អាជ្ញាធររាជធានីភ្នំពេញ ប្រកាស​​បើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន ស្ពាន​អាកាស​តិច​ណូ ចាប់ពីម៉ោង ៧ ព្រឹក​ថ្ងៃទី​២១​វិច្ឆិកា​

ភ្នំពេញ: សាលារាជធានីភ្នំពេញ បានប្រកាសថា ស្ពានអាកាសតិចណូ នឹង​ត្រូវ​បើក​ឲ្យ​ដំណើរ​ការ​ជាបណ្តោះអាសន្ន ចាប់ពីម៉ោង ៧ ព្រឹកថ្ងៃទី២១វិច្ឆិកាតទៅ។ រហូតដល់​ថ្ងៃទី១៩​វិច្ឆិកា​នេះ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសថា ត្រៀមរួចរាល់ហើយ ក្នុងការបើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន​នូវ​ស្ពាន​អាកាស​តិចណូ ដើម្បី​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍។​

​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ការដ្ឋាន​អ៊ុត​កៅស៊ូ​លើ​កម្រាល​ស្ពាន​អាកាស​តិច​ណូ បាន​បព្ចាប់ ១០០%​។ ទន្ទឹមនឹងនេះ ការដ្ឋាន ក៏បាន​ស្ទូច​បេតុង​បែងចែក​អ័ក្ស​ស្ពាន​បាន ៦០% ដែល​នឹង​តម្លើង​តម្រង់​ជួរ​នៅ​ថ្ងៃទី​១៩​វិច្ឆិកា ឯ​ភ្លើង​បំភ្លឺ​ស្ពាន នឹងដាក់​អោយ​ដំណើរការ​បំភ្លឺ​នៅ​យប់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​លោក ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់ថា "​សាលា​រាជធានី​ភ្នំពេញ បាន​ត្រៀម​រួចរាល់​ហើយ សម្រាប់​ដាក់អោយ​ដំណើរការ​បណ្តោះអាសន្ន នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥"​។​

​ការដាក់​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន​នូវ​ស្ពាន​អាកាស តិច​ណូ នា​ថ្ងៃទី​២១​វិច្ឆិកា គឺធ្វើឡើង​មុន​មួយថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី ឌី​មី​ទ្រី មេ​វ​វេ​ដេ​វ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​សូម​រម្លឹកថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី តិច​ណូ ដែលមាន​តម្លៃ​ប្រមាណ ១៤ លាន​ដុល្លារ​អាមេរិក ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ ស្ពាន​អាកាស​តិច​ណូ ជា​ស្ពាន​ទី​៤ នៅក្នុង​រាជធានី​ភ្នំពេញ​។

​ស្ពាន​អាកាស តិច​ណូ ស្ថិត​ពីលើ​ដង​មហាវិថី​សហព័ន្ធរុស្ស៊ី កាត់​ពីលើ​ចំណុចប្រសព្វ​មហាវិថី គីម អ៊ី​ល​ស៊ុ​ង និង​មហាវិថី​សហព័ន្ធរុស្ស៊ី មាន​ប្រវែង ៣៨២ ម៉ែត្រ និង​ទទឹង ១៥,៨ ម៉ែត្រ​។ ក្នុងនោះ ក៏មាន​ផ្លូវ​ក្រោម​ដី និង​ផ្លូវ​សាងសង់ នៅ​ផ្នែក​ខាងឆ្វេង ដើម្បី​ត​ភ្ជាប់​ចរាចរណ៍​ពី​មហាវិថី គីម​អ៊ី​ល​ស៊ុ​ង ទៅ​មហាវិថី​សហព័ន្ធរុស្ស៊ី មាន​ប្រវែង ៣៥៦ ម៉ែត្រ ទទឹងផ្លូវ​មាន​ទំហំ​ពី ៦ ម៉ែត្រ ទៅ ៨ ម៉ែត្រ មាន​ជំរាល​ចុះឡើង ៤,៨ ភាគរយ និង​មាន​កំពស់​សុវត្ថិភាព ៥ ម៉ែត្រ​។  

​សូម​រម្លឹកថា មកដល់ពេលនេះ រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន ៤ ដែល​បាន​សាងសង់​រួច គឺ​ស្ពាន​អាកាស​ក្បាលថ្នល់ ជា​ស្ពាន​អាកាស​ទី​១ ចំណាយ​ថវិកា​សាង​សង់​ជាង ៦ លាន​ដុល្លារ​។ ស្ពាន​អាកាស ៧ មករា ជា​ស្ពាន​អាកាស​ទី​២ ចំណាយ​ទឹកប្រាក់​ជាង ៨ លាន ៧ សែន​ដុល្លារ​។ ស្ពាន​អាកាស ទី​៣ នៅ​ស្ទឹងមានជ័យ ចំណាយ​ថវិកា​ជាង ១៨ លាន ៩ សែន ដុល្លារ​។ ស្ពាន​អាកាស​ទី​៤ គឺ​ស្ពាន​អាកាស តិច​ណូ ដែលមាន​តម្លៃ​ប្រមាណ ១៤ លាន​ដុល្លារ​អាមេរិក​។ រាល់​ថវិកា​ចំណាយ​លើ​ការសាងសង់​ស្ពាន​អាកាស​ទាំងនេះ បានមកពី​ការវិនិយោគ​ដី​កោះ​ពេជ្រ និង​ដី​តំបន់​ជ្រោយចង្វារ របស់​ក្រុមហ៊ុន OCIC របស់លោក​ឧកញ៉ា ពុង ខៀវ​សែ​៕​

អាជ្ញាធររាជធានីភ្នំពេញ ប្រកាស​​បើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន ស្ពាន​អាកាស​តិច​ណូ ចាប់ពីម៉ោង ៧ ព្រឹក​ថ្ងៃទី​២១​វិច្ឆិកា​

អាជ្ញាធររាជធានីភ្នំពេញ ប្រកាស​​បើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន ស្ពាន​អាកាស​តិច​ណូ ចាប់ពីម៉ោង ៧ ព្រឹក​ថ្ងៃទី​២១​វិច្ឆិកា​

អាជ្ញាធររាជធានីភ្នំពេញ ប្រកាស​​បើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន ស្ពាន​អាកាស​តិច​ណូ ចាប់ពីម៉ោង ៧ ព្រឹក​ថ្ងៃទី​២១​វិច្ឆិកា​

ស្ពានអាកាស តិចណូ ត្រូវបានរៀបចំ​រួចរាល់ ដើម្បីបើកឲ្យដំណើរការបណ្តោះអាសន្ន នៅថ្ងៃទី២១វិច្ឆិកា ( រូបភាពលោកឡុងឌីម៉ង់ )