យុវនារី​អត្តឃាត​2​នាក់​សម្លាប់​មនុស្ស​យ៉ាងតិច​15​នាក់​នៅ​នី​ហ្សេ​រី​យ៉ា

យោង​តាម​ប៉ូលិស​ថា មនុស្ស​១៥​នាក់​ស្លាប់​ហើយ​ជាង​៥០​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ដោយសារ​ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រឿងផ្ទុះ​២ ក្នុង​ផ្សារ​មួយ​នៃ​ទីក្រុង​កា​ណូ​ភាគ​ខាងជើង​នី​ហ្សេ​រី​យ៉ា ដែល​ការ​វាយប្រហារ​ទាំង​២​នេះ​ធ្វើ​ឡើង​ដោយ​យុវនារី​អត្តឃាត​២​នាក់​ម្នាក់​អាយុប្រមាណ​ជាង​១០​ឆ្នាំ​ប៉ុណ្ណោះ ។

យោង​តាម​សាក្សី​ទាំងឡាយ​ជា​អ្នកលក់​ដូរ​ថា មានការ​ផ្ទុះ​២ ក្នុង​ផ្សារ​ដែល​លក់​ជា​ពិសេស​នូវ​ទូរស័ព្ទ​ដៃ​ក្រោយ​ម៉ោង​១៦​ម៉ោង​ក្នុងស្រុក​បន្តិច ។

អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​កា​ណូ លោក MUSA MAGAJI MAJIA អះអាង​ពី​មនុស្ស​ស្លាប់​១៥​នាក់ និង​របួស​៥៣​នាក់ ។ លោក​និយាយ​ថា យុវនារី​អត្តឃាត​២​នាក់ ម្នាក់​អាយុ​ប្រមាណ​ជា​១១​ឆ្នាំ ហើយ​ម្នាក់​ទៀត​អាយុ​១៨​ឆ្នាំ បាន​ធ្វើ​ឱ្យ​គ្រាប់បែក​ដាក់​ជាប់​ខ្លួន​ពួក​គេ​ផ្ទុះ ម្នាក់​នៅ​ខាងក្នុង​ផ្សារ និង​ម្នាក់​ទៀត​នៅ​ខាងក្រៅ​ផ្សារ ។

ការ​វាយប្រហារ​នេះ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​ភ្លាម​ៗ​ឡើយ តែ​គេ​គិត​ថា ជា​ស្នាដៃ​របស់​ក្រុម​អ៊ិ​ស្លា​ម​និយម​ជ្រុល​បូ​កូ​ហា​រ៉ា​ម ដែល​តែង​ប្រើ​បណ្តា​យុវនារី​សម្រាប់​ធ្វើការ​វាយប្រហារ​អត្តឃាត​នានា​។

កាលពី​ខែកក្កដា ឆ្នាំ​២០១៤ ក្រុង​កា​ណូ​ជាទី​ក្រុង​ពាណិជ្ជកម្ម​មួយ​មាន​ប្រជាជន​ច្រើន​លាន​នាក់ នៅ​ភាគ​ខាងជើង​នី​ហ្សេ​រី​យ៉ា រង​ការ​វាយប្រហារ​ភេរវកម្ម​ដល់​ទៅ​៤​លើក​រយៈពេល​តែ​មួ​យស​ប្តា​ហ៍ ដែល​ការ​វាយប្រហារ​ទាំងនេះ​ធ្វើ​ឡើង​ដោយ​បណ្តា​យុវនារី ៕