និស្សិតកម្ពុជា ទៅសិក្សា នៅសហរដ្ឋអាម៉េរិក មានការកើនឡើងខ្ពស់

ភ្នំពេញ ៖ របាយការណ៍ ប្រចាំឆ្នាំឈ្មោះ Open Doors ស្តីពីការផ្លាស់ប្តូរជាអន្តរជាតិ ផ្នែកការសិក្សាអប់រំ របស់អាម៉េ រិក បានឲ្យដឹងថា  និស្សិតអន្តរជាតិ ដែលសិក្សានៅស្ថាប័នឧត្តមសិក្សា នៅសហរដ្ឋអាម៉េរិក បានកើនឡើង១០% ហើយចំនួននៃការកើនឡើងនេះ គឺមាននិស្សិតកម្ពុជាផងដែរ មាន៤៩២នាក់ ។   

របាយការណ៍ខាងលើនេះ បានបង្ហាញ នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាម៉េរិក ដែលមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ចំនួននិស្សិតកម្ពុជា ដែលកំពុង សិក្សានៅអាម៉េរិកមានកំណើនពី ៤៣២ នាក់ នៅឆ្នាំ ២០១៣-២០១៤ ដល់ ៤៩២ នាក់ នៅឆ្នាំ ២០១៤ - ២០១៥ ដែលជាកំណើនរហូតដល់ ១៤%។

លោក Jay Raman មន្រ្តីផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាម៉េរិក បានមានប្រសាសន៍ថា “និស្សិតកម្ពុជា ដែលមានលក្ខណៈសម្បត្តិក្នុងការសិក្សា ហើយចេះនិយាយភាសាអង់គ្លេស ពិតជាអាចសម្រេច គោលដៅរបស់ គេបាន នៅក្នុងការសិក្សាតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យ នៅអាម៉េរិក។ ស្ថានទូតអាម៉េរិក និងមជ្ឈ មណ្ឌល EducationUSA ដែលជាដៃគូរបស់យើងចាំជួយគ្រប់ដំណាក់កាល រាប់ពីពេលជ្រើសរើស មហាវិទ្យាល័យ ដល់ពេលដាក់ពាក្យសុំអាហារូបករណ៍ និងសុំជំនួយថវិកា”។

មជ្ឈមណ្ឌល EducationUSA គឺជាបណ្តាញនៃមជ្ឈមណ្ឌលផ្តល់ប្រឹក្សាជាង ៤០០ របស់ក្រសួងការបរទេស អាម៉េ រិក នៅតាមប្រទេសជាង ១៧០ ដែលផ្តល់ប្រឹក្សាដល់និស្សិតអន្តរជាតិ ។ មជ្ឈមណ្ឌលទាំងនេះ ផ្តល់ព័ត៌មាន ស្តីពី ស្ថាប័នអប់រំនៅសហរដ្ឋអាម៉េរិក និងការណែនាំដល់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការដាក់ពាក្យទៅ សិក្សានៅសហរដ្ឋអាម៉េរិក។ មជ្ឈមណ្ឌលផ្តល់ប្រឹក្សានេះមានពីរនៅរាជធានីភ្នំពេញ ដោយមួយស្ថិតនៅក្នុង សាកលវិទ្យាល័យបញ្ញាសាស្រ្ត និងមួយទៀត ស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕