ទំហំ​ជួញដូរ​ប្រចាំថ្ងៃ​ផ្សារ​មូល​ប​ត្រ​កម្ពុជា នៅមានកម្រិត​ទាប បើ​ធៀប​នឹង​ប្រទេស​ផ្សេងទៀត​

ភ្នំពេញ: លោក ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា បានប្រកាសថា ទំហំ​ជួញដូរ​ប្រចាំ​ថ្ងៃជា​មធ្យម​សម្រាប់​ឆ្នាំ​២០១៥ គឺមាន​ចំនួន ៣.៧៨៨ ហ៊ុន សម្រាប់​ភាគហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ជាមួយនឹង​ថ្លៃ​មធ្យម ៤.៨៩៧ រៀល ក្នុង​មួយ​ហ៊ុន និង​ចំនួន ១.២១៣​ហ៊ុន សម្រាប់​ភាគហ៊ុន​ហ្គ្រេ​ន ធ្វី​ន អ៊ិន​ធើ​ណេ​សិ​នណល (​ខេ​ម​បូ​ឌា​) ជាមួយ​ថ្លៃ​មធ្យម ៥.៣៦០ រៀល​ក្នុង​មួយ​ហ៊ុន​។ តួលេខ​នេះ គឺ​នៅមានកម្រិត​ទាប​នៅឡើយ បើ​ធៀប​នឹង​ទីផ្សារ​មូល​ប​ត្រ​នៃ​ប្រទេស​ផ្សេងទៀត​។​

​លោក ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា បាន​ថ្លែង​បែបនេះ​នៅក្នុង “​កម្មវិធី​ប្រគល់​រង្វាន់​ថ្នាក់ជាតិ សម្រាប់​ការប្រកួត​ជួញដូរ​មូល​ប​ត្រ​អាស៊ាន​ឆ្នាំ ២០១៥”  នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក្បែរ​រតនាគារជាតិ​។

​លោក ហុង សុ​ហួរ បាន​មានប្រសាសន៍ថា ដូចដែល លោក លោកស្រី​បាន​ជ្រាប​ស្រាប់​ហើយ​ថា ផ្សា​រមូល​ប​ត្រ​កម្ពុជា​ជា​ក្រុមហ៊ុន រួម​ទុន​រវាង​រដ្ឋាភិបាល​កម្ពុ​ជា ដែល​តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ផ្សារ​ហ៊ុន​កូរ៉េ​។ រហូតមកដល់​ថ្ងៃនេះ មាន​ក្រុមហ៊ុន​ចំនួន​ពីរ ដែល​បាន​ចុះ​ប​ញ្ចី​លើ​ផ្សារ​ហ៊ុន​កម្ពុជា ដែល​រួមមាន ៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​ក្រុមហ៊ុន​ហ្គ្រេ​ន​ធ្វី​ន អ៊ិន​ធើ​ណេ​សិ​នណល (​ខេ​ម​បូ​ឌា​) ហើយ​នា​ខែធ្នូ​ឆាប់ៗ​នេះ យើង​នឹង​ទទួលបាន​ការចុះ​ប​ញ្ចី​ពី​ក្រុមហ៊ុន​ថ្មី​មួយទៀត ដែលជា​ក្រុមហ៊ុន​សាធារណៈ​ផងដែរ គឺ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។
​លោក​បាន​បន្តថា ក្រុមហ៊ុន​នេះ ទើបតែ​បញ្ចប់​បរិវិសកម្ម​កាល​ពីថ្ងៃ​អង្គារ​កន្លងទៅនេះ ហើយ​ថ្លៃ IPO សម្រាប់​ការធ្វើ​បរិវិសកម្ម​នេះ​គឺ ៥.១២០ រៀល​ក្នុង​មួយ​ភាគហ៊ុន​។ ភាគហ៊ុន​មួយ​នេះ បានផ្ដល់​នូវ​ភាព​ទាក់ទាញ​ដោយ​ការធានា​ភាគលាភ ៥% ក្នុង​មួយឆ្នាំ​ផងដែរ​។ ក្រៅពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ក៏​នៅមាន​ក្រុមហ៊ុន ២ ទៀត​គឺ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSZE) និង​រោងចក្រ​កាត់ដេរ ធី វ៉ា​យ ហ្វេ​សិន (​ខេ​ម​បូ​ឌា​) ក៏​នឹង​គ្រោង​ចូល​ផ្សារ​ហ៊ុន​នា​ដើម​ឆ្នាំក្រោយ​ផងដែរ​។  

​ការទទួលបាន​នូវ​ក្រុមហ៊ុន​ចុះបញ្ជី​ជា​បន្តបន្ទាប់​ជាស​ញ្ញាណ​ដ៏​វិជ្ជមាន​មួយ​របស់   វិស័យ​មូល​ប​ត្រ​។ ខណៈពេលដែល​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា បន្ត​រីកចម្រើន​គួរឱ្យកត់សម្គាល់ វិស័យ​ឯកជន​កាន់តែ​ទទួលបាន​ការយល់ដឹង និង​មានការ​ចាប់អារម្មណ៍​ច្រើន​លើ​វិស័យ​មូល​ប​ត្រ​។ ទទឹម​នឹង​នេះ​ផងដែរ រចនាសម្ព័ន្ធ​ក្រុមហ៊ុន និង​របាយការណ៍​ហិរញ្ញវត្ថុ កាន់តែ​មានការ​កែលម្អ​ជា​លំដាប់ ដែល​ការណ៍​នេះ​បង្ហាញ​ពី​សក្តានុពល​នៃ​ការឡើង​ផ្សារ​ហ៊ុន​របស់​ក្រុមហ៊ុន​កម្ពុជា​។

​បើតាម​លោក​អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក៏បាន​ឲ្យ​ដឹង​បន្ថែមថា បើ​ពិនិត្យ​អំពី​ផ្នែក​តម្រូវការ​វិញ យើង​ឃើញថា ទំហំ​ជួញដូរ​ប្រចាំ​ថ្ងៃជា​មធ្យម​សម្រាប់​ឆ្នាំ ២០១៥ គឺមាន​ចំនួន ៣.៧៨៨ ហ៊ុន​សម្រាប់​ភាគហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ជាមួយនឹង​ថ្លៃ​មធ្យម ៤.៨៩៧ រៀល ក្នុង​មួយ​ហ៊ុន និង​ចំនួន ១.២១៣​ហ៊ុន​សម្រាប់​ភាគហ៊ុន​ហ្គ្រេ​ន ធ្វី​ន អ៊ិន​ធើ​ណេ​សិ​នណល (​ខេ​ម​បូ​ឌា​) ជាមួយ​ថ្លៃ​មធ្យម ៥.៣៦០​រៀល​ក្នុង​មួយ​ហ៊ុន​។ តួលេខ​នេះ គឺ​នៅមានកម្រិត​ទាប​នៅឡើយ បើ​ធៀប​នឹង​ទីផ្សារ​មូល​ប​ត្រ​នៃ​ប្រទេស​ផ្សេងទៀត​។ ដោយឡែក​ចំនួន គណនី​ជួញដូរ​គឺមាន​ប្រហែល ៧.២៣០ គណនី ដែល​ក្នុងចំណោម​នេះ​គណនី​ដែល​សកម្ម គឺមាន​កម្រិត​តិច​នៅឡើយ​។ ដូច្នេះ​ការជំរុញ​នូវ​ការជួញដូរ​តាមរយៈ ការបង្កើន​នូវ​ទំហំ​ជួញដូរ​ប្រចាំថ្ងៃ ក៏ដូចជា​ការបង្កើន​ចំនួន​វិនិយោគិន គឺជា​ភារៈកិច្ច​សំខាន់​ដែល​ត្រូវបំពេញ​។
​តប​ទៅនឹង​គោលដៅ​នេះ ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ឲ្យ​មានចំណេះដឹង​ខាង​ផ្នែក​មូល​ប​ត្រ គឺជា​រឿង​សំខាន់ ដែល​ប្អូនៗ​និស្សិត​ដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត​នេះ គឺ​សុទ្ធតែជា​ធនធាន​ដ៏​រឹងមាំ​សម្រាប់​អភិវឌ្ឍ​នូវ​វិស័យ​មូល​ប​ត្រ​នាពេល​អនាគត​។
​ទន្ទឹមនឹងនេះ​ផងដែរ សូមបញ្ជាក់ថា ដើម្បី​លើកកម្ពស់​ចលនា​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​វិស័យ មូល​ប​ត្រ​នៅ​កម្ពុជា ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា កំពុងតែ​រៀបចំ​នូវ​កម្មវិធី​បណ្តុះ​បណ្តាល​ជាច្រើន​ទៅតាមកាលបរិច្ឆេទ ដែល​បាន​គ្រោងទុក​ក្នុង​គោលបំណង​បណ្តុះបណ្តាល និង​ផ្តល់​ចំណេះដឹង​បន្ថែមទៀត​ទាក់ទង​នឹង​វិស័យ​មូល​ប​ត្រ​ដល់ សាធារណៈជន​វិនិយោគិន​ដែលមាន​ស្រាប់ ក៏ដូចជា វិនិយោគិន​ដែលមាន​សក្តានុពល​ផងដែរ​។
​កម្មវិធី​បណ្តុះបណ្តាល​នេះ នឹងធ្វើ​ឡើងជា​ទៀងទាត់​នៅ​អគារ​ទីស្នាក់ការ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ផ្ទាល់ និង​នៅតាម​សកល​វិទ្យាល័យ​មួយចំនួន​ផងដែរ​។​ផ្សាភ្ជាប់​នឹង​ការបណ្ដុះបណ្ដាល និង​ការផ្សព្វផ្សាយ​នេះដែរ យើង​តែងមាន​ការជូនដំណឹង​ជាមុន​តាមរយៈ គេហទំព័រ​របស់ ផ​.​ម​.​ក​. ក៏ដូចជា​នៅលើ ទំព័រ Facebook ផ្លូវការ​របស់ ផ​.​ម​.​ក​.​ផងដែរ​៕

ទំហំ​ជួញដូរ​ប្រចាំថ្ងៃ​ផ្សារ​មូល​ប​ត្រ​កម្ពុជា នៅមានកម្រិត​ទាប បើ​ធៀប​នឹង​ប្រទេស​ផ្សេងទៀត​