នគរបាល​ខណ្ឌដង្កោ ចាប់​ឃាត់ខ្លួន​ចោរឆក់​យ៉ាងសកម្ម​បាន ៣​នាក់​

ភ្នំពេញ:  ក្រុមចោរឆក់​យ៉ាងសកម្ម​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុ​សិ៍្ត​រដ្ឋបាល​ព្រៃ​ស សហការជាមួយនិង​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ តាម​ក្របួចបានសម្រេច កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើ​កំណាត់​ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោក្រោយពី​ក្រុម​ជនសង្ស័យ​៣​នាក់ ខាងលើនេះ ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ ពីស្ត្រី​រងគ្រោះ​ម្នាក់ ខណៈដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ទៅ​ទទួល​កូន​ចេញពី​សាលារៀន​។​

​មន្ត្រីនគរបាល​រដ្ឋបាល​ព្រៃ​ស បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បានជិះ​ម៉ូតូ​ចេញពីផ្ទះ​ស្ថិតក្នុង​ភូមិ​ព្រៃ​ទីទុយ ដែល​នៅ​ខាងក្រោយ​សាលាសង្កាត់​ព្រៃ​សក្នុង​គោលបំណង​យកលុយ​ទៅ​ដាក់​វី​ង​ជាង​១​ពាន់​ដុល្លារ​។ ប្រភពពី​មន្ត្រី​ប៉ុ​សិ៍្ត​បន្តថាលុះ​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​មកដល់​មុខ​វត្ត​ធម្ម​ត្រ័យ​ក៏​គិតថា​ទៅ​ឌុប​កូន​ចេញពីសាលារៀន​យកទៅ​ផ្ទះ​សិន នៅពេលដែល​ស្ត្រី​រងគ្រោះ​គាត់​ជិះ​ម៉ូតូ​ពី​ជើង​ទៅត្បូង​លើផ្លូវ​បេតុង​ក្នុងភូមិ​ឆ្ពោះទៅ​សាលា​ឯកជន​នោះ ដើម្បី​ទទួល​កូន​ក៏​ស្រាប់តែជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​អែប​និង​ស្ត្រី​រងគ្រោះ​ក៏​ឆក់យក​កាបូប​រួច​ព្យាយាមជិះ​ម៉ូតូ​រត់គេច ខណៈនោះ​កម្លាំង​នគរបាល​ប៉ុ​សិ៍្ត​ព្រៃ​ស កំពុង​ល្បាត​ក្នុងមូលដ្ឋាន ក៏​ប្រទះ​ជនសង្ស័យ​៣​នាក់​នេះ ក៏​ដេញតាម ហើយ​ជនសង្ស័យ​ក៏​ដួល​ម៉ូតូ។ ក្នុងនោះ​ក៏មាន​វត្តមាន លោក ខាត់ សុ​ខៃ ជា​ចៅសង្កាត់​ព្រៃ​ស ដឹកនាំ​កម្លាំង​ប្រជាការពារ​សង្កាត់​ដេញចាប់​ក្របួច​បាន​ទាំង​៣​នាក់​តែម្តង​។ បន្ទាប់មក​កម្លាំងព្រហ្មទណ្ឌ​ខណ្ឌ ក៏បាន​ចូលរួម​សហការ​ចាប់​ដឹក​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​។​

​ដោយឡែក​លោក នៅ ទិ​ត្យ នាយរង​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ ក៏បាន​បញ្ជាក់បន្ថែមថា ជនសង្ស័យ​មានឈ្មោះ ផាត ចំរើន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ទី​២.ឈ្មោះ សុខ សុធន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ជនសង្ស័យ​ទី​៣.​ឈ្មោះ ពេជ្រ កក្កដាភេទ​ប្រុស អាយុ​២១​ឆ្នាំ​។ ជនសង្ស័យ​ទាំង ៣​នាក់​ខាងលើនេះ មាន​ទីលំនៅ​ភូមិថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ លោក​បន្ត​ឲ្យ​ដឹង​ទៀតថាចំណែក​ជនរងគ្រោះ​មានឈ្មោះ សែម សុផាន់​រី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ លេខ​៦១ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។​

​លោក​នាយរង​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ ក៏បាន​រំ​ឮ​ក​ឲ្យ​ដឹង​បន្ថែមថា ជនសង្ស័យ​៣នាក់​ខាងលើនេះ ជា​ចោរឆក់​យ៉ាងសកម្ម​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌមួយចំនួន​ផ្សេងទៀត​។ ដោយឡែក​នៅ​ថ្ងៃកើតហេតុ គឺជា​ថ្ងៃ​ស៊យ​របស់​ពួកវាព្រោះថា​ពេល​ជនសង្ស័យ​ឆក់​កាបូប​លុយ​ពី​ស្ត្រី​រងគ្រោះ​នោះ គឺ​ចំពេល​កម្លាំង​ប៉ុសិ៍្ត​រដ្ឋបាល​ព្រៃ​ស​ចេញ​ល្បាត ហើយ​ពេលដែល​ស្ត្រី​រងគ្រោះ​ស្រែក​ឆោឡោ​កម្លាំងយើង​ក៏​ដេញតាម​តែម្តង ធ្វើ​ឲ្យ​ពួក​ជនសង្ស័យ​ភ័យ​ក៏​ដួល​ម៉ូតូ​រត់​ចូល​ភូមិ ក៏​ប្រជាការពារ​សង្កាត់​ចាប់​ជាប់​តែម្តង​។ លោក​ថា វត្ថុតាង​កាបូប​មាន​លុយ​១៣០០​ដុល្លារលុយ​បាត​ថៃ​២០០០​បាត ត្រូវបាន​សមត្ថកិច្ច​ដ​ក​ហូត ហើយ​បានប្រគល់​ឲ្យ​ស្ត្រីរងគ្រោះ​វិញ​។ ចំពោះ​ជនសង្ស័យ​៣​នាក់​នេះ សមត្ថកិច្ច​នឹង​កសាង​សំណុំរឿងបញ្ជូនទៅ​តុលាការ ៕​