៏​រក​ឃើញ​ក្នុង​អគារ​ដែល​គំនរ​បាក់​ដែរ ។

រហូត​ដល់​យប់​ថ្ងៃ​ទី​១៨ វិច្ឆិកា អាជ្ញាធរ​នៅ​ពុំ​ទាន់​ផ្តល់​តុល្យការ​ពិតប្រាកដ​នៃ​ការ​វាយលុក​នេះ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២​នាក់ ក្នុង​ចំណោម​អ្នក​នៅ​ក្នុងផ្ទះ​ដែល​វាយលុក ។ ក្រសួងមហាផ្ទៃ​ពុំ​បដិសេធ​ពី​ភេរវ​ករទី​៣​ម្នាក់​ទៀត​ដែល​អាច​ស្លាប់​ដែរ ។ មនុស្ស​៣​នាក់ ចាប់ខ្លួន​មុន​ចាប់ផ្តើម​ធ្វើ​អន្តរាគមន៍ ហើយ​២​នាក់​ទៀត​ចាប់ខ្លួន​ដែរ ក្រោយ​រក​ឃើញ​ក្នុង​គំនរ​បាក់បែក ។ រួច​មនុស្ស​៣​នាក់​ចាប់ខ្លួន​នៅ​លើ​ផ្លូវ​សាធារណៈ ៕