គោយន្ដ​បុក​ម៉ូតូ​នៅ​ផ្លូវលំ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​ស្រុក​សំរោង​ទង​

កំពង់ស្ពឺ: គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​គោយន្ដ​កែច្នៃ ដឹកឈើ​១​គ្រឿង បើក​បុក​ម៉ូតូក្នុងទិសដៅ​បញ្ច្រាស​គ្នា ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។

​ដែល​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ប្រមាណ​ជាង​៧​យប់  ថ្ងៃទី​១៨ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅតាម​បណ្ដោយ ផ្លូវលំ ស្ថិតនៅ​ភូមិ​តា​សាល ឃុំ​ខ្ទុំ​ក្រាំង ស្រុកសំរោង​ទង ខេត្ដ​កំពង់ស្ពឺ​។​

​រងគ្រោះ​ឈ្មោះ ភិន រ៉ា អាយុ​៦៤​ឆ្នាំ ជា​កសិករ​រស់នៅ ក្នុងភូមិ​ស្យា ឃុំ​យាអង្គ ស្រុក​ថ្ពងខេត្ដ កំពង់ស្ពឺ ។

​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​វ័យ ចំណាស់​រងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ម៉ាកហុងដា សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1K-6០55​ម្នាក់ឯង តាមបណ្ដោយ​ផ្លូវលំ​ក្នុងទិសដៅ​ពី​ជើង ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែមាន​គោយន្ដ​កែច្នៃ​១​គ្រឿង បើក​លឿន​ក្នុងទិសដៅ​បញ្ច្រាសទិស​ក៏​បុក​ចំ​ពីមុខពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​បាន ស្លាប់​ភ្លាមៗ​នៅ​កន្លែង​តែម្តង​។ភ្លាមនោះ​អ្នកបើក​គោយន្ដ​បាន​ឈប់​រួច​ក៏​រត់ គេចខ្លួនបាត់​ស្រមោល​តែ​ត្រូវបាន​គេ ស្គាល់ឈ្មោះវ៉ន ធូរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កសិករ​នៅក្នុង​ភូមិ​ឡាន​ឆេះ ឃុំ​ព្រៃក្រសាំង ស្រុក​ឧដុង្គ ខេត្ដ​កំពង់ស្ពឺ​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បានមក​ដល់​ហើយ​បាន​វាស់វែង និង​យក​វត្ថុតាងទាំងអស់​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង រង់ចាំ​ឲ្យ​ភាគី​​បង្ក​ចូលខ្លួន មក​ដោះស្រាយ​តាមច្បាប់​។ សាកសព​ត្រូវបាន​ក្រុមគ្រួសារ មក​ទទួលយកទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

គោយន្ដ​បុក​ម៉ូតូ​នៅ​ផ្លូវលំ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​ស្រុក​សំរោង​ទង​