សិស្ស​មជ្ឈ​មណ្ឌល​គ្រូ​យើង​ចំនួន​១១​នាក់​សន្លប់ ​ខណៈ​​​កំពុង​អង្គុយ​រៀន​​

ខេត្តរតនគិរី ៖ មជ្ឈមណ្ឌល​គ្រូ​យើង​ដែល​ជា​សាលា​ឯកជន​មួយ​បាន​បើកប​ង្រៀ​ន​អស់​រយៈពេល​១៥​ឆ្នាំ​មក​ហើយ ដោយ​ទទួល​បង្រៀន​ចំណេះដឹង​ទូទៅ​ជា​ភាសា​ខ្មែរ និង​ភាសាបរទេស​ចាប់ពី​ថ្នាក់​ម​ត្តេយ្យ​ឡើង​ទៅ​មិន​ដែល​កើត​មាន​ឧ​ប្បត្តិ​ហេតុ​អ្វី​ទេ ទើបតែ​រយៈពេល​២​ថ្ងៃ​ គឺ​ថ្ងៃទី​១៨-១៩ ​វិច្ឆិកា ២០១៥​នេះ សិស្ស​ចំនួន​ជាង​១១​នាក់​បាន​សន្លប់​ក្នុង​ថ្នាក់​​ពេល​​​កំពុង​អង្គុយរៀន​។

ហេតុការណ៍នេះ​បាន​បង្ក​ឱ្យ​​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​៩​ជាង ​​ព្រឹក​ថ្ងៃ​ទី​១៩ ​វិច្ឆិកា ​​២០១៥ នៅ​បន្ទប់​លេខ១៣​ អគារ​ជាន់​ក្រោម​ក្នុង​មជ្ឈមណ្ឌល​គ្រូ​យើង ដែល​មាន​ទីតាំង​ជាប់មាត់​ជ្រោះ​ជ្រៅ ស្ថិត​នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ​។

ក្មេង​ដែល​សន្លប់​ទាំងនោះ​សាលា​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ដើម្បី​សង្គ្រោះ​បន្ទាន់​។ អ្នកគ្រូ​ វន ផា​រី ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល​បានឱ្យ​ដឹង​ថា សាលា​បើកប​ង្រៀ​ន​មក​យូរហើយ​មិន​ដែល​មានរឿង​កើតហេតុ​ដូច​អ៊ីចឹង​ទេ ទើប​រយៈ​២​ថ្ងៃនេះ​ក្មេង​សន្លប់​ជា​បន្តបន្ទាប់ តែ​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ​ គ្រាន់​តែសន្លប់​មួយ​ភ្លែត​ប៉ុណ្ណោះ ថ្ងៃ​ទី​១៨​សន្លប់​៣​នាក់ និង​ថ្ងៃ​ទី​១៩ សន្លប់៨​នាក់ ពេល​យក​មក​ដល់​មន្ទីរពេទ្យ​ព្យួរសេរ៉ូម​រួច​ក៏​ជា​សះស្បើយ​ធម្មតា​វិញ នៅ​សល់​តែ​៣​នាក់​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ជាងគេ​។

លោក​ហ៊ីង ផា​ន​សុ​គ​ន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី​បាន​បញ្ជាក់​ថា​ ទាក់ទិន​ទៅ​នឹង​ករណី​សិស្ស​សន្លប់​នេះ ​គឺ​បណ្តាល​មក​ពី​អគារ​បរិយាកាស​មិនល្អ​ ខ្វះ​អុក​ស៊ី​សែន​ធ្វើ​ឱ្យ​ក្មេង​ថប់​ខ្យល់ ពិ​​បាក​ដកដង្ហើម​មិន​ទាក់ទិន​ទៅ​នឹង​ជាតិពុល​ចំណីអាហារ​នោះ​ទេ​។

អនុ​ប្រធាន​បរិស្ថាន លោក កង សៀង​ថេ​ង បាន​បញ្ជាក់​ថា​ កន្លង​មក​មន្ទីរ​មិន​ដែល​បាន​ត្រួតពិនិត្យ​ចំពោះ​សាលា​នេះ​ទេ ព្រោះ​សាលា​នេះ​សាងសង់​ជា​យូរ​មក​ហើយ ដោយ​កាលនោះ​មន្ទីរ​បរិស្ថាន​មិន​ទាន់​មាន​ភាព​ទូ​​លំ​​ទូ​​លាយ​ដូច​បច្ចុប្បន្ន​នេះ​ទេ​៕