ISIS ប្រើប្រាស់កម្មវិធី Telegram សម្រាប់ទាក់ទងគ្នា យ៉ាងសម្ងាត់ សម្រាប់ធ្វើភេរវកម្ម ជុំវិញពិភពលោក

ពិភពលោក៖ យោងតាមព័ត៌មាន របស់រុស្ស៊ីបានចេញផ្សាយឲ្យដឹងថា Telegram គឺជាកម្មវិធីទំនាក់ទំនងមួយ ដែលក្រុម ISIS ប្រើប្រាស់សម្រាប់ទាក់ទងគ្នា ទៅវិញទៅមក ដោយមានប្រសិទ្ធិភាពខ្ពស់ជាង WhatsApp ទៅទៀត។

ការជ្រើសរើសកម្មវិធី Telegram សម្រាប់ទាក់ទងគ្នានេះ ដោយសារនៅក្នុង Telegram មានចំណុចសំខាន់មួយ ដោយគេអាចជ្រើសរើស «Special Secret Chats» ដែលទាំងសារ និងរូបភាព ព្រមទាំងវិដេអូ ស្ថិតនៅក្នុងភាពសំងាត់ (encryption) ដោយបំលែងទៅតួលេខ ឬសញ្ញាផ្សេង និងលុបចោលដោយស្វ័យប្រវត្តិ។

ចំណុចសុវត្ថិភាពខ្ពស់នេះ ធ្វើឲ្យក្រុម ISIS ជ្រើសរើសកម្មវិធីនេះ សម្រាប់ទំនាក់ទំនង សមាជិកក្រុមរបស់ខ្លួន ដែលស្ថិតនៅជុំវិញពិភពលោក, កម្មវិធី Telegram អាចផ្ញើសារក្នុងក្រុមបានរហូតដល់ចំនួន២០០នាក់។

សូមជំរាបថា Telegram ត្រូវបានចាប់ផ្តើមដំណើរការ នៅក្នុងឆ្នាំ២០១៣ ដោយបងប្អូនជនជាតិរុស្ស៊ី ឈ្មោះ Nikolai និង Pavel Durov ជាអ្នកបង្កើត។ Telegram បានប្រកាសថា ក្នុងខែធ្នូ ឆ្នាំ២០១៤ មនុស្សជាង៥០លាននាក់ បាននិងកំពុងប្រើប្រាស់ ជុំវិញពិភពលោក។ ហើយក្នុងមួយសប្តាហ៍ មានអ្នកចុះឈ្មោះប្រើប្រាស់កើនឡើង ១លាននាក់ និងផ្ញើសារទាក់ទងគ្នាទៅវិញទៅមក មានចំនួនរហូតដល់ ១២០០លាននាក់៕

ISIS ប្រើប្រាស់កម្មវិធី Telegram សម្រាប់ទាក់ទងគ្នា យ៉ាងសម្ងាត់ សម្រាប់ធ្វើភេរវកម្ម ជុំវិញពិភពលោក