ឃាត់ខ្លួន​យុវជន​២​នាក់​ឈរ​កាន់​ដាវ និង​កាំបិត​ចាំ​កាប់​គូទំនាស់​ចេញពី​ក្លឹប​

ភ្នំពេញ: កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ បាន​ឃាត់ខ្លួន​យុវជន​២​នាក់​ដែល​ប្រដាប់​ដោយ​ដាវ និងកាំបិតប៉័ងតោ រង់ចាំ​កាប់​គូទំនាស់​ដែល​ចេញពី​លេង​នៅ​ក្លឹប​ឌី​ស្កូ​មួយកន្លែង ដើម្បីរំសាយកំហឹង ប៉ុន្តែ​មិនទាន់បាន​ជួប​គូប​ក្ខ​ដិ​បក្ខ​ផង ស្រាប់តែ​ត្រូវ​ប្រជាពលរដ្ឋប្រទះឃើញ​បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ប៉ុស្ដិ៍​ចោមចៅ​ឲ្យ​ចុះទៅឃាត់ខ្លួន​យកទៅ​សាកសួរ និង​កសាង​សំ​ណុ​រឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់ ថ្ងៃទី​១៨វិច្ឆិកា ២០១៥ នៅ​ចំណុច​មុខ​ក្លឹប​ឌី​ស្កូ​ស្ប៉ា​យ​ឌ័​រ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវចោមចៅ​ហៅ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​យុវជន​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ លន់ ចន្ថា អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ មាន​ស្រុកកំណើត​នៅ​ស្រុក​រលាប្អៀខេត្តកំពង់ឆ្នាំង និង​ម្នាក់ទៀត ឈ្មោះ សម រដ្ឋា អាយុ​២០​ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ មាន​ស្រុកកំណើត​នៅភូមិ​ត្រពាំង​ថ្លាន់ ឃុំ​ឧទ​ម្ភ​សុរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ រាយការណ៍​ភ្លាម កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍ចោមចៅ​ក៏បាន​ចុះទៅ​កាន់​ទីនោះ​ឃាត់ខ្លួន​បាន​ជន​ទាំង​២​នាក់ និង​ដកហូតយកកាំបិត និង​ដាវ​រួច​បាន​នាំខ្លួន​ទៅធ្វើ​ការសាកសួរ នៅ​ប៉ុស្ដិ៍​ចោមចៅ​ដើម្បីចាត់ការ​តាម​នីតិវិធី​៕​