លោក​អភិបាលខេត្ត​ដឹកនាំ​មន្ត្រី​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​មួយ​កន្លែង​បញ្ចប់រឿង

ខេត្តឧត្តរមានជ័យ ៖ ទំនាស់​ផ្ទៃដី​ទំហំ​៤៣​ហិ​កតា​ដ៏​រាំ​រ៉ៃ​មួយ​កន្លែង រវាង​ប្រជាពលរដ្ឋ​១១​គ្រួសារ និង​លោក​ណា​ក់ សុខា ទីប្រឹក្សា​សម្តេច​តេ​ជោ ត្រូវ​បាន​លោក​ស ថា​វី អភិបាលខេត្ត​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ធ្វើការ​ដោះស្រាយ​ដើម្បី​បញ្ចប់រឿង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​តេ​ជោ​អភិវឌ្ឍន៍ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ។

ពលរដ្ឋ​ម្នាក់​ជា​តំណាង​ឱ្យ​ពលរដ្ឋ​១០​នាក់ ឈ្មោះ​មាំ​ង លី​ហួ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​បាន​រៀបរាប់​ថា លើ​ផ្ទៃដី​ទំនាស់​មាន​ទំហំ​៤៣​ហិ​កតា មាន​អ្នក​លួច​លក់​ទៅ​ឱ្យ​លោក​ណា​ក់ សុខា ជាទី​ប្រឹក្សា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន តាំងពី​អំឡុង​ឆ្នាំ​២០១០ មក​ម្ល៉េះ សូម​បញ្ជាក់​ថា អ្នក​ដែល​ហ៊ាន​លួច​លក់​នោះ ក៏​មិនមែន​ជា​ពលរដ្ឋ​ដែរ ។

ពលរដ្ឋ​ដដែល​បន្ត​ថា បន្ទាប់​មក​ពលរដ្ឋ​ទាំង​១១​គ្រួសារ បាន​ដាក់​ពាក្យ​ប្តឹង​លោក​ណា​ក់ សុខា ទៅ​លោក​មេ​ភូមិ​, លោក​មេឃុំ​, លោក​ចៅហ្វាយស្រុក​ដែរ តែ​ធ្វើការ​ដោះស្រាយ​មិន​ចេញ ទើប​ពលរដ្ឋ​បាន​យកពាក្យ​បណ្តឹង​នេះ ចូល​ទៅ​ដល់​ក្រសួងមហាផ្ទៃ​ឲ្យ​ជួយ​ដោះស្រាយ ដើម្បី​ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ទាំង​១១​គ្រួសារ​នេះ ។

លោក​ស ថា​វី អភិបាលខេត្ត​ឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ថា ដី​ដែល​ទំនាស់​បាន​កើតឡើង​តាំងពី​លោក​មិន​ទាន់​មក​កាន់​ជា​អភិបាលខេត្ត​ឧត្តរមានជ័យ​នេះ ។ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្តឹង​លោក​ណា​ក់ សុខា ទៅ​ដល់​ក្រសួងមហាផ្ទៃ តែ​ត្រូវ​បាន​ក្រសួង​បង្វែរ​បណ្តឹង​នេះ មក​ឱ្យ​អាជ្ញាធរ​ខេត្ត​ជា​អ្នក​ដោះស្រាយ និង​ធ្វើការ​សម្របសម្រួល​ដល់​គូភាគី​ទាំង​សងខាង ។

លោក​ស ថា​វី បាន​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា ថា លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ធ្វើការ​ដោះស្រាយ តែ​អាជ្ញាធរ​បាន​លើកយក​គោលការណ៍​ឈ្នះ​=​ឈ្នះ ដោយ​មិន​ឱ្យ​ភាគី​ណាមួយ​ជា​អ្នក​ខុស​ទេ ។ បន្ទាប់​មក អាជ្ញាធរ​ខេត្ត​បាន​សុំ​ឱ្យ​ភាគី​ទាំង​សងខាង ឱ្យ​ចេះ​សម្របសម្រួល​គ្នា ជា​សិល្បៈ​ចែករំលែក​ឱ្យ​ខាង​ភាគី (​ក​) ខាត​បន្តិច និង​ភាគី (​ខ​) ខាត​បន្តិច ហើយ​ភាគី​ទាំង​២​ក៏​បាន​យល់ព្រម​រៀង​ៗ​ខ្លួន​បញ្ចប់រឿង​នេះ ។