ម្ចាស់ទីតាំងបើក Wing បង្កប់ល្បែងចាក់ កន្ទុយលេខដ៏ធំ ប្រចាំខេត្តប៉ៃលិន ត្រូវបានប្រធានតុលាការ ដោះលែង ក្រោយព្រះរាជអាជ្ញាចោទប្រកាន់

ប៉ៃលិន ៖ ម្ចាស់ទីតាំងបើក Wing បង្កប់ល្បែងចាក់ កន្ទុយលេខដ៏ធំ ស្ថិតនៅផ្សារប៉ាហ៊ី ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានប្រធានតុលាការខេត្ត លោក លាង សួរ សម្រេចដោះលែង ឲ្យត្រឡប់ទៅវិញ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ក្រោយពេលដែលតំណាងអយ្យការ ធ្វើការចោទប្រកាន់ពីបទ «បើកលេងល្បែងស៊ីសងខុសច្បាប់»។ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តប៉ៃលិន លោក ថុល គឹមហ៊ីង បានថ្លែងប្រាប់ថា ម្ចាស់ទីតាំងបើក Wing ជាប្តីត្រូវបានលោកកោះឲ្យចូលខ្លួន ពាក់ព័ន្ធការលួចបើកល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ) ហើយក្រោយការសួរនាំរួចលោក ក៏សម្រេចធ្វើការ ចោទប្រកាន់ រួចក៏រុញសំណុំរឿងនេះទៅលោកចៅក្រម ដែលជាប្រធាន តុលាការ ប៉ុន្តែនៅរសៀលថ្ងៃនេះ លោកប្រធានតុលាការ បានដោះលែងឲ្យ ជននោះត្រឡប់ទៅវិញហើយ។

សូមបញ្ជាក់ថា   មានភាពចំរូងចំរាសមួយ បានកើតឡើង រវាងលោកព្រះរាជអាជ្ញាខេត្តប៉ៃលិន និងលោកប្រធានតុលាការ ខេត្តប៉ៃលិន ធ្វើឲ្យ មហាជនធ្វើការរិះគន់ យ៉ាងចាស់ដៃ ខណៈដែល លោកព្រះរាជអាជ្ញា បញ្ជាលោក ព្រះរាជអាជ្ញារងម្នាក់ ដឹកនាំកម្លាំងនគរបាលរបស់ស្នងការដ្ឋាន ចុះបង្រ្កាប ល្បែងកន្ទុយលេខ ជាបទល្មើសជាក់ស្ដែង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្រាប់តែលចមុខប្រធានតុលាការ លោក លាង សួរ មករារាំងការចុះបង្រ្កាប របស់លោកព្រះរាជអាជ្ញា ក្នុងភាពតានតឹងអស់ រយះពេលពីរម៉ោង ។

ទីបំផុតលោកព្រះរាជអាជ្ញា បានឲ្យដកកំលាំងចេញពីទីតាំងប្រឈមរហូតដល់ម៉ោង៣រ៤សៀល នគរបាលធ្វើលិខិតកោះ ហៅម្ចាស់មេកន្ទុយលេខជ្រកក្រោមស្លាក Wing វេលុយ «ភាសំបូ» ឲ្យចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋានខេត្តប៉ៃលិនក៏ត្រូវ លោកព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនបញ្ជូន ទៅតុលាការ ខេត្តប៉ៃលិន រហូតដល់ការធ្វើការចោទប្រកាន់តែម្តងទៅ។

រឿងរ៉ាវទាំងនេះ បានកើតឡើង ខណៈដែល កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ មេកន្ទុយលេខ នោះត្រូវបានគេចាក់ឆ្នោតត្រូវ (80)លានរៀល តែមិនត្រូវបានមេកន្ទុយលេខ បានសងទាំងអស់នោះទេ គឺសងបានតែ(10)លាន ដោយបោះពាក្យសំដីថា ឲ្យទៅប្ដឹង អ្នកណាប្ដឹងទៅ។ ក្រោយអ្នកត្រូវឆ្នោតប្តឹង សមត្ថកិច្ច និងព្រះរាជ្ញា មិនដោះស្រាយឲ្យនោះទេ ពីព្រោះជាល្បែងខុសច្បាប់ ប៉ុន្តែត្រូវចុះបង្ក្រាប។

មន្រ្តីនគរបាលខេត្តប៉ៃលិន បានលួចបង្ហើបថា ទីតាំងបើក Wing បង្កប់ល្បែងចាក់កន្ទុយលេខខាងលើនេះ គឺជាកន្លែងធំជាងគេ នៅខេត្តប៉ៃលិន ពោលកូនកញ្ច្រែងទាំងអស់ ត្រូវប្រមូលយកមកឲ្យមេធំមួយនេះ។

យ៉ាងណាក៏ដោយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចសុំការបកស្រាយពីប្រធានតុលាការ ខេត្តប៉ៃលិននៅឡើយទេ នៅរសៀលថ្ងៃដដែលនេះ៕

ម្ចាស់ទីតាំងបើក Wing បង្កប់ល្បែងចាក់ កន្ទុយលេខដ៏ធំ ប្រចាំខេត្តប៉ៃលិន ត្រូវបានប្រធានតុលាការ ដោះលែង ក្រោយព្រះរាជអាជ្ញាចោទប្រកាន់

ម្ចាស់ទីតាំងបើក Wing បង្កប់ល្បែងចាក់ កន្ទុយលេខដ៏ធំ ប្រចាំខេត្តប៉ៃលិន ត្រូវបានប្រធានតុលាការ ដោះលែង ក្រោយព្រះរាជអាជ្ញាចោទប្រកាន់