លោក អេង ឆៃអ៊ាង និងតំណាងរាស្រ្ត ២រូបទៀត ចេញដំណើរ ទៅជួបលោក សម រង្ស៊ី និងលោក កឹម សុខា នៅយប់នេះ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បាននិយាយថា លោក អេង ឆៃអ៊ាង លោក ស៊ុន ឆ័យ និងលោក យ៉ែម បុញ្ញឫទ្ធិ នឹងចាកចេញពីប្រទេសកម្ពុជា នៅម៉ោងប្រមាណ១០៖២០យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដើម្បីទៅជួបជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា នៅប្រទេសហ្វីលីពីន។

ការចាត់តាំងតំណាងរាស្រ្តទាំងបីរូប ទៅជួបប្រធាន និងអនុប្រធានរបស់ពួកគេ ត្រូវបានធ្វើឡើង បន្ទាប់ពីគណបក្សសង្រ្គោះជាតិ បើកកិច្ចប្រជុំគណៈអចិន្រ្តៃយ៍របស់ខ្លួន កាលពីម្សិលមិញ ដើម្បីពិភាក្សានិងរកដំណោះស្រាយឱ្យ លោក សម រង្ស៊ី ត្រឡប់មកប្រទេសកម្ពុជា ដោយគ្មានអំពើហិង្សា។

សូមជំរាបថា លោក សម រង្ស៊ី និងលោក កឹម សុខា បានចាកចេញពីប្រទេសកូរ៉េខាងត្បូង ហើយទៅដល់ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ។ នៅប្រទេសនេះ លោកមានគម្រោងជួបជាមួយ តំណាងប្រទេសមួយចំនួន ដែលចូលរួមកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ លោក បារ៉ាក អូបាម៉ា ប្រធានាធិបតីអាមេរិក ក៏ត្រូវចូលរួមក្នុងកិច្ចប្រជុំនេះដែរ៕

លោក អេង ឆៃអ៊ាង និងតំណាងរាស្រ្ត ២រូបទៀត ចេញដំណើរ ទៅជួបលោក សម រង្ស៊ី និងលោក កឹម សុខា នៅយប់នេះ