​រថយន្ត​ប៉ូ​លិ​ស​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​ រង​របួស​២​នាក់​ នៅ​ស្រុក​អន្លង់​វែង

​ខេត្ត​ឧត្តរមានជ័យ ៖​ ​​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​បាន​កើត​​​ឡើង​រវាង​រថយន្ត​ប៉ូ​លិ​ស ​និង​គោយន្ត​​កន្ត្រៃដឹក​ដើម​ដំឡូង​មី​​ បណ្តាល​ឱ្យ​​​​​មាន​មនុស្ស​២​នាក់​រង​របួសស្រាល​ និង​រថយន្ត​​រង​ការ​ខូច​ខាត​ទាំង​សង​ខាង​ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ​២០១៥​ ស្ថិតនៅ​ក្នុងភូមិ​​ត្រ​ពាំង​តា​វ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​​វែង ​។

សាក្សី​នៅ​កន្លែង​កើតហេតុ​ ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​គោ​យន្ត​កន្ត្រៃ​បើក​​ពី​​លិច​ទៅ​កើត​ដោយ​មាន​ដឹក​ដើម​ដំឡូង​មី​ពេញ​ជិះ​គ្នា​២​នាក់ ​លុះ​មក​ដល់​កន្លែង​កើតហេតុ ​ស្រាប់តែ​មានរថយន្ត​​ ​ព​ណ៌​​ស​ ​ពាក់​ស្លាក់​លេខ (ន​.​ប) មួយ​គ្រឿង ​បើក​ស្រប​​ទិស​គ្នា​ សង្ស័យ​អ្នក​បើក​​បរ​ងងុយ​ដេកមួយភាំង​ក៏​រេ​ចង្កូត​ទៅបុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​​ពេញ​ទំហឹង​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ជិះ​នៅ​លើ​គោ​យន្ត​​កន្ត្រៃរង​របួសស្រាល​ទាំង​២នាក់​​តែ​ម្តង​ ។

​ប្រភព​ពី​​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍ ​​ដែល​ចុះ​វាស់វែង​នៅ​កន្លែង​កើតហេតុ បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​គេ​​​​នាំ​យក​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ ។​ ​ចំណែក​រថយន្ត​​បង្ក​ពាក់​ស្លាកលេខ​(ន.ប) ​ជា​រថយន្ត​របស់​ស្នងការដ្ឋាន​នគរ​បាល​ខេត្តបន្ទាយមានជ័យ​ ។

​​ក្រោយ​កើតហេតុ ​​ភាគីខាង​រថយន្ត​​ប៉ូ​លិ​ស បាន​​​សម្របសម្រួលជាមួយ​ភាគី​​ខាង​​គោ​យន្តកន្ត្រៃ ​ដោយ​សុខចិត្តចេញថ្លៃ​ជួសជុល​គោ​យន្ត និង​​ចេញ​​ថ្លៃ​ព្យាបាល​មុខរបួស​ដើម្បី​បញ្ចប់រឿង​​ ៕