លោកស្រី​ស៊ូ​ជី ជួប​ពិភាក្សា​ជាមួយ​មនុស្ស​សំខាន់​ម្នាក់​របស់​រដ្ឋាភិបាល

មេដឹកនាំ​ប្រឆាំង​ភូមា លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា បាន​ជួប​ពិភាក្សា​លើក​ដំបូង​ជាមួយ​មនុស្ស​សំខាន់​ម្នាក់​នៃ​រដ្ឋអំណាច​ក្រោយ​របប​យោធា ដែល​ត្រូវ​ចាកចេញ​បន្ទាប់​ពី​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​លោកស្រី​ក្នុង​ការ​បោះ​ឆ្នោត​សភា កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ក៏​ប៉ុន្តែ​ដំណើរការ​ឆ្លងកាត់​នឹង​ត្រូវការ​ពេលវេលា​ច្រើន​ខែ​មុន​ពេល​គណបក្ស​លោកស្រី​ឡើង​កាន់​អំណាច ។

យោង​តាម AFP ថា លោកស្រី​ស៊ូ​ជី បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​សភា លោក SHWE MANN ដោយ​ការ​ជួប​ពិភាក្សា​គ្នា​នេះ ធ្វើ​ដោយ​សម្ងាត់​នៅ​ទីក្រុង​ណៃ​ពិដោរ រដ្ឋធានី​ថ្មី​ភូមា ។

លោក WIN HTEIN អ្នកនាំពាក្យ​របស់​គណ​ក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ LND របស់​លោកស្រី​ស៊ូ​ជី អះអាង​ថា យើង​នឹង​ពិភាក្សា​គ្នា​លើ​បណ្តា​សំណុំរឿង​សំខាន់​ៗ​សម្រាប់​ប្រទេស ។

ទោះបី​យ៉ាងណា ការ​ជួប​ពិភាក្សា​ជាមួយ​តួអង្គ​សំខាន់​២​រូប គឺ​ប្រធានាធិបតី លោក​ថេ​ន សេន និង​ប្រមុខ​កងទ័ព​ឧត្តមសេនីយ៍ MIN AUNG HLAING ត្រូវ​រង់ចាំ​សិន ។ លោកស្រី​ស៊ូ​ជី ក្រោយ​ទទួល​ជ័យជម្នះ​បាន​ប្រញាប់ប្រញាល់​ផ្ញើ​សារលិខិត​ផ្លូវការ​ជូន​លោក SHEWE MANN លោក​ប្រធានាធិបតី​ថេ​ន សេន និង​ប្រមុខ​កងទ័ព​ឧត្តម​សេនីយ៍ MIN AUNG HLAING ដើម្បី​ពិភាក្សា​គ្នា ។ ពុំ​ទាន់​មាន​កាលបរិច្ឆេទ​ណាមួយ​សម្រាប់​ការ​ជួប​គ្នា​នេះ​នៅឡើយ ។

អ្នកនាំពាក្យ​ម្នាក់​របស់​វិមាន​ប្រធានាធិបតី​លោក ZAW HTAY អះអាង​ប្រាប់ AFP ថា ការ​ជួប​គ្នា​នេះ​ទាល់តែ​ក្រោយ​ការ​ចេញផ្សាយ​លទ្ធផល​បោះ​ឆ្នោត​ជា​ស្ថាពរ​ដែល​អាច​រង់ចាំ​ពេលវេលា​ច្រើន​ស​ប្តា​ហ៍​ទៀត ៕