ចិនថ្កោលទោសធ្ងន់ៗ លើក្រុម ISIS ដែលសម្លាប់ ជនជាតិចិនម្នាក់

ម៉ានីល ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការ ថ្កោលទោស យ៉ាងខ្លាំងក្លា ចំពោះ ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS ដែលបានសម្លាប់ជនជាតិចិនម្នាក់ និងសម្ដែងការសោកស្ដាយដ៏ជ្រាលជ្រៅចំពោះក្រុមគ្រួសារសព។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថា ការលើកឡើងរបស់ប្រធានាធិបតីចិន លោក ស៊ី ធ្វើឡើង នៅក្នុងកិច្ចពិភាក្សាក្រៅផ្លូវការ នៃកិច្ចប្រជុំមេដឹកនាំកិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក លើកទី២៣ នៅក្នុងរដ្ឋធានី នៃប្រទេសហ្វីលីពីន ។

លោកបានលើកឡើងថា អំពើភេរវកម្ម « គឺជាសត្រូវដ៏ប្រឈមសម្រាប់មនុស្ស» ដោយ លោកបានបន្ថែមថា ចិន ប្រឆាំងជាដាច់ខាត ចំពោះសកម្មភាពភេរវកម្មគ្រប់ទម្រង់ និងប្ដេជ្ញា បង្រ្កាបគ្រប់បទឧក្រិដ្ឋភេរវកម្មដែល ប្រឆាំងនឹង មនុស្សជាតិ។

នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋាភិបាលចិន បង្ហើបពីករណីស្លាប់របស់ចំណាប់ខ្មាំង ជាជនជាតិឈ្មោះ ហ្វាន ជីងហ៊ូ ដែល ត្រូវបានក្រុមឧទ្ទាមឥស្លាមនិយម ISIS  សម្លាប់ហើយប្ដេជ្ញាថា នឹងនាំយកមកវិញនូវយុត្តិធម៌ សម្រាប់ជនរងគ្រោះសម្រាប់បទឧក្រិដ្ឋនេះ ៕

ចិនថ្កោលទោសធ្ងន់ៗ លើក្រុម  ISIS ដែលសម្លាប់ ជនជាតិចិនម្នាក់