បណ្ណាល័យ CKS បណ្តុំ​ឯកសារ​ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ វប្បធម៌ នៅ​អាស៊ីអាគ្នេយ៍

សៀមរាប៖ បណ្ណាល័យ មជ្ឈមណ្ឌល​ខេ​មរ​សិក្សា ដែល​ហៅ​កាត់​ថា CKS (Center for Khmer Studies) គឺជា​បណ្ណាល័យ​ដែល​ធំជាងគេ នៅក្រៅ​រាជធានី​ភ្នំពេញ។ ខុសពី​បណ្ណាល័យ​ទូទៅ CKS គឺជា​កន្លែង​ប្រមូលផ្តុំ​រាល់​ឯកសារ​ជាច្រើន ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ សិល្បៈ វប្បធម៌ ជុំវិញ​តំបន់​អាស៊ីអាគ្នេយ៍។

មាន​ទីតាំង​ក្នុង​បរិវេណ​វត្ត​ដំណាក់ ក្នុង​ក្រុង​សៀមរាប បណ្ណាល័យ មជ្ឈមណ្ឌល​ខេ​មរ​សិក្សា ឫ​ហៅ CKS ត្រូវគេ​ស្គាល់​ថា ជា​កន្លែង​ដែល​ពិសេស​សម្រាប់​អ្នកអាន និង​ស្រាវជ្រាវ។ CKS មាន​សៀវភៅ​ចំនួន ១៨០០០ចំណងជើង ក្នុងនោះ​មាន​ជា​ភាសា​ខ្មែរ អង់គ្លេស និង​បារាំង។

បណ្ណាល័យ CKS ជា​បណ្ណាល័យ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​មជ្ឈមណ្ឌល​ខេ​មរ​សិក្សា។ បណ្ណាល័យ​នេះ​បើក​ឲ្យ​ចូល​អាន​ដោយ​សេរី ហើយ​អ្នកអាន​មាន​សិស្ស និស្សិត មេធាវី មគ្គុទ្ទេសក៍​ទេសចរណ៍ ប​គ្គុ​លិ​ក​អង្គការ និង​ក្រុមហ៊ុន​ជាដើម។ ក្រៅពីនេះ មាន​ជនជាតិ​បរទេស​មិនតិច​ទេ ដែល​មក​ស្វែងរក​ឯកសារ​ពាក់ព័ន្ធ​នឹង​ការស្រាវជ្រាវ​របស់គេ ដែល​ទាក់ទង​នឹង​ប្រទេស​កម្ពុជា ឫ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។
បណ្ណាល័យ CKS បណ្តុំ​ឯកសារ​ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ វប្បធម៌ នៅ​អាស៊ីអាគ្នេយ៍

ប្រធាន​បណ្ណារក្ស អ្នកស្រី អ៊ុំ ដា​រ៉ាណែត បាន​ឲ្យ​ដឹងថា បណ្ណាល័យ CKS បែង​ចែកជា៣បន្ទប់។ បន្ទប់​ទី១ គឺ​សម្រាប់​កុមារ ដែលមាន​សៀវភៅ​ជា​ភាសា​ខ្មែរ និង​បរទេស ដែលជា​របស់​កុមារ។ បណ្ណាល័យ​កុមារ​នេះ ទទួល​កុមារ​ចាប់ពី​អាយុ ៨ដល់១២ឆ្នាំ ហើយ​ក្រៅពី​អាន កុមារ​ក៏​អាច​គូរគំនូរផ្សេងៗបាន​ផងដែរ។ ទី២ គឺ​បន្ទប់​អាន។ សិស្សានុសិស្ស​ភាគច្រើន​ចាប់អារម្មណ៍​អាន​ក្នុង​បន្ទប់​នេះ​ច្រើនជាងគេ។ វា​ផ្ទុក​រាល់​ឯកសារ​ជាច្រើន មាន​ប្រវត្តិសាស្ត្រ​ខ្មែរ បរទេស ខ្មែរក្រហម អក្សរសិល្ប៍ ។ល។ បន្ទប់​ទី៣ គឺ​បន្ទប់​ឯកសារ។ ក្នុង​បន្ទប់​នេះ មាន​ឯកសារ​រាប់រយ​ចំណងជើង ដែល​ភាគច្រើន​ជា​ភាសាបរទេស។ អ្នកសិក្សា​ថ្នាក់​ជាន់ខ្ពស់ ចូលចិត្ត​រក​ឯកសារ​ក្នុង​បន្ទប់​នេះ​ណាស់។

បើតាម​ការ​ឲ្យ​ដឹង​បន្ថែម​ពី​ប្រធាន​បណ្ណារក្ស ក្រៅពី​សៀវភៅ បណ្ណាល័យ CKS ក៏មាន​កាសែត​សម្រាប់​ឲ្យ​អាន ជា​រៀងរាល់ថ្ងៃ​ផងដែរ។ កាសែត​ទាំងនោះ​មាន​ជា​ភាសា​ខ្មែរ អង់គ្លេស និង​បារាំង។ យ៉ាងណា អ្នកស្រី អ៊ុំ ដា​រ៉ាណែត បារម្ភ​ថា ការកើនឡើង​នៃ​ចំនួន​កាសែត អាចធ្វើ​ឲ្យ​មានការ​លំបាកទៅ​ថ្ងៃក្រោយ។ លំបាក​ព្រោះថា បណ្ណាល័យ​មិនបាន​ចំលង​ទុក​ក្នុង​កុំព្យូទ័រ ហើយ​វា​នឹងត្រូវ​បង្ខំចិត្ត​បោះបង់​នៅពេល​ណាមួយ​ជាក់​ជាមិនខាន។ អ្នក​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖« បច្ចុប្បន្ន បណ្ណាល័យ​យើង​នៅមាន​កន្លែង​សេសសល់​នៅឡើយ។ មិនយូរប៉ុន្មាន វា​នឹង​ចង្អៀត ព្រោះ​សៀវភៅ​ចេះតែ​កើន»។
បណ្ណាល័យ CKS បណ្តុំ​ឯកសារ​ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ វប្បធម៌ នៅ​អាស៊ីអាគ្នេយ៍

រាល់​សៀវភៅ​ទាំងអស់​របស់​បណ្ណាល័យ CKS គឺមាន​ការបរិច្ចាគ​ពី​សប្បុរសជន ក្នុង​និង​ក្រៅប្រទេស។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បណ្ណាល័យ​មួយ​នេះ ទទួលបាន​ការបរិច្ចាគ​សៀវភៅ ក្នុង​មួយឆ្នាំ​ចន្លោះ​ពី៦០០ ទៅ៧០០ក្បាល។ ក្រៅពីនេះ បណ្ណាល័យ ក៏​បន្ត​ស្វះស្វែង​ទិញ​សៀវភៅ ដែល​ពាក់ព័ន្ធ​ច្រើន​ទៀតផង​ដែរ ដើម្បី​ងាយស្រួល​ដល់​អ្នកអាន និង​ស្រាវជ្រាវ​ចង់បាន។

ជា​សំណង់​អាគារ​បុរាណ CKS បើក​ដំណើរការ​នៅ​ឆ្នាំ២០០១ ដែលជា​ការប្រទាន​រប​ស់​ព្រះសង្ឃ​ក្នុង​វត្ត​ដំណាក់។ ដោយសារ​កំណើន​សៀវភៅ​ចេះតែ​កើន​ឡើងជា​លំដាប់ នៅ​ឆ្នាំ២០១០ អាគារ​ថ្មី​មួយ​ខ្នង​ទៀត ត្រូវ​បានដាក់​សម្ភោ​ធ​ជា​ផ្លូវការ ក្រោម​ព្រះ​វត្តមាន​របស់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី។ ក្នុងនោះ ព្រះអង្គ​ក៏បាន​បរិច្ចាគ​សៀវភៅ​មួយចំនួន ចូលក្នុង​បណ្ណាល័យ​នេះ​ផងដែរ។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​បណ្ណាល័យ CKS បាន​ដើរតួ​យ៉ាងសំខាន់​សម្រាប់​អ្នកអាន និង​អ្នកស្រាវជ្រាវ។ មាន​អ្នកស្រាវជ្រាវ​ខ្លះ​មកពី​ភ្នំពេញ បណ្តា​ខេត្ត​នានា និង​មាន​ជនបរទេស​ខ្លះ ធ្វើដំណើរ​មកកាន់​បណ្ណាល័យ​នេះ​ផង។ អ្នកស្រី អ៊ុំ ដា​រ៉ាណែត ប្រាប់​ពី​ចំណុច​ពិសេស របស់​បណ្ណាល័យ CKS ដែល​បណ្ណាល័យផ្សេងៗ មិនមាន​ដូច។ «បណ្ណាល័យធំៗនៅ​ភ្នំពេញ មាន​សៀវភៅ​ចម្រុះ​គ្នា ដែល​ពិបាក​ឲ្យ​អ្នកស្រាវជ្រាវ​រក តែ​ចំពោះ CKS គឺជា​កន្លែង​ដែល​ប្រមូលផ្តុំ​រាល់​ឯកសារ ដែល​ផ្តោតលើ​ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ ភាសា វប្បធម៌ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​តែមួយគត់»៕
បណ្ណាល័យ CKS បណ្តុំ​ឯកសារ​ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ វប្បធម៌ នៅ​អាស៊ីអាគ្នេយ៍
បណ្ណាល័យ CKS បណ្តុំ​ឯកសារ​ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ វប្បធម៌ នៅ​អាស៊ីអាគ្នេយ៍

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​