ទម្លាប់​មិន​ល្អ​៥​យ៉ាង​ដែល​បំផ្លាញ​ខួរក្បាល​

ទម្លាប់​មិន​ល្អ​៥​យ៉ាង​ដែល​បំផ្លាញ​ខួរក្បាល​

​ខួរក្បាល​គឺជា​អ្នកចាត់ចែង​លើ​គ្រប់​មុខងារ​ទាំង​អស់នៃ​រាងកាយ ជាពិសេស​គឺ​ទទួលខុសត្រូវ​លើ​ចង្វាក់​ដើរ​របស់​បេះដូង និង​ចលនា​ដកដង្ហើម​។ ខួរក្បាល​ក៏​ជា​ជម្រក​នៃ​វេទនារម្មណ៍ និង​គំនិត ផងដែរ​។

​មាន​រឿង​មួយ​ដែល​មិន​អាច​ជៀសផុត គឺ​អាយុ​ដែល​កាន់តែ​ចាស់​ទៅ​។ កាលណា​យើង​ចាស់​ទៅ អ្វីៗ​ត្រូវ​ប្រែប្រួល​ទាំងអស់ ដូចជា​សាច់ដុំ​ត្រូវ​ថយ​ចុះ ស្បែក​ត្រូវ​យារ ត្រចៀក​ត្រូវ​ស្តាប់​លែង​ច្បាស់​។​ល​។ ដូចជា​សរីរាង្គ​ឯទៀតៗ​ដែរ ខួរក្បាល​ក៏​ចុះខ្សោយ​ទៅ​ដែរ ធ្វើឱ្យ​យើង​ទៅ​ជា​ភ្លេចភ្លាំង វង្វេងវង្វាន់ លែង​ចងចាំ​អ្វីៗ​បានល្អ ទៀតហើយ​។

​បើទោះជា​យ៉ាងណាក្តី បើសិនជា​យើង​បាន​យកចិត្តទុកដាក់​ថែរក្សា​ឱ្យបាន​ល្អ ខួរក្បាល​អាច​នៅ​មាន​សុខភាព​ល្អ ថ្វីបើ​ត្រូវ​ចុះខ្សោយ​ខានមិនបាន​ទៅតាម​វ័យ​។ ក៏ប៉ុន្តែ​យើង​ច្រើន​តែ​ធ្វេសប្រហែស ប្រព្រឹត្ត​នូវ​ទម្លាប់​អាក្រក់​មួយចំនួន​ដោយ​មិនដឹង​ខ្លួន ដែល​ធ្វើឱ្យ​ខួរក្បាល​ខូចខាត​។​
 

១- ចំណីអាហារ​មិនល្អ​
ក្រោយពី​ធ្វើ​ការនឿយហត់​អស់​ពេល​មួយ​ថ្ងៃ​រួច​មក យើង​ច្រើន​តែ​នាំគ្នា​ញ៉ាំ​ចំណីអាហារ​កែឆ្នៃ​មួយចំនួន ដែល​រហ័ស​ទាន់​ចិត្ត ហើយ​ដែល​យើង​គិតថា​វា​ឆ្ងាញ់​ទៀតផង​។ ក៏ប៉ុន្តែ​ត្រូវ​ដឹង​ថា​ចំណីអាហារ​កែឆ្នៃ​ទាំងអស់នោះ​មិន​ជា​ល្អ​ចំពោះ​សុខភាព​ប៉ុន្មាន​ទេ ជាពិសេស​ចំពោះ​ខួរក្បាល​។

ការសិក្សា​មួយ​ដែល​គេ​ចេញផ្សាយ​នៅ​ក្នុង​ព្រឹត្តិប័ត្រ Journal of Psychology of UCLA បាន​បង្ហាញ​ឱ្យដឹងថា ចំណី​អាហារ​ដែល​សម្បូរ​ទៅដោយ fructose អាច​នឹង​បង្ក​ការខូចខាត​ដល់​ការចងចាំ​បាន​ក្នុង​ពេល​យូរ​ទៅ ព្រមទាំង​ដល់​សមត្ថភាព​ក្នុង​ការរៀនសូត្រ​ទៀតផង​។ ហើយ​វា​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​បេះដូង ផងដែរ​។​
 

២- ការ​គេង​មិន​គ្រប់គ្រាន់​
យើង​ត្រូវកា​រគេង​ឱ្យបាន​៧​ទៅ​៨​ម៉ោង​ក្នុង​១​យប់ៗ ក៏ប៉ុន្តែ​យើង​ច្រើន​តែ​គេង​មិន​បាន​គ្រប់គ្រាន់​ដូច្នេះ​ទេ ដែល​ជាហេតុ​ធ្វើឱ្យ​មាន​ផល​អាក្រក់​យ៉ាងខ្លាំង​ទៅលើ​ខួរក្បាល​។​

ពួក​អ្នក​សិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​University of Pennsylvenia បាន​រកឃើញថា ការ​គេង​មិន​គ្រប់គ្រាន់​ធ្វើ​ឱ្យ​កោសិកា​ខួរក្បាល​ខូចខាត​អស់​ជាច្រើន​។​
 

៣- ការ​មិន​ធ្វើ​សកម្មភាព​អ្វី​សោះ​
ការធ្វើ​សកម្មភាព​ល្អ​ខ្លាំង​ណាស់​ចំពោះ​ខួរក្បាល​។ គេ​បាន​រកឃើញថា កីឡា​ជួយ​ធ្វើឱ្យ​មាន​ការបញ្ចេញ dopamine ដែល​គេ​ហៅថា​ជា​អ័រម៉ូន​នៃ​សុភមង្គល​។ អ័រម៉ូន​នេះ​នេះ​ចាំបាច់​ខ្លាំងណាស់​សម្រាប់​ខួរក្បាល សម្រាប់​ធ្វើ​ការពិចារណា និង​ការចងចាំ​។​
 

៤- ការ​មាន​ស្ត្រេ​ស​ខ្លាំង​
ពួក​អ្នក​សិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ University of Yale បាន​រកឃើញថា ព្រឹត្តិការណ៍​ដែល​ធ្វើឱ្យ​កើត​មាន​ស្ត្រេ​ស ដូច​ជា​ការ​លែងលះគ្នា ជំងឺ ឬ​ការស្លាប់​របស់​មនុស្ស​ជាទី​ស្រលាញ់ មាន​ផលប៉ះពាល់​ខ្លាំង​ណាស់​ទៅ​លើ​ខួរក្បាល អាច​ធ្វើឱ្យ​ខួរក្បាល​រួម​ស្វិត​បាន​។ ពួក​អ្នក​សិក្សា​និយាយថា matière grise របស់​ខួរក្បាល​ថយចុះ ធ្វើឱ្យ​គេ​បាត់បង់​សមត្ថភាព​ក្នុង​ការ​ប្រឈម​ជា​មួយ​បញ្ហា និង​ជួនកាល​ទៅ​ជា​មាន​អាកប្បកិរិយា​បំផ្លិចបំផ្លាញ​ខ្លួនឯង​ទៅវិញ ដូចជា​ទៅជា​ធ្លាក់​ទឹកចិត្ត ឬ​មិន​ឯករាជ្យ ក៏មាន​។​
 

៥- មិនសូវ​មាន​ទំនាក់ទំនង​ក្នុងសង្គម​
ការ​ដែល​មាន​ទំនាក់ទំនង​ល្អ​នៅក្នុង​សង្គម​ល្អ​ខ្លាំង​ណាស់​ចំពោះ​សុខភាព​ខួរក្បាល​។ វេជ្ជបណ្ឌិត Dr. Lisa Feldman Barrett នៃ Massachusetts General Hospital and the Harvard Medical School បានបង្ហាញ​ថា​ទំនាក់ទំនង​សង្គម​ជួយ​ធ្វើឱ្យ​យើង​មាន​ការងាយស្រួល​នៅ​ក្នុង​ការកំណត់ ស្គាល់ និង​យល់​បាន​ល្អ​នូវ​រាល់​វេទនារ​ម្មណ៍​ដែល​អ្នក​ដទៃ​បញ្ចេញ​មក​៕

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។